website_news:2023260107

ច្បាប់ JSOC សម្រាប់ទប់ស្កាត់ការប្រព្រឹត្តឧក្រិដ្ឋកម្មផ្លូវភេទ ឬអំពើហិង្សាឡើងវិញរបស់ប្រទេសថៃចូលជាធរមាន

https://www.information.gov.kh/articles/96201 ចេញផ្សាយ ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៣

សេចក្តីព្រាងច្បាប់ JSOC របស់ប្រទេសថៃដែលមានគោលបំណងទប់ស្កាត់ចំពោះបទល្មើសព្រហ្មទណ្ឌដែលត្រូវបានប្រព្រឹត្តឡើងដដែលៗទាក់ទងនឹងឧក្រិដ្ឋកម្មផ្លូវភេទ ឬអំពើហឹង្សា បានចូលជាធរមានហើយ។ បច្ចុប្បន្ន មានអ្នកទោសចំនួន ១៧ ៨០៧នាក់ ដែលស្ថិតក្រោមការកំណត់នៃច្បាប់ថ្មីនេះ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក ស៊ុមស័ក្តិ ទេពស៊ូធីន បានធ្វើសន្និសីទសារព័ត៌មានមួយ ដោយប្រកាសពីការអនុវត្តច្បាប់ JSOC នេះ។ លោកបាននិយាយថា ច្បាប់ថ្មីនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពង្រឹងសុវត្ថិភាពក្នុងសង្គម។ តាមរយៈការប្រើប្រាស់ការឃ្លាំមើល និងការត្រួតពិនិត្យទៅលើជនដែលបានប្រព្រឹត្តបទល្មើសផ្លូវភេទ ឬហឹង្សាពីមុនមក ច្បាប់នេះនឹងក្លាយទៅជាឧបករណ៍មួយសម្រាប់ទប់ស្កាត់ឧក្រិដ្ឋកម្ម។ លោក ស៊ុមស័ក្តិ បាននិយាយបន្ថែមថា សង្គមនឹងមានអារម្មណ៍គំរាមកំហែងពីជនមានគ្រោះថ្នាក់តិចជាងមុន។ មានវិធានការធំៗចំនួនពីរដែលត្រូវបានប្រើដោយច្បាប់នេះ ដែលរួមមាននូវការចាត់ចែងផ្នែកវេជ្ជសាស្រ្តដើម្បីព្យាបាលជនល្មើសឧក្រិដ្ឋកម្មខណៈដែលពួកគេស្ថិតនៅក្នុងពន្ធនាគារ និងការឃ្លាំមើលបុគ្គលទាំងនោះបន្ទាប់ពីពួកគេបានបញ្ចប់ការកាត់ទោសរបស់ពួកគេ។

ច្បាប់ JSOC គឺជាអក្សរកាត់សម្រាប់ពាក្យពេញ គឺមជ្ឈមណ្ឌលសង្កេតការណ៍សុវត្ថិភាពយុត្តិធម៌ ដែលត្រូវបានបង្កើតឡើងដោយក្រសួងយុត្តិធម៌ដើម្បីតាមដានអ្នកទោសមួយចំនួនបន្ទាប់ពីការដោះលែងរបស់ពួកគេ។ រដ្ឋ មន្ត្រីក្រសួងយុត្តិធម៌បានពន្យល់ថា អ្នកដែលស្ថិតនៅក្រោមការឃ្លាំមើលនៃច្បាប់នេះនឹងមានខ្សែដៃ EM ភ្ជាប់ជាមួយពួកគេសម្រាប់រយៈពេលអតិបរមា ១០ឆ្នាំ។ បុគ្គលទាំងនោះអាចត្រូវបានឃាត់ខ្លួនភ្លាមៗដោយមន្ត្រីនគរបាល ឬមន្ត្រីមួយចំនួនទៀត ប្រសិនបើពួកគេបង្ហាញអាកប្បកិរិយាមិនប្រក្រតីណាមួយ។ ការឃុំឃាំងអាចមានរយៈពេលមិនលើសពី ៤៨ម៉ោង។ តុលាការអាចត្រូវបានស្នើសុំឱ្យអនុម័តរយៈពេលឃុំខ្លួនជាបន្ទាន់ដែលមានរយៈពេលមិនលើសពី ៧ថ្ងៃបន្ថែមទៀត។ ការជាប់ពន្ធនាគារបន្ថែមរយៈពេល ៣ឆ្នាំអាចត្រូវបានពិចារណាសម្រាប់ជនល្មើសមួយចំនួនជំនួសឱ្យការដាក់ពួកគេឱ្យស្ថិតនៅក្រោមការឃ្លាំមើល៕

website_news/2023260107.txt · Last modified: 2023/01/26 09:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki