website_news:2023260404

អាជ្ញាធរថៃចាប់ពលករខ្មែរឆ្លងដែនខុសច្បាប់ជាច្រើននាក់ក្រោយចប់ពិធីបុណ្យចូលឆ្នាំថ្មី

https://www.rfa.org/khmer/news/human-rights/thai-authorities-arrest-many-cambodian-illegal-crossers-after-khmer-new-year-04242023095419.html ដោយ មាន ឫទ្ធិ2023.04.24

អាជ្ញាធរថៃឃាត់ខ្លួនពលករខ្មែរដាក់ពន្ធនាគារជាច្រើននាក់ បន្ទាប់ពីពួកគេឆ្លងដែនខុសច្បាប់ ដើម្បីចូលទៅធ្វើការនៅប្រទេសថៃក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។ មន្ត្រីសង្គមស៊ីវិលថា បញ្ហារ៉ាំរ៉ៃមួយនេះអាចដោះស្រាយទៅបានលុះត្រារដ្ឋាភិបាលកម្ពុជាមានវិធានការ និងកិច្ចសម្របសម្រួលដល់ការចេញចូលរបស់ពលករខ្មែរទៅក្រៅប្រទេសឱ្យបានប្រសើរជាងមុន។

ពិធីបុណ្យចូលឆ្នាំថ្មីបានបញ្ចប់ទៅ ពលករខ្មែរធ្វើការនៅប្រទេសថៃដែលមានឯកសារត្រឹមត្រូវបានត្រឡប់ទៅប្រទេសថៃ ជាបន្តបន្ទាប់។ ប៉ុន្តែពលករមួយចំនួននៅតែប្រើប្រាស់ផ្លូវកាត់ ដោយលួចឆ្លងដែនខុសច្បាប់ ព្រោះពួកគែគ្មានប្រាក់សម្រាប់ធ្វើឯកសារនិងរងសម្ពាធត្រូវសងបំណុលធនាគារជាដើម។ការឆ្លងដែនដោយប្រថុយប្រថាននេះ ពលករខ្លះអាចឆ្លងដែនបានសម្រេច និងខ្លះទៀតត្រូវអាជ្ញាធរថៃចាប់ខ្លួន និងយកទៅដាក់ក្នុងពន្ធនាគារ។

ពលករមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ដែលឆ្លងដែនទៅធ្វើការនៅប្រទេសថៃ និងត្រូវអាជ្ញាធរថៃចាប់ខ្លួន កញ្ញា ឃុត ស្រីតូច ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ មេសា ថា កញ្ញាបានជាប់ពន្ធនាគារនៅខេត្តស្រះកែវ (Sa Kaeo) ចំនួន៣ថ្ងៃហើយ ដោយសារឆ្លងដែនខុសច្បាប់។ កញ្ញាបន្តថា កញ្ញានិងពលរដ្ឋខ្មែរ៦នាក់ទៀតបានឆ្លងដែលខុសច្បាប់តាមច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីរកការងារធ្វើយកប្រាក់សងធនាគារ ដោយឱ្យឈ្នួលទៅមេខ្យល់ក្នុងម្នាក់ ១ពាន់បាត ឬ៣០ដុល្លារ។ កញ្ញាប្រាប់ថា អាជ្ញាធរថៃបានយកប្រាក់ពីកញ្ញាចំនួន៤ពាន់បាត ឬជាង ១រយដុល្លារ(១១៦ដុល្លារ) ហើយពួកគេនឹងដោះលែងកញ្ញាវិញ នៅថ្ងៃទី២៥ មេសា ស្អែក។

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ មេបញ្ជាការកងទ័ពជើងគោកប្រចាំតំបន់ ស្រុកអារញ្ញប្រាថេត (Aranyaprathet) ខេត្តស្រះកែវ បានចាប់ពលករចំណាកស្រុកខុសច្បាប់ជាង ១រយនាក់(១២៣នាក់) ពីកម្ពុជា ចូលប្រទេសថៃក្រោយថ្ងៃសង្ក្រាន្ត ក្នុងនោះមានពលករខ្មែរចំនួន ១១២នាក់ ក្មេង៧នាក់ បង់ក្លាដែស (Bangladesh) ចំនួន១១នាក់ ចំណែកជនជាតិថៃ ២នាក់ទៀតគឺជាមេខ្យល់។ ដោយឡែក នៅឯច្រកព្រំដែនកាឈើង (Kap Choeng) ខេត្តសុរិន្ទ ជាប់នឹងព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ អាជ្ញាធរថៃ បានចាប់ពលករខ្មែរឆ្លងដែនខុសច្បាប់ចំនួន ២នាក់។

ក្រុមពលករឆ្លងដែនខុសច្បាប់បានចំណាយប្រាក់ក្នុងម្នាក់ ៤ពាន់ ៥រយបាត ឬ១៣០ដុល្លារឱ្យមេខ្យល់។ ពលករត្រូវដើរដោយថ្មើរជើងរាប់សិបគីឡូម៉ែត្រ និងដេកលាក់ខ្លួនក្នុងព្រៃតាមវាលស្រែ ហាលមូស អត់បាយ យ៉ាងតិច២ថ្ងៃ ដើម្បីរង់ចាំរថយន្តពីឈ្មួញជួញដូរពលករខុសច្បាប់មកដឹកយកទៅធ្វើការនៅតាមបណ្ដាខេត្ត។ នៅពេលរថយន្តមកទទួល ពលករទាំងនោះបានបង្កប់ខ្លួននៅក្នុងឃ្លុបរថយន្ត ឬបង្កប់ខ្លួនក្រោមសម្ភារៈ ដូចជាបន្លែ ផ្លែឈើ សំរាម ឬលាមកសត្វជាដើម។ ភាគច្រើននៃពលករខុសច្បាប់ ត្រូវបញ្ជូនទៅធ្វើការនៅតាមការដ្ឋានសំណង់ តាមចម្ការ និងកសិដ្ឋានចិញ្ចឹមសត្វជាដើម ព្រោះកន្លែងទាំងនោះ មិនទាមទារឯកសារស្របច្បាប់នោះទេ ជាថ្នូរមកវិញ ពលករទទួលបានកម្រៃពលកម្មទាប និងប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។

វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន និងអនុព័ន្ធការងារនៃស្ថានទូតខ្មែរប្រចាំប្រទេសថៃ លោក ឈឹម វិប៊ុល ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២៤ មេសា។

ជុំវិញរឿងនេះ មន្ត្រីផ្នែកការពារសិទ្ធិពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន ឱ្យដឹងថា ភាគច្រើននៃពលករដែលឆ្លងដែនខុសច្បាប់ ព្រោះពួកគេទាល់ច្រក និងប្រញាប់ត្រូវការប្រាក់ដើម្បីយកទៅសងធនាគារ។ លោកបន្តថា បញ្ហានេះជារឿងដដែលៗច្រើនកើតមានករណីរួចមកហើយ ខណៈលោកមិនទាន់ឃើញរដ្ឋាភិបាលកម្ពុជាមានដំណោះស្រាយជាក់លាក់ចំពោះបញ្ហានេះនៅឡើយ។ លោកស្នើឱ្យរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធ ចេញមុខទៅសម្របសម្រួលជាមួយភាគីប្រទេសថៃ ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់ការចេញចូលរបស់ពលករខ្មែរឱ្យបានល្អប្រសើរជាងមុន។ លទ្ធផលបូកសរុបបណ្ដោះអាសន្ន របស់សមត្ថកិច្ចខេត្តស្រះកែវ ឱ្យដឹងថា គិតត្រឹមថ្ងៃបញ្ចប់នៃបុណ្យចូលឆ្នាំ មានពលករខ្មែរឆ្លងដែនខុសច្បាប់ជិត ៩រយនាក់(៨៧៨នាក់) ហើយដែលអាជ្ញាធរថៃចាប់ខ្លួន។ តាមការឱ្យដឹងពីពលករខ្មែរខុសច្បាប់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារប្រទេសថៃ មានពលរដ្ឋខ្មែរប្រុសស្រី ស្ថិតក្នុងវ័យកំពុងពេញកម្លាំងបានជាប់ឃុំក្នុងបន្ទប់រួម មានគ្នាប្រមាណជាង ១០នាក់ ក្នុងមួយបន្ទប់ ដោយស្ត្រីនៅដោយឡែកពីបុរស។ ពលរដ្ឋទាំងនោះភាគច្រើនបង្ខំចិត្តឆ្លងដែនទាំងខុសច្បាប់ ដោយសារនៅស្រុកកំណើតគ្មានការងារធ្វើ មានជីវភាពខ្វះខាត និងជំពាក់បំណុលធនាគារ ខណៈមួយចំនួនចាញ់បោកមេខ្យល់ និងខ្លះរង់ចាំឯកសារឆ្លងដែនយូរពេក។

របាយការណ៍ក្រសួងការងារឱ្យដឹងថា ត្រឹមដំណាច់ឆ្នាំ២០២២ មានពលករកម្ពុជាកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេស សរុបជាង ១លាន៣សែននាក់ ក្នុងនោះប្រទេសថៃ មានចំនួនជាង ១លាន២សែននាក់។ ចំណែករបាយការណ៍របស់អង្គការសង់ត្រាល់ (Central) រកឃើញថា ពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់មានជាងពីរលាននាក់។ ករណីអាជ្ញាធរថៃចាប់ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ បានម្ដងរាប់រយនាក់នេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋថៃមានចម្ងល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាមេដឹកនាំចិត្តល្អម្នាក់ និងតែងតែជួយយកអាសាអន្តោប្រវេសន៍ដែលមករស់នៅលើទឹកដីកម្ពុជា ហេតុអ្វីមិនព្រមដោះស្រាយបញ្ហាជួយពលករខ្លួនឯង និងបណ្ដោយឱ្យពួកគេឆ្លងដែនខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជាយ៉ាងដូច្នេះ៕

website_news/2023260404.txt · Last modified: 2023/04/26 12:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki