website_news:2023260503

ករណីជនវៀតណាម៣៩នាក់ស្លាប់ក្នុងរថយន្ត៖ តុលាការបារាំងនឹងបើកសវនាការ កាត់ទោសជនជាប់ចោទ១៩នាក់

ករណីប្រទះឃើញសាកសព ជនជាតិវៀតណាម៣៩នាក់ ស្លាប់នៅក្នុងរថយន្តមួយ នៅជាយទីក្រុងឡុងដ៍ កាលពីខែតុលាឆ្នាំ២០១៩ បានបង្កឲ្យមានការតក់ស្លុតជាខ្លាំង។ ឆ្លងកាត់ការស៊ើបអង្កេតជាង៣ឆ្នាំមកនេះ ចៅក្រមស៊ើបអង្កេតបារាំង បានប្រកាសកាលពីថ្ងៃពុធ ទី២៤ឧសភា ថានឹងចាប់ផ្តើមនីតិវិធី ឈានទៅបើកសវនាកាជំនំជំរះទោស លើជនសង្ស័យចំនួន១៩នាក់ ដែលចូលរួមនៅក្នុងបណ្តាញជួញដូរ និងដឹកជញ្ជូនជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់។

https://www.rfi.fr/km//20230524-?ref=tgi ចុះផ្សាយនៅថ្ងៃ៖ 24/05/2023

ចៅក្រមស៊ើបអង្កេតបារាំង២នាក់ បានសម្រេចរុញឈ្មោះជនសង្ស័យចំនួន១៩នាក់ ឡើងទៅកាន់តុលាការ ដើម្បីបើកសវនាការ នៅក្នុងសំណុំរឿងសាកសពជាតិវៀតណាម៣៩នាក់ ស្លាប់ក្នុងរថយន្តដែលគេប្លុងចោលនៅជាយទីក្រុងឡុងដ៍។ ជនសង្ស័យទាំង១៩នាក់ មានខ្លះសញ្ជាតិវៀតណាម សញ្ជាតិបារាំង ចិន អាល់ហ្សេរី ឬម៉ារ៉ុក។

យោងតាមប្រភពស្និទ្ធនឹងតុលាការបារាំង ជនសង្ស័យទាំងនោះ ជាប់ចោទថាបានចូលរួមក្នុងបណ្តាញជួញដូរ ជនអន្តោប្រវេសន៍វៀតណាម ដូចជាអ្នករករថយន្ត អ្នកបើកបរ និងអ្នកបានផ្តល់ជាទីកន្លែងស្នាក់នៅបណ្តោះអាសន្នដល់ជនអន្តោប្រវេសន៍ នៅតំបន់ក្រុងប៉ារីស។ បទល្មើសឃុបឃិត ក្នុងបណ្តាញដឹកជញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ អាចប្រឈមនឹងទោសជាប់ពន្ធនាគារ១០ឆ្នាំ។ ដោយឡែក មានជនសង្ស័យ៤នាក់ ក្នុងចំណោមទាំង១៩នាក់ នឹងត្រូវប្រឈមនឹងការចោទប្រកាន់ពីបទល្មើស មនុស្សឃាតដោយអចេតនា។ ជនសង្ស័យ៦នាក់ស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន និងមាន២នាក់ទៀត កំពុងរត់គេចខ្លួន។

សូមរំលឹកថា កាលពីខែតុលា ឆ្នាំ២០១៩ សាកសពជនជាតិវៀតណាម៣៩នាក់ ប្រុស៣១នាក់ និងស្រី៨នាក់ អាយុចន្លោះពី១៥ដល់៤៤ឆ្នាំ ត្រូវបានគេប្រទះឃើញនៅក្នុងរថយន្តកាមីញ៉ុងមួយ ចតចោលនៅតំបន់ឧស្សាហកម្មមួយជាយទីក្រុងឡុងដ៍។ ឆ្លងកាត់ការស៊ើបអង្កេតជិត៤ឆ្នាំ ដោយមានការសហការ ពីអាជ្ញាធរបារាំង ប៊ែលហ្ស៊ិក និងអង់គ្លេស បានបង្ហាញឲ្យឃើញថា ករណីនេះពាក់ព័ន្ធនឹងបណ្តាញជួញដូរជនអន្តោប្រវេសន៍វៀតណាម ដែលមានប្រភពនៅបារាំង។ ជនអន្តោប្រវេសន៍វៀតណាម ត្រូវគេបញ្ជូនពីវៀតណាមមកដល់បារាំង បន្ទាប់មកដឹកបន្តទៅកាន់កំពង់ផែ Zeebruges ប្រទេសប៊ែលហ្ស៊ិក មុននឹងដឹកឆ្លងទូក ឆ្ពោះទៅកាន់អង់គ្លេស ជាទីដែលរថយន្តកាមីញ៉ុងមួយទៀត មកចាំដឹកបន្ត។

បណ្តាញព័ត៌មានបារាំង AFP បានទាក់ទងជួបជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ ភាគច្រើនមានដើមកំណើតនៅខេត្តហាទិញ ដែលជាខេត្តក្រីក្រមួយនៅភាគខាងត្បូងវៀតណាម។ បុរសជនម្នាក់ ដែលមានប្អូនស្រីអាយុ២៦ឆ្នាំស្លាប់ក្នុងចំណោមជនរងគ្រោះទាំង៣៩នាក់ បានប្រាប់ថា មុននឹងស្លាប់ ប្អូនស្រីខ្លួនបានផ្ញើសារទៅកាន់ទូរស័ព្ទរបស់ម្តាយនៅវៀតណាម ថាកំពុងតែស្លាប់ ដោយថប់ ដកដង្ហើមលែងរួចនៅក្នុងរថយន្ត។

យោងតាមបណ្តាញព័ត៌មានបារាំង AFP ជនជាប់ចោទដែលជាជនជាតិវៀតណាមមេក្លោងបណ្តាញជួញដូរនេះ បានអះអាងថាខ្លួន ធ្វើសកម្មភាពនេះ ដោយសារតែចង់ជួយជីវភាពជនជាតិវៀតណាមគ្នាឯង។ តែយ៉ាងណាចៅក្រមស៊ើបអង្កេតបារាំង បានច្រានចោល អំណះអំណាងនេះ ដោយផ្អែកថា នៅពីក្រោយសកម្មភាពនេះ គឺជនសង្ស័យបានសំឡឹងឃើញប្រាក់ចំណេញដ៏សន្ធឹកសន្ធាប់៕

website_news/2023260503.txt · Last modified: 2023/05/26 15:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki