website_news:2023260903

សមត្ថកិច្ចរៀបចំបញ្ជូនថៅកែហាងកាហ្វេ២នាក់លួចបង្កប់សេវាកម្មបម្រើកម្សាន្តទៅកាន់តុលាការ

https://kohsantepheapdaily.com.kh/article/1809392.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ភ្នំពេញ២៥ ខែ កញ្ញា ឆ្នាំ ២០២៣ ម៉ោង ១៦:២៧

រាជធានីភ្នំពេញ ៖ ស្តីពីករណីគណៈកម្មការឯកភាពខណ្ឌដូនពេញ បានចុះបង្ក្រាបហាងលក់កាហ្វេ ដែលលួ.ចលាក់បង្កប់សេវាកម្មបម្រើកម្សាន្ត និងឃាត់ខ្លួនមនុស្សចំនួន១២នាក់ គិតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅសល់ជនសង្ស័យតែ២នាក់ និងរៀបចំបញ្ជូនទៅកាន់តុលាការ ខណៈមានពាក្យលេចឮថា «កំពុងតែមានអ្នករត់ការឆ្វេលឆ្វាច ដើម្បីសុំឲ្យដោះលែងម្ចាស់ទីតាំងបង្កប់សេវាកម្មបម្រើកម្សាន្តនោះវិញ» ដូច្នោះរង់ចាំអ៊ុតមើល បើដូចពាក្យគេនិយាយមែន ម្ចាស់ទីតាំងនោះពិតជាខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណាក្តី លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ក៏បានបញ្ជាក់ច្បាស់ៗថា «ជនសង្ស័យពាក់ព័ន្ធបើកទីតាំងបង្កប់សេវាកម្មបម្រើកម្សាន្ត សមត្ថកិច្ចនឹងចាត់ការទៅតាមផ្លូវច្បាប់»។

ជនសង្ស័យទាំង២នាក់ខាងលើនេះ មានម្នាក់ឈ្មោះ កែវ ស្រីមុំ ហៅ កាព្រីង ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរម្ចាស់ទីតាំងហាងលក់កាហ្វេបង្កប់សេវាកម្មបម្រើកម្សាន្ត ស្នាក់នៅផ្ទះលេខ១ ផ្លូវលេខ៨២ ស្ថិតក្នុងភូមិ១៤ សង្កាត់ស្រះចក ខណ្ឌពេញ និងម្នាក់ទៀតមានឈ្មោះ កង សារឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអ្នកចាត់ចែង នៅហាងលក់កាហ្វេបង្កប់សេវាកម្មបម្រើកម្សាន្ត ស្នាក់នៅផ្ទះលេខ១៣E0 ផ្លូវលេខ៨០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សូមបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានចុះបង្ក្រាបហាងកាហ្វេដែលលួ.ចលាក់បង្កប់សេវាកម្មបម្រើកម្សាន្តចំនួន៣ទីតាំង ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់។ ប្រតិបត្តិការនោះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងលោក ចាប ឌីណា អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ ដែលគណៈបញ្ជាការឯកភាពបានចុះទៅធ្វើរដ្ឋបាលពិនិត្យទីតាំងតាមហាងកាហ្វេដែលបង្កប់សេវាកម្មបម្រើកម្សាន្ត នៅចំណុចម្តុំផែថ្ម ចំនួន៣ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ។ ទីតាំងទាំង៣នោះមាន ៖

ទី១- ហាងលក់កាហ្វេ នៅចំណុចផ្លូវ៨២ ផ្ទះលេខ១ ស្ថិតក្នុងភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ (ស្រី៤) ក្នុងនោះមានម្ចាស់ទីតាំងម្នាក់ នារីបម្រើការងារចំនួន៣នាក់ និងម្នាក់ទៀតជាអ្នកធ្វើការសេវាកម្មបម្រើកម្សាន្ត ។

ទី២- ហាងលក់កាហ្វេ ផ្ទះលេខ២៣E០ នៅចំណុចផ្លូវលេខ៨០ ស្ថិតក្នុងភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាអ្នកធ្វើការសេវាកម្មបម្រើកម្សាន្ត ។

ទី៣- ផ្ទះលេខ១៣E០ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងភូមិ១៥ សង្កាត់ស្រះចក និងបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ (ស្រី៤) ក្នុងនោះមានអ្នកអនាម័យម្នាក់ អ្នកយាមម៉ូតូម្នាក់ និងនារីធ្វើការសេវាកម្មបម្រើកម្សាន្តចំនួន៣នាក់ ។

ចំណែកវត្ថុតាងដែលចាប់យក រួមមាន ៖ សម្ភារៈមួយចំនួនពាក់ព័ន្ធនឹងសេវាកម្មបម្រើកម្សាន្ត (ស្រោមអនាម័យ)។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង១២នាក់ខាងលើ ក៏ត្រូវសមត្ថកិច្ចនាំខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ ចំណែកនារីដែលជាប់ពាក់ព័ន្ធសេវាកម្មបម្រើកម្សាន្តចំនួន៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ៕

website_news/2023260903.txt · Last modified: 2023/09/26 09:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki