website_news:2023260401

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខិតខំដោះស្រាយបញ្ហារបស់ពលករ នៅក្រៅប្រទេសឱ្យបានល្អប្រសើរ

https://www.information.gov.kh/articles/102436 ចេញផ្សាយ ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៣

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ជំរុញឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខិតខំដោះស្រាយបញ្ហារបស់ពលករនៅក្រៅប្រទេសឱ្យបានល្អប្រសើរ ជាពិសេសការពារសិទ្ធិកម្មករ ពីការរំលោភបំពានផ្សេងៗ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ១ឧសភា ជាមួយសមាគម សហជីព កម្មករ និយោជិត តំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣៥០០ នាក់ នាព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៣ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយ ដែលបានជួបសំណេះសំណាល ជាមួយ សហជីពកម្មករ តំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាការអបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ឧសភា ដែលកម្ពុជាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្ត និងគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្មករ កម្មការិនី ក្នុងវិស័យការងារ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាក្នុងរយៈពេលកន្លងមកនេះ។ សម្តេចតេជោក៏បានថ្លែងដោយក្តីមោទកភាព ចំពោះកត្តាសុខសន្តិភាពរបស់កម្ពុជា ដែលកត្តាសុខសន្តិភាពនេះ វាបានផ្តល់នូវផ្លែផ្កាជាច្រើនសម្រាប់ភាពរីកចម្រើនរបស់ប្រទេសជាតិយើង។ សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលធ្វើឱ្យយើងបានបើកដំណើរការប្រទេសជាតិឡើងវិញ និងបានដំណើរការសកម្មភាពប្រទេសជាតិជាប្រក្រតីឡើងវិញតាមគន្លងថ្មី។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ការស្វែងរកប្រភពវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋយើង គឺជាភាពជោគជ័យដ៏ធំធេង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយនឹងការចូលរួមសហការទប់ស្កាត់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ទើបយើងទទួលបាននូវភាពជោគជ័យក្នុងការងារនេះ។ សម្ដេចតេជោ ក៏បានមានប្រសាសន៍ ពីភាពជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះកន្លងទៅថ្មីៗនេះ ដែលនោះជាមោទកភាពមួយសម្រាប់កម្ពុជា ដែលកិច្ចប្រជុំនោះមានការចូលរួមពីមេដឹកនាំបណ្ដាប្រទេសមហាអំណាចធំៗច្រើន មកចូលរួមប្រជុំនៅទីក្រុងភ្នំពេញ ដែលបានប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាអ្វីរាំងស្ទះឡើយ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស។

ជាមួយគ្នានោះ ក៏ត្រូវខិតខំថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា។ គ្រប់ស្ថាប័នទាំងអស់ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ និងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ ព្រមទាំងត្រូវខិតខំរកចំណូលសម្រាប់ជាតិឱ្យបានច្រើន។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យមានការចូលរួម ការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម បន្តការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួនជានិច្ច ដូចជាទប់ស្កាត់ការការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងរួមគ្នាទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញបន្តយកចិត្តទុកដាក់ដោះស្រាយជីវភាពប្រជាពលរដ្ឋដែលខ្សត់ខ្សោយ ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះផ្សេងៗ ដូចជាពលរដ្ឋដែលរងគ្រោះ ក្នុងវិបត្តិកូវីដ១៩ជាដើម។ ត្រូវចូលរួមក្នុងការដោះស្រាយការងារជូនប្រជាពលរដ្ឋ ទាំងការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺត្រូវបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំ ជាពិសេសគោលនយោបាយគាំពារសង្គម ដូចជាការអនុវត្តគាំពារស្ត្រីមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសជាតិ គឺសម្តេចមិនបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ហើយដោយយើងមិនបានដឹងនោះទេ គឺយើងត្រូវតែយកចិត្តទុកដាក់មើលឱ្យបានគ្រប់ជ្រុងជ្រោយចំពោះប្រជាពលរដ្ឋដែលជួបទុក្ខលំបាក។ សម្តេចតេជោ បានមានប្រសាសន៍បន្ថែមថា គិតត្រឹមថ្ងៃទី២៣ ខែមេសា នេះ គឺសល់តែ១២ថ្ងៃទៀតតែប៉ុណ្ណោះ យើងនឹងដល់ព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារីហ្គេម ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះស្នើឱ្យស្ថាប័នពាក់ព័ន្ធរៀបចំព្រឹត្តិការណ៍នេះ ឱ្យបានល្អប្រសើរ និងរលូន ដើម្បីឱ្យភ្ញៀវអន្តរជាតិទាំងអស់ ពេលដែលមកដល់កម្ពុជាម្ដងហើយ គេចង់មកម្ដងទៀតនៅពេលក្រោយ។ ជាមួយគ្នានេះដែរបន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមរួចហើយនោះ ព្រឹត្តិការណ៍នៃការបោះឆ្នោតជាតិ នឹងត្រូវចូលមកដល់ ដូច្នេះសម្ដេចតេជោ បានអំពាវនាវ ធ្វើយ៉ាងណាឱ្យការបោះឆ្នោតជាតិនៅពេលខាងមុខនេះ បានប្រព្រឹត្តទៅដោយរលូន អព្យាក្រឹត្យ មិនមានការគាបសង្កត់ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ពោលគឺស្ថិតក្នុងបរិយាកាសដ៏ល្អបំផុត៕ ដោយ៖ ជឹម ណារី

website_news/2023260401.txt · Last modified: 2023/04/26 12:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki