website_news:2023260108

ករណីជួញដូរមនុស្ស ៤៤៥ ករណីត្រូវបានស្រាវជ្រាងរកឃើញ

https://www.khmertimeskh.com/501225621// Khmer Times January 25, 2023

ចាប់តាំងពីកម្ពុជាចាប់ផ្តើមយុទ្ធនាការប្រឆាំងនឹងការជួញដូរមនុស្ស ពលកម្មដោយបង្ខំ និងអាជីវកម្មផ្លូវភេទ រហូតដល់ខែមករា ឆ្នាំ២០២៣ អាជ្ញាធរមានសមត្ថកិច្ចទទួលបានបណ្តឹងចំនួន ៧០៧ និងបានស្រាវជ្រាវរកឃើញចំនួន ៤៤៥ ករណី។

បច្ចុប្បន្នភាពនេះត្រូវបានចែករំលែកដោយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅពេលលោកអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅកម្ពុជា នៅទីក្រុងភ្នំពេញនាពេលថ្មីៗនេះ។ បើយោងតាមលោកឧបនាយករដ្ឋមន្រ្តី ស ខេង សំណុំរឿងទាំង ៤៤៥ ករណីនេះមានជនបរទេសចំនួន ១.០៤៥ នាក់ ក្នុងនោះ ជនសង្ស័យ ១២០ នាក់ មាន៤សញ្ជាតិ ត្រូវបានចាប់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ លោកបានបន្តថា ក្នុងចំណោមបណ្តឹងចំនួន៧០៧ករណី មាន ២២៩ករណីត្រូវបានបិទ ដោយមូលហេតុរកមិនឃើញទីតាំង និងផ្តល់ព័ត៌មានមិនច្បាស់លាស់។ លោកបានពន្យល់ថា ខណៈដែល អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា កំពុងជាប់ដៃក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងដោះស្រាយវិបត្តិបណ្តាលមកពីជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២២ ពួកឧក្រិដ្ឋជននៅក្រៅប្រទេសមួយចំនួន បានឆ្លៀតឱកាសប្រព្រឹត្តបទល្មើសបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ ដើម្បីទាក់ទាញជនបរទេសឱ្យប្រព្រឹត្តបទល្មើស ល្បែងភ្នាល់អនឡាញខុសច្បាប់ និងទាក់ទាញបោកបញ្ឆោតពលករបរទេសឱ្យចូលមកធ្វើការខុសច្បាប់នៅកម្ពុជា។ លោកបានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់លោកចំពោះការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើពលករបរទេសនិងលើកទឹកចិត្តឱ្យអាជ្ញាធរនិងអ្នកពាក់ព័ន្ធធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហា៕ AKP-Lim Nary

website_news/2023260108.txt · Last modified: 2023/01/26 09:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki