website_news:2023260105

ក្រសួងរកឃើញថា ជនបរទេសធ្វើការនៅកាស៊ីណូបាវិត ៩០ ភាគរយគឺខុសច្បាប់

https://www.khmertimeskh.com/501225520// Khmer Times January 25, 2023

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាក់កាលពីថ្ងៃសុក្រសប្តាហ៍មុនថា កាស៊ីណូស្របច្បាប់មួយចំនួននៅក្រុងបាវិត ខេត្តស្វាយរៀង កំពុងជួលជនបរទេសឲ្យធ្វើការភាគច្រើនដោយខុសច្បាប់។ ក្រសួងរកឃើញថា ជនបរទេសដែលធ្វើការ នៅកាស៊ីណូនេះជាង ៣.៨០០នាក់ ក្នុងនោះមានតែ ៤៧០នាក់ប៉ុណ្ណោះ ដែលមានប័ណ្ណការងារ និងសៀវភៅការងារត្រឹមត្រូវស្របច្បាប់។ ក្រសួងមហាផ្ទៃនឹងសហការជាមួយក្រសួងការងារក្នុងការធ្វើអធិការកិច្ចកំលាំងពលកម្មជនបរទេសនៅខេត្តស្វាយរៀង ដើម្បីបញ្ជាក់ថាតើពួកគេធ្វើការស្របច្បាប់ និងមានប័ណ្ណការងារឬយ៉ាងណា។ លោកបន្ថែមថា ផ្អែកលើសភាពការណ៍នេះ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលសមាសភាពគណៈកម្មការអន្តរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស ដោយប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីក្រសួងការងារ ធ្វើជាប្រធានគណៈកម្មការ សំដៅពង្រីកវិសាលភាពការងារនេះនៅទូទាំងប្រទេស ដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញការងាររួមគ្នារបស់ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធក្នុងការគ្រប់គ្រងហត្ថពលកម្មបរទេសឱ្យត្រឹមត្រូវតាមច្បាប់។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំបានណែនាំគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវដឹកនាំ ណែនាំ សហការ សម្របសម្រួល ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធការគ្រប់គ្រង និងចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសដល់កម្មករនិយោជិកបរទេស និងនិយោជកនៃរោងចក្រសហគ្រាស និងមូលដ្ឋានអាជិវកម្មនានាក្នុងមូលដ្ឋានរាជធានី-ខេត្តរបស់ខ្លួន ហើយតាមដាន ត្រួតពិន្យ ដំណើរការអធិការកិច្ចហត្ថពលកម្មបរទេសឱ្យបានម៉ត់ចត់»។ លោកបន្តថាអាជ្ញាធរត្រូវធានារក្សាឱ្យបានសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងមិនត្រូវធ្វើឱ្យប៉ះពាល់ ឬរំខានដល់ដំណើរការផលិតកម្ម អាជីវកម្មស្របច្បាប់របស់រោងចក្រសហគ្រាស និងមូលដ្ឋានអាជីវកម្មនានានោះឡើយ។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់មានប្រសាសន៍ថា ជនបរទេសដែលបានធ្វើបណ្ណការងារ និងសៀវភៅការងារ មានការកើនឡើងពី ៤០០នាក់ នៅឆ្នាំ២០១៣ ដល់ ២០៧.៨៨៦នាក់ នៅឆ្នាំ២០១៩ ខណៈក្រោយវិបត្តិកូវីដ-១៩ មានប្រមាណ ១៨១.៦៥៣នាក់ គិតត្រឹមឆ្នាំ២០២២ ។ លោកបន្តថា ក្រសួងរកចំណូលចូលថវិកាជាតិតាមរយៈការផ្ដល់បណ្ណការងារ និងសៀវភៅការងារប្រមាណ ២២,៨លានដុល្លារ ក្នុងនោះតាមរយៈការផ្ដល់ទិដ្ឋាការងារបានប្រមាណ ៦លានដុល្លារ និងតាមរយៈការផាកពិន័យបានប្រមាណ ៧៦ម៉ឺនដុល្លារអាមេរិក។ លោកថា៖ « យើងមានបញ្ហាប្រឈមមួយចំនួន ដូចជា កាស៊ីណូ ក្លឹបកំសាន្ត និងជនបរទេសមួយចំនួនបានលួចលាក់មិនប្រកាសពីចំនួនបុគ្គលិកបរទេស បន្តលាក់បាំងហត្ថពលកម្មបរទេស ការលួចឆ្លងដែនរបស់ជនបរទេសខុសច្បាប់តាមមេខ្យល់ សកម្មភាពល្បែងអនឡាញ ការប្រកាសផ្សព្វផ្សាយការងារបោកប្រាស់ និងចំណុចខ្សោយនៃកិច្ចសហការរវាងអាជ្ញាធរ និងស្ថាប័ន»។ លោកបន្ថែមថា រដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងជំរុញ និងត្រួតពិនិត្យការងារហត្ថពលកម្មបរទេស ដើម្បីដឹកនាំពង្រឹងការងារនេះឱ្យមានប្រសិទ្ធភាពស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ជំរុញអធិការកិច្ចតាមសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកំសាន្ត ដើម្បីគាំទ្រការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទជាដើម។

លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង មានប្រសាសន៍ថា មានជនបរទេសមួយចំនួនទៀតមិនទាន់បានបំពេញសៀវភៅការងារ ឬប័ណ្ណការងារនៅឡើយទេ ។ ជាសរុប មានជនបរទេសប្រហែល ១.៧៧៧ នាក់បានដាក់ពាក្យស្នើសុំប័ណ្ណការងារនៅក្នុងខេត្ត៕ ប្រែសម្រួលដោយ៖ សុ ជាតា

website_news/2023260105.txt · Last modified: 2023/01/26 09:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki