website_news:2023251204

បារាំងស្ទាក់ចាប់យន្តហោះដែលគេសង្ស័យថាដឹកជនរងគ្រោះពីការជួញដូរមនុស្ស

https://kbn.news/archives/309033 December 23, 2023

បរទេស៖ ប៉ូលីសបារាំងបានបញ្ឈប់យន្តហោះ Airbus A340 ដែលដឹកអ្នកដំណើរឥណ្ឌាជាង ៣០០ នាក់ បន្ទាប់ពីទទួលបានរបាយការណ៍ថា ជើងហោះហើរនេះ “មានជនរងគ្រោះនៃការជួញដូរមនុស្ស” ។

យោងតាមប្រភពព័ត៌មាន WIONEWS ដែលបានរាយការណ៍នៅថ្ងៃទី២២ ខែធ្នូថា យន្តហោះ Airbus A340 បានចុះចតនៅអាកាសយានដ្ឋាន Vatry ភាគខាងកើតប្រទេសបារាំងដើម្បីត្រួតពិនិត្យបច្ចេកទេស។ បន្ទាប់មកអាជ្ញាធរបារាំងក៏បានបញ្ឈប់យន្តហោះ A340 ហើយបានចាប់ខ្លួនមនុស្សពីរនាក់ បន្ទាប់ពីទទួលបានព័ត៌មានអនាមិកថា មានអ្នកដំណើរនៅលើយន្តហោះនោះគឺជា “ជនរងគ្រោះនៃការជួញដូរមនុស្ស”។

ព្រះរាជអាជ្ញាបាននិយាយថា អង្គភាពប្រឆាំងឧក្រិដ្ឋកម្មដែលរៀបចំដោយ JUNALCO របស់ប្រទេសបារាំងកំពុងស៊ើបអង្កេតការចោទប្រកាន់នេះ។ ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសបានប្រកាសថា “យើងកំពុងពិនិត្យមើលអត្តសញ្ញាណរបស់ 303 និងនាវិក” ដោយនិយាយថាពួកគេក៏បានពិចារណាអំពីស្ថានភាពនៃអ្នកដំណើរ និងគោលបំណងនៃការធ្វើដំណើរផងដែរ។

យន្តហោះ Airbus A340 ដែលត្រូវបានរារាំងនោះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Legend ដោយចេញដំណើរពីសហព័ន្ធអារ៉ាប់រួម (UAE) ទៅកាន់ប្រទេស នីការ៉ាហ្គានៅអាមេរិកកណ្តាល។ ប្រភពមួយបាននិយាយថា អ្នកដំណើរខ្លះនៅលើជើងហោះហើរគ្រោងទៅអាមេរិកកណ្តាល ហើយបន្ទាប់មករកផ្លូវឆ្លងព្រំដែនចូលទៅ អាមេរិក ឬកាណាដា។

ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍ Legend Airlines បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍នេះមិនបានធ្វើអ្វីខុស និងគ្មានបទឧក្រិដ្ឋនោះទេ។ Legend Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍តូចមួយរបស់រ៉ូម៉ានីដែលមានយន្តហោះចំនួន ៤ ប៉ុណ្ណោះ។ហេតុនេះហើយ ឆ្មាំព្រំដែនបារាំងមានសិទ្ធិបញ្ឈប់ និងឃុំខ្លួនជនបរទេសដែលសង្ស័យថាបានប្រព្រឹត្តបទឧក្រិដ្ឋរហូតដល់ ៤ ថ្ងៃនៅពេលពួកគេមកដល់ប្រទេស។ ប្រសិនបើចៅក្រមយល់ព្រមនោះ រយៈពេលនៃការឃុំខ្លួនអាចបន្តរហូតដល់អតិបរមា ២៦ ថ្ងៃ។ ដូច្នេះការជួញដូរមនុស្សនៅប្រទេសបារាំងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា ២០ ឆ្នាំ៕

website_news/2023251204.txt · Last modified: 2023/12/25 10:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki