website_news:2023260501

ស្រ្តីជនជាតិចិនម្នាក់ សម្រេចចិត្តប្ដឹងស្នើសុំ អន្តរាគមន៍ទៅទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ដោយប្រឌិតថាខ្លួនត្រូវបានគេបង្ខាំងបង្ខំឲ្យធ្វើការខុសច្បាប់ និងជំរិតទារប្រាក់នៅក្នុងទីតាំងមួយ

https://cen.com.kh/archives/661784.html Posted ByPen Srey NeatMay 24, 2023

ភ្នំពេញ ៖ ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី ២៣ ខែឧសភាឆ្នាំ២០២៣ បានចេញរបាយការណ៍លទ្ធផលកិច្ចប្រតិបត្តិការស្វែងរកជនបរទេស ដែលបានស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសបុកសម្តេចក្រឡាហោម (ករណីលេខ ៨១៧) ដែលបានផ្ដល់ព័ត៌មានថាខ្លួនត្រូវបានបង្ខាំងបង្ខំឲ្យធ្វើការខុសច្បាប់ និងជំរិតទារប្រាក់នៅ ក្នុងក្រុមហ៊ុនមួយ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ ផ្អែកតាមការបំភ្លឺ និងពិនិត្យលើស្ថានភាពជាក់ស្តែង ក្រុមប្រតិបត្តិការ ពិនិត្យឃើញថា ករណីនេះពុំមានសញ្ញាណពាក់ព័ន្ធនឹងករណីបង្ខាំងបង្ខំឲ្យធ្វើការខុសច្បាប់ ឬជំរិតទារប្រាក់ នោះទេ ផ្ទុយទៅវិញសាមីខ្លួនគ្រាន់តែចង់ឈប់ពីការងារភ្លាមៗ ដើម្បីបានត្រឡប់ទៅប្រទេសកំណើតវិញ។

ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រតិបត្តិការ ទទួលបានសំណើសុំអន្តរាគមន៍ពីស្ត្រីជន ជាតិចិន ឈ្មោះ ZHAO ZHONGQIONG កើតថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៩៥ កាន់លិខិតឆ្លងដែនលេខ EE7455850 ដែលបានផ្ដល់ព័ត៌មានថាខ្លួនត្រូវបានបង្ខាំងបង្ខំឲ្យធ្វើការខុសច្បាប់ និងជំរិតទារប្រាក់នៅ ក្នុងក្រុមហ៊ុនមួយ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ បន្ទាប់ពីទទួលបានសំណើ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចុះស្រាវជ្រាវរកឃើញស្ត្រីជនជាតិចិនខាងលើ កំពុងស្នាក់នៅក្នុង ក្រុមហ៊ុនមួយកន្លែង និងបានអញ្ជើញមកធ្វើការសាកសួរ។

យោងតាមការបំភ្លឺរបស់សាមីខ្លួនបានឲ្យដឹងថា រូបនាងបានចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ តាមច្រកអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដើម្បីស្វែងរកការងារធ្វើតាមរយៈភ្នាក់ងារ និងបានធ្វើជាចុងភៅនៅក្នុងក្រុមហ៊ុនខាងលើ រហូតមកដល់បច្ចុប្បន្ន អំឡុងពេលធ្វើការ រូបនាងពុំធ្លាប់ត្រូវបានគេបង្ខាំងបង្ខំឲ្យធ្វើការខុសច្បាប់ ឬជំរិត ទារប្រាក់នោះទេ។ រហូតដល់ដើមខែធ្នូ ឆ្នាំ២០២២ រូបនាងបានដាក់ពាក្យលាឈប់ពីការងារ ដោយសារ តែនាងបារម្ភពីក្រុមគ្រួសារនៅឯប្រទេសចិន ប៉ុន្តែក្រុមហ៊ុនមិនទាន់អនុញ្ញាត និងបានស្នើសុំឲ្យរូបនាងបន្ត ធ្វើការរហូតរកបានបុគ្គលិកថ្មីមកជំនួស ដោយមិនអាចរង់ចាំបន្តទៀតបាន ទើបរូបនាងសម្រេចចិត្តប្ដឹងស្នើសុំ អន្តរាគមន៍ទៅទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ដោយប្រឌិតថាខ្លួនត្រូវបានគេបង្ខាំងបង្ខំឲ្យធ្វើការខុសច្បាប់ និងជំរិតទារប្រាក់នៅក្នុងទីតាំងមួយ។

ផ្អែកតាមការបំភ្លឺ និងពិនិត្យលើស្ថានភាពជាក់ស្តែង ក្រុមប្រតិបត្តិការ ពិនិត្យឃើញថា ករណីនេះពុំមានសញ្ញាណពាក់ព័ន្ធនឹងករណីបង្ខាំងបង្ខំឲ្យធ្វើការខុសច្បាប់ ឬជំរិតទារប្រាក់ នោះទេ ផ្ទុយទៅវិញសាមីខ្លួនគ្រាន់តែចង់ឈប់ពីការងារភ្លាមៗ ដើម្បីបានត្រឡប់ទៅប្រទេសកំណើតវិញតាមតម្រូវការរបស់ខ្លួនតែប៉ុណ្ណោះ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានបញ្ជូនឈ្មោះ ZHAO ZHONGQIONG ទៅកាន់មណ្ឌលត្រៀមបណ្តេញ ចេញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

website_news/2023260501.txt · Last modified: 2023/05/26 15:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki