website_news:2023260901

ក្រសួងការងារ បន្តផ្សព្វផ្សាយច្បាប់ការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធពលកម្មកុមារ

https://www.postkhmer.com/national/2023-09-24-1833-254715.html ជា សុខនី | Publication date 24 September 2023 | 18:33 ICT

ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តធ្វើការផ្សព្វផ្សាយច្បាប់ការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធពលកម្មកុមារ នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ខណៈមន្ត្រីសិទ្ធិមនុស្ស ចង់ឱ្យក្រសួងរឹតបន្តឹងការអនុវត្តច្បាប់ផងដែរ ទៅលើជនដែលប្រើប្រាស់កម្លាំងពលកម្មកុមារ។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញាថា បច្ចុប្បន្នមានខេត្តចំនួន៥ហើយ ដែលក្រុមការងារក្រសួងបានចុះផ្សព្វផ្សាយ ក្នុងនោះមានខេត្តកំពង់ចាម សៀមរាប បាត់ដំបង ត្បូងឃ្មុំ និងខេត្តកណ្តាល ហើយក្រសួងក៏នឹងបន្តចុះផ្សព្វផ្សាយនៅតាមបណ្តាខេត្តផ្សេងទៀតជាបន្តបន្ទាប់។ លោក កត្តា អ៊ន បញ្ជាក់ថា៖ «ការផ្សព្វផ្សាយច្បាប់ហ្នឹង គឺយើងមានគោលបំណងចង់បញ្រ្ជាបការយល់ដឹងដល់និយោជក ម្ចាស់សហគ្រាស សិប្បកម្ម ឪពុកម្តាយ និងអាណាព្យាបាល ដឹងពីអាយុនៃការធ្វើការរបស់កុមារ លក្ខខណ្ឌការងារសម្រាប់កុមារដែលច្បាប់អនុញ្ញាតឱ្យធ្វើការ កត្តាអនាម័យ និងសុខភាពជាដើម ដើម្បីលើកកម្ពស់ការគោរពសិទ្ធិកុមារ និងការពារកុមារពីពលកម្មការងារ និងការជួញដូរកម្លាំងពលកម្មកុមារ។ ទន្ទឹមនោះ យើងក៏ពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពថែមទៀតដែរ»។

លោកបន្តថា នៅក្នុងការផ្សព្វផ្សាយក្រសួងតែងតែផ្តល់ជាសម្ភារសិក្សាពេញ ១ឆ្នាំ កង់ និងសម្ភារចាំបាច់ផ្សេងៗទៀតដើម្បីធានាថា កុមារដែលជាកូនរបស់កម្មករឡឥដ្ឋ និងក្នុងរោងចក្រកសិ-ឧស្សាហកម្ម ដែលមានអាយុក្រោម១៥ឆ្នាំ អាចបន្តសិក្សារៀនសូត្រឡើងវិញបាន។ ដោយឡែកយុវជនដែលមានអាយុ១៥ឆ្នាំឡើង នឹងត្រូវដកហូតចេញពីចង្វាក់ផលិតកម្ម ដោយបញ្ជូនទៅរៀនបច្ចេកទេសវិជ្ជាជីវៈដែលមានរយៈពេល៤ខែ ឬ៦ខែ ដើម្បីឱ្យមានជំនាញ និងអាចទទួលបានឱកាសការងារ។ លោកបន្ថែមថា ក្រោយពីទទួលបានការបណ្តុះបណ្តាលហើយ ខាងមន្ទីរការងារខេត្តក្នុងគោលដៅ នឹងស្វែងរកការងារជូនដល់សិក្ខាកាមដែលបានរៀនចប់ផងដែរ។

ក្រសួងការងារបានអះអាងថា ក្រសួងបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ តាមរយៈគោលនយោបាយឆ្នាំ២០១៦-២០២៥ និងគោលនយោបាយជាតិនានា ដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងការ ប្រើប្រាស់ពលកម្មកុមារ និងការងារដោយបង្ខំ។

ទាក់ទងនឹងការផ្សព្វផ្សាយរបស់ក្រសួងការងារនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានឱ្យដឹងថា ទោះបីជារាជរដ្ឋាភិបាល មានការខិតខំប្រឹងប្រែងទប់ស្កាត់ ឬផ្សព្វផ្សាយច្បាប់ដែលទាក់ទងនឹងពលកម្មកុមារជាហូរហែមកក៏ដោយ ក៏លោកនៅតែមើលឃើញថា ការប្រើប្រាស់កម្លាំងពលកម្មកុមារ គឺវានៅបន្តកើតមាន។ ជាពិសេសកុមារដែលពួកគាត់ធ្វើការតាមសិប្បកម្មឡឥដ្ឋ ទោះបីជាតាមច្បាប់ការងារ មិនអនុញ្ញាតឱ្យកុមារធ្វើការក៏ដោយ ប៉ុន្តែនៅតាមសិប្បកម្មឡឥដ្ឋមួយចំនួន គឺអ្នកធ្វើការ ទទួលបានកម្រៃមិនមែនជាប្រាក់ខែទេ គឺពួកគាត់ទទួលបានជាលុយថ្ងៃ ទៅតាមកម្លាំងពលកម្មរបស់ពួកគាត់។

លោក អំ សំអាត បញ្ជាក់ថា៖ «អ៊ីចឹង! គ្រួសារដែលធ្វើការឱ្យសិប្បកម្មឡឥដ្ឋហ្នឹង ដើម្បីទទួលបានកម្រៃច្រើន ពួកគាត់នៅតែឆ្លៀតប្រើប្រាស់កម្លាំងពលកម្មកូនរបស់គាត់ ទៅធ្វើការនៅឡឥដ្ឋ និងធ្វើការនៅតាមផ្ទះ ក៏នៅតែបន្តមាន។ ដូច្នេះក្រសួង ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ទៅលើម្ចាស់សិប្បកម្ម ដែលប្រើប្រាស់កម្លាំងពលកម្មកុមារ ហើយនិងដាក់ទោសពួកគាត់ ទៅតាមច្បាប់កំណត់»។ លោកបន្ថែមថា អ្វីដែលក្រសួងការងារកំពុងតែធ្វើនេះ គឺដើម្បីឱ្យឪពុកម្ដាយ ថៅកែ និងអ្នកដែលធ្វើការនៅសិប្បកម្មទាំងនោះ ពួកគាត់បានដឹងថា អ្វីជារឿងខុសច្បាប់លើការប្រើប្រាស់កម្លាំងពលកម្មកុមារ៕

website_news/2023260901.txt · Last modified: 2023/09/26 09:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki