website_news:2023260103

ជនជាតិបង់ក្លាដែសធ្លាក់ខ្លួនជា “ជនរងគ្រោះរបស់ប្រតិបត្តិការអ៊ីនធឺណិតខុសច្បាប់” នៅកម្ពុជា

https://www.khmertimeskh.com/501225055// Khmer Times January 24, 2023

កាសែត The Daily Star ដែលជាកាសែតឈានមុខគេរបស់ប្រទេសបង់ក្លាដែសបានគូសបញ្ជាក់ថា វិស័យឌីជីថលត្រូវបានក្រុមខិលខូចមួយចំនួនប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ដាក់អន្ទាក់ល្បួង និងបោកប្រាស់ ដែលតម្រូវឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នបំផុត។ សំណូរសួថាតើយើងដឹងអ្វីខ្លះពីអ្នកដែលនៅពីក្រោយការឆបោកនេះ? ខណៈដែលអ្នកក្លែងបន្លំតាមប្រព័ន្ធអ៊ីនធឺណិតអាចរក្សាការសម្ងាត់របស់ខ្លួន របាយការណ៍ស៊ើបអង្កេតមួយរបស់ The Daily Star បានបង្ហាញពីរបៀបដែលជនជាតិបង់ក្លាដែសរងគ្រោះពីការជួញដូរនៅកម្ពុជា ដែលប្រតិបត្តិការបោកប្រាស់បានរីករាលដាលក្នុងអំឡុងពេលជំងឺរាតត្បាត ដែលជនរងគ្រោះត្រូវបានបង្ខំឱ្យធ្វើការអោយក្រុមឆបោកតាមអ៊ីនធឺណិត។ របាយការណ៍នេះបានបង្ហាញពីជនរងគ្រោះជាច្រើននាក់ដែលបានចែករំលែកបទពិសោធរបស់ពួកគេ ខណៈដែលមនុស្សរាប់រយនាក់ទៀតត្រូវគេជឿថាកំពុងត្រូវបានបង្ខាំងដោយក្រុមជនពាលនៅឡើយ។

ជនរងគ្រោះទាំងនេះមកពីប្រទេសអាស៊ីមួយចំនួន រួមទាំងប្រទេសបង់ក្លាដែស ដែលគេហៅថា “ទាសភាពតាមអ៊ីនធឺណិត” ។ ម្នាក់ក្នុងចំនោមពួកគេគឺ Foysal Hossain អាយុ២៥ ឆ្នាំបានមកកម្ពុជានៅដើមឆ្នាំ២០២១ ដោយសង្ឃឹមបានការងារជាអ្នកទទួលភ្ញៀវ ផ្ទុយទៅវិញ យុវជនរូបនេះត្រូវបានលក់ទៅឱ្យក្រុមជនបោកប្រាស់តាមអ៊ីនធឺណិត។ គាត់ត្រូវបានគេឃុំឃាំងនៅក្នុងអគារមួយដែលមានឈ្មោះថា The Crown College ដែលបានបំពាក់ឧបករណ៍ឌីជីថលដើម្បីបោកប្រាស់យកលុយពីពលរដ្ឋអាមេរិក។ ដំបូងឡើយគាត់បានបដិសេធ ប៉ុន្តែដោយខ្លាចការវាយដំ ឆក់ដោយចរន្តអគ្គិសនី និងឃុំនៅក្នុងបង្គន់ គាត់ក៏យល់ព្រមធ្វើតាមបញ្ជាររបស់ក្រុមជនពាលទាំងនោះ។

ជាក់ស្តែង មានទីតាំងជាច្រើនដូចជា The Crown College ដែលត្រូវបានប្រដូចទៅនឹង “ឋាននរក” នៅក្នុងរបាយការណ៍ឆ្នាំ២០២២ ដោយ Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ មនុស្សរាប់ពាន់នាក់ត្រូវបានបង្ខាំងនៅក្នុងបរិវេណដែលមានការយាមកាមយ៉ាងតឹងរ៉ឹង បន្ទាប់ពីត្រូវបានល្បួងដោយសន្យាផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ ហើយបន្ទាប់មកត្រូវបានជួញដូរជាបន្តបន្ទាប់។ ការជំរិតទារប្រាក់ និងអំពើហឹង្សា គឺជាវិធីសាស្រ្តនៃការរំលោភបំពានដែលប្រើដោយក្រុមជនពាលចំពោះជនរងគ្រោះណាដែលមិនព្រមធ្វើតាមបញ្ជា។ ចំពោះអ្នកដែលមិនអាចបំពេញការងារតាមគោលការណ៍បានត្រូវបានលក់បន្តជាច្រើនដង ឬស្លាប់ដោយការធ្វើទារុណកម្ម។

កាសែត The Daily Star បាននិយាយថា ខ្លួនបាននិយាយជាមួយជនរងគ្រោះមួយចំនួន ដែលបានចែករំលែកព័ត៌មានដ៏គួរឱ្យរន្ធត់នៃទុក្ខលំបាករបស់ពួកគេ នៅពេលដែលពួកគេបានធ្វើការអោយក្រុមជនពាលក្លែងបន្លំតាមអ៊ីនធឺណិត។ បោកបញ្ឆោត លក់ ធ្វើទារុណកម្ម និងបង្ខំឱ្យបោកប្រាស់ ពួកគេសុទ្ធតែមានរឿងស្រដៀងគ្នា ហើយពួកគេសំណាងដែលបានរួចខ្លួន។ អ្វីដែលពួកគេឈឺចាប់លើសពីនេះគឺ មិនមានការសហការពីស្ថានទូតបង់ក្លាដែសក្នុងប្រទេសថៃដែលជាប្រទេសជិតខាង (បង់ក្លាដែសគ្មានស្ថានទូតនៅកម្ពុជាទេ)។ ជនរងគ្រោះមួយចំនួនបានចោទប្រកាន់ថា ពួកគេត្រូវបង់ប្រាក់សំណូកសម្រាប់ឯកសារ/លិខិតអនុញ្ញាត នឹងមិនត្រូវបានយកចិត្តទុកដាក់នៅពេលពួកគេទៅជួបមន្ត្រីស្ថានទូតដើម្បីសុំជំនួយ។ នៅពេលទាក់ទង តំណាងការិយាល័យធនធានមនុស្ស ការងារ និងបណ្តុះបណ្តាល (BMET) និងក្រសួងការបរទេសបង់ក្លាដេសបានអះអាងថា ពួកគេមិនបានដឹងអំពីទាសភាពរបស់ជនជាតិបង់ក្លាដែសនៅកម្ពុជា ដែលនេះពិបាកនឹងជឿ។

ច្បាស់ណាស់ អាជ្ញាធរនៅតែបដិសេធ ដែលនេះប៉ះពាល់ខ្លាំងដល់អ្នកដែលនៅជាប់ក្រោមការគ្រប់គ្រងរបស់ក្រុមជនពាល។ សារៈសំខាន់នៃការអន្តរាគមន៍នៅក្នុងបញ្ហានេះគឺមានសារៈសំខាន់ខ្លាំង។ កាសែត The Daily Star ជំរុញឲ្យអាជ្ញាធរថ្នាក់លើបង្កើនសកម្មភាពប្រឆាំងការជួញដូរមនុស្ស។ ពួកគេត្រូវលើកកម្ពស់ការយល់ដឹងក្នុងចំណោមជនចំណាកស្រុក ដោយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងភ្នាក់ងារជ្រើសរើសបុគ្គលិក/ឈ្មួញកណ្តាលបោកប្រាស ជាពិសេសអ្នកដែលប្រតិបត្តិការតាមអ៊ីនធឺណិត និងធានាការសង្គ្រោះជនរងគ្រោះឱ្យបានឆាប់រហ័ស ជាមួយនឹងកិច្ចសហប្រតិបត្តិការពីអាជ្ញាធរនៅក្នុងប្រទេសគោលដៅ រួមទាំងប្រទេសកម្ពុជាផងដែរ។ ប្រទេសបង់ក្លាដែសត្រូវតែបង្កើនការអន្តរាគមន៍របស់ខ្លួនដើម្បីដោះស្រាយការកើនឡើងនៃការជួញដូរ និងទាសភាពតាមអ៊ីនធឺណិត។

មន្ត្រីកម្ពុជាសុំមិនបញ្ចេញឈ្មោះម្នាក់ដែលទទួលបន្ទុកជួយសង្គ្រោះជនបរទេស ដែលត្រូវបានបង្ខាំងដោយក្រុមជនពាលបានប្រាប់ខ្មែរថាមស៍ថា ប្រទេសបង់ក្លាដែសក៏ដូចប្រទេសដទៃទៀតដែលជនរងគ្រោះជាជនបរទេសត្រូវបានចោទប្រកាន់ថាត្រូវបានបង្ខាំងដោយក្រុមឆរបោកតាមអ៊ីនធឺណិតទាំងនេះដែរ ត្រូវចាត់វិធានការរួម និងស៊ីសង្វាក់គ្នា ដោយសហការជាមួយអាជ្ញាធរកម្ពុជា ដើម្បីទប់ស្កាត់ការរើសពលករនៅប្រទេសបង់ក្លាដែសសម្រាប់អាជីវកម្មខុសច្បាប់នេះ ដែលអាចមានទីតាំងនៅកម្ពុជា ក៏ដូចជានៅតាមបណ្តាប្រទេសអាស៊ានមួយចំនួនទៀត។

ព័ត៌មានត្រូវតែចែករំលែក ខណៈដែលកំណត់ត្រាបង្ហាញថាការចែករំលែកព័ត៌មាន និងការសហការគ្នាបាននាំទៅដល់ការជួយសង្គ្រោះជនបរទេសរាប់ពាន់នាក់ដែលជាប់នៅក្នុងក្ដាប់ក្រុមទាំងនេះ។ ជុំវិញបញ្ហានេះ មន្ត្រីនគរបាលមកពីប្រទេសមួយចំនួនបានជួបមន្ត្រីនគរបាលកម្ពុជារួចហើយ ទាក់ទងនឹងសកម្មភាពឆបោក និងស្ថានភាពពលករដែលត្រូវបានជ្រើសរើសដោយសន្យាផ្តល់ប្រាក់ខែខ្ពស់។ មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា “ប្រសិនបើគ្មានការសហការ និងការផ្លាស់ប្តូរព័ត៌មានទាំងនេះទេ វាពិតជាលំបាកណាស់ក្នុងការតាមដានជនបរទេសដែលត្រូវបានចោទប្រកាន់ថាត្រូវបានបង្ខាំងដោយក្រុមជនពាល”។ The Daily Star/Khmer Times

website_news/2023260103.txt · Last modified: 2023/01/26 09:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki