website_news:2023251203

សមត្ថកិច្ចថៃចាប់ខ្លួនអ្នកសុំទាន និងពិនិត្យ DNA កូនដើម្បីចៀសវាងរឿងនេះ

https://kbn.news/archives/308926 December 22, 2023

ប្រទេសថៃ ៖ សមត្ថកិច្ចថៃបានចាប់ខ្លួនស្ត្រីខ្មែរ និងឡាវ ដែលពួកគេពរកូនមកអង្គុយសុំទាននៅប្រទេសថៃ បន្ទាប់មក សមត្ថកិច្ចបានបញ្ជូនកូនៗពួកគេទៅត្រួតពិនិត្យ DNA ដើម្បីបញ្ជាក់ថា តើក្មេងៗពិតជាកូនតាមការអះអាងរបស់ស្ត្រីទាំងនេះ ឬជាករណីជួញដូរមនុស្សឱ្យមកអង្គុយសុំទាន និងទទួលបានក្តីអាណិតអាសូរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។

កម្លាំងសមត្ថកិច្ចបានសហការជាមួយភ្នាក់ងារសង្គ្រោះជនគ្មានទីពឹង នៅទីក្រុងបាងកក ចុះទៅត្រួតពិនិត្យនៅតាមតំបន់គោលដៅមួយចំនួន ដូចជា ៖ ក្រោមស្ពានអាកាស, ម្តុំសណ្ឋាគារ និងតំបន់ពាណិជ្ជកម្មនានា ។ ក្នុងអំឡុងពេលចុះត្រួតពិនិត្យនេះ សមត្ថកិច្ចបានរកឃើញស្ត្រីជនជាតិឡាវម្នាក់ និងស្ត្រីខ្មែរចំនួន២នាក់ទៀតកំពុងតែពរក្មេងតូចអង្គុយសុំទាននៅតាមទីសាធារណៈ ។ បើតាមការសាកសួរឱ្យដឹងថា ក្រុមស្ត្រីសុំទានទាំងនេះបានចូលមករស់នៅប្រទេសថៃដោយខុសច្បាប់ ហើយពួកគេព្យាយាមរត់គេចពីសមត្ថកិច្ច ។ សមត្ថកិច្ចលើកឡើងថា យើងបានចាប់ខ្លួនស្ត្រីទាំង៣នាក់នេះ រួមទាំងក្មេងៗផងដែរ ដើម្បីបញ្ជូនពួកគេទៅត្រួតពិនិត្យ DNA ថា តើពួកគេជាកូន និងម្តាយពិតប្រាកដដែរឬទេ? ប្រសិនបើពួកគេមិនមែនជាម្តាយ និងកូនទេ ចាត់ទុកថា នេះជាករណីជួញដូរមនុស្ស ។

សមត្ថកិច្ចថៃបានចោទប្រកាន់ពួកគេពីបទប្រព្រឹត្តទង្វើឱ្យអ្នកដទៃអាណិតអាសួរ និងផ្តល់ប្រាក់ ឬទ្រព្យសម្បត្តិផ្សេងៗឱ្យ ។ លើសពីនេះ ពួកគេគឺជាជនបរទេសដែលបានលួចចូលមករស់នៅប្រទេសថៃខុសច្បាប់ ៕ ប្រភព ៖ PPTV HD 36

website_news/2023251203.txt · Last modified: 2023/12/25 10:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki