website_news:2023250903

ក្រសួងការងារចុះផ្សព្វផ្សាយច្បាប់ប្រឆាំងនឹងពលកម្មកុមារនៅខេត្តកំពង់ចាម

https://btv.com.kh/article/31004 2023/09/23 06:27:27 pm

កំពង់ចាម ÷ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម បានចុះផ្សព្វផ្សាយគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីទប់ស្កាត់ពលកម្មកុមារ ទៅដល់ពលរដ្ឋក្នុងខេត្តកំពង់ចាម ជាពិសេសម្ចាស់សិប្បកម្មឡឥដ្ឋ ម្ចាស់ចំការកៅស៊ូ អាណាព្យាបាល និងកុមារ រួមទាំងអាជ្ញាធរមូលដ្ឋាន។

កម្មវិធីផ្សព្វផ្សាយនេះ ធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា ឡុងស្រេងបឹងកេត ភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុប ១៦៩រូប នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងពិធីផ្សព្វផ្សាយស្តីពីការទប់ស្កាត់នេះ ក្រសួងការងាបានពន្យល់ម្ចាស់សិប្បកម្ម និងអាណាព្យាបាល មិនអនុញ្ញាតឱ្យកុមារធ្វើការក្នុងខ្សែច្រវ៉ាក់ផលិតកម្មដែលច្បាប់បានហាមឃាត់ ខណៈដែលកុមារជាវ័យសិក្សារៀនសូត្រដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់អភិវឌ្ឍសង្គមជាតិ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តនូវផែនការសកម្មភាពជាតិ ស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ តាមរយៈគោលនយោបាយ ២០១៦-២០២៥ និងគោលនយោបាយជាតិនានាដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ពលកម្មកុមារ និងការងារដោយបង្ខំ៕

website_news/2023250903.txt · Last modified: 2023/09/25 09:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki