website_news:2023261001

អាជ្ញាធរថៃសម្រេចឃុំខ្លួនពលករខ្មែរជាង២រយនាក់ដោយសារគ្មានឯកសារធ្វើការស្របច្បាប់

https://www.rfa.org/khmer/news/human-rights/more-than-200-cambodian-workers-in-thailand-were-detained-in-jail-10222023125302.html ដោយ ជាតិ ចំណាន2023.10.22

អាជ្ញាធរថៃសម្រេចឃុំខ្លួនពលករខ្មែរ ដែលគ្មានឯកសារធ្វើការងារស្របច្បាប់ ជាង២រយនាក់នៅខេត្តអយុធ្យា។ដោយឡែកពលករខ្មែរឆ្លងដែនខុសច្បាប់ជាង៣០នាក់ផ្សេងទៀតត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅស្រុកអារញ្ញប្រាថេត (Aranyaprathet) នៅជាប់ព្រំដែនកម្ពុជា កាលពីថ្ងៃទី១៩ តុលា ។

មន្ត្រីសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលខ្មែរប្រញាប់ជួយអន្តរាគមន៍ទៅអាជ្ញាធរថៃ ឲ្យដោះលែងពួកគេឱ្យបានឆាប់ ព្រមទាំងសម្រួលធ្វើឯកសារស្របច្បាប់ ដើម្បីអាចធ្វើការងាររកប្រាក់ចំណូលដោះស្រាយជីវភាព។ មន្ត្រីសង្គមស៊ីវិលមើលឃើញថា មន្ត្រីស្ថានទូតខ្មែរ ដែលសន្យាជួយដោះស្រាយរឿងប៉ូលិសថៃចាប់ពលករខ្មែរកាលពីពេលថ្មីៗនេះ ហាក់គ្មានលទ្ធផលវិជ្ជមានណាមួយនៅឡើយមកដល់ពេលនេះ ពីព្រោះកម្មករជាង ២រយនាក់ កំពុងជាប់គុកនៅខេត្តអយុធ្យា កំពុងប្រឈមនឹងប៉ូលិសថៃបញ្ជូនត្រឡប់ទៅកម្ពុជាវិញ។

មន្ត្រីគម្រោង នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់ (CENTRAL) លោក លឹង សុផុន ប្រាប់វិទ្យុអាស៊ីសេរីថា តាមច្បាប់ការងាររបស់ថៃពលករដែលគ្មានសំបុត្រស្នាមធ្វើការងារស្របច្បាប់ប្រឈមជាប់ពន្ធនាគារនៅក្នុងប្រទេសនេះរយៈពេល៤៥ថ្ងៃ មុនបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ។ លោកបារម្ភថា អំឡុងពេលជាប់ឃុំនេះធ្វើឱ្យពលករខ្មែរជួបទុក្ខលំបាកក្នុងការទំនាក់ទំនងអំពីសុខទុក្ខជាមួយសាច់ញាតិ ការហូបចុក និងការបាត់បង់សិទ្ធិជាដើមដែលរដ្ឋាភិបាល ឬមន្ត្រីស្ថានទូតខ្មែរគួរតែជួយអន្តរាគមន៍ទៅអាជ្ញាធរថៃ ជាពិសេសជំរុញទៅថៅកែពួកគេចេញមុខដោះស្រាយដោយធានាធ្វើឯកសារស្របច្បាប់ឱ្យបានឆាប់។លោក លឹង សុផុន៖ «ពួកគាត់នៅតែរង់ចាំថៅកែ ប៉ុន្តែថ្មីៗនេះគាត់មិនទាន់ឃើញថៅកែចេញមកធានារ៉ាប់រងប្រហែលធ្វើឱ្យគាត់អស់សង្ឃឹមថាគេ (អាជ្ញាធរថៃ) នឹងបញ្ជូនគាត់ទៅព្រំដែន ឬបញ្ជូនទៅប្រទេសកំណើតវិញអ៊ីចឹង។ កន្លងមកខ្ញុំឃើញច្រើនណាស់ពេលពួកគាត់នៅក្នុងពន្ធនាគារនោះយើងដឹងស្រាប់ហើយថា ពួកគាត់មិនអាចទំនាក់ទំនងទៅសាច់ញាតិបានទេ មិនមានសិទ្ធិសេរីភាព មិនអាចធ្វើអ្វីតាមចិត្តរបស់គាត់បាន មានការហាមឃាត់ការចេញចូលកន្លែងហ្នឹងដែលនាំការទំនាក់ទំនាក់ទៅពួកគាត់ក៏ជួបការលំបាកដែរ»។

កាលពីថ្ងៃទី១២ ខែតុលា អាជ្ញាធរថៃបានព័ន្ធចាប់ខ្លួនពលករចំណាកស្រុកខុសច្បាប់ជាង ១ពាន់នាក់ ដែលធ្វើការជាកម្មករសំណង់នៅខេត្តអយុធ្យា (Ayuthaya) ក្នុងប្រទេសថៃ (Thailand)។ ក្នុងនោះរួមមានពលករខ្មែរជាង៤រយនាក់ ព្រមទាំងពលករភូមា និងវៀតណាមផងដែរ។ ប៉ុន្តែករណីនេះអាជ្ញាធរថៃបានដោះលែងពលរដ្ឋខ្មែរខ្លះឱ្យវិលត្រឡប់ទៅកន្លែងការងារវិញ ក្រោយពេលថៅកែធានាដោយសន្យាធ្វើសំបុត្រស្នាមស្របច្បាប់ជូនពួកគេ។

ស្រដៀងគ្នានេះដែរ បញ្ជាការកងទ័ពជើងគោកថៃ ប្រចាំតំបន់នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ កាលថ្ងៃទី១៩ ខែតុលា បានចាប់ពលករខ្មែរចំណាកស្រុកខុសច្បាប់ជាង៣០នាក់ (៣៣នាក់)។ ពលរដ្ឋខ្មែរចូលប្រទេសថៃ នោះគ្មានឯកសារសម្រាប់ធ្វើដំណើរ និងបង់ប្រាក់ឱ្យមេខ្យល់នាំលួចឆ្លងដែនផ្លូវកាត់ដោយខុសច្បាប់។ បច្ចុប្បន្នកម្មករទាំងនោះត្រូវបានបញ្ជូនទៅឱ្យប៉ូលិសខ្លងណាំសៃ(Khlong Nam Sai Police Station) ដើម្បីចាត់ការតាមច្បាប់។

វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃលោក ឈឹម វិបុល និងអ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី២១ ខែតុលា។

ជុំវិញរឿងនេះលោក លឹង សុផុន មើលឃើញថា បញ្ហាពលរដ្ឋខ្មែរចំណាកខុសច្បាប់ស្រុកធ្វើការងារនៅប្រទេសថៃកើតឡើងដដែលៗ ដោយរដ្ឋាភិបាលកម្ពុជាមិនទាន់មានដំណោះស្រាយនៅឡើយមកដល់ពេលនេះ ។ លោកបន្តថា ពលករដែលអាជ្ញាធរថៃចាប់ខ្លួនដោយសារឆ្លងដែនខុសច្បាប់ និងធ្វើការងារខុសច្បាប់កន្លងមកតែងតែជាប់គុក និងបញ្ជូនទៅកម្ពុជាវិញជាបន្តបន្ទាប់ ប៉ុន្តែលោកមិនសូវឃើញរដ្ឋាភិបាលជួយសម្របសម្រួលជាមួយភាគីថៃ ចំពោះបញ្ហានេះឱ្យមានលទ្ធផលប្រសើរសម្រាប់កម្មករនោះទេ។ លោក លឹង សុផុន៖ «សម្រាប់ខ្ញុំចង់ឱ្យអាជ្ញាធរកម្ពុជាជួយផ្សព្វផ្សាយឱ្យបានជាក់លាក់ថា ករណីពួកគាត់អាចដោះស្រាយបាន ឬដោះស្រាយមិនបានប៉ុណ្ណាសូមប្រាប់មកពលករមក ពេលខ្លះទៅពលករសង្ឃឹមទៅលើអាជ្ញាធរ ស្ថានទូតកម្ពុជាដែលជាតំណាងឱ្យប្រទេសធ្វើការនៅប្រទេសថៃមកជួយដោះស្រាយ តែមិនឃើញមកដោះស្រាយ ហើយមិនមានលទ្ធផលអ្វីក្រៅពីចាប់បញ្ជូនទៅវិញ ហាក់ដូចជាមិនដោះស្រាយឱ្យដែរហ្នឹង»។

មន្ត្រីសង្គមស៊ីវិលលើកឡើងថា ដើម្បីដោះស្រាយបញ្ហានេះរដ្ឋាភិបាលគួរតែបង្កើតការងារក្នុងស្រុកឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ និងបំណុលធនាគារជាដើម។ បន្ថែមពីនេះរដ្ឋាភិបាលត្រូវកាត់បន្ថយការចំណាយរបស់កម្មករឱ្យទាបទៅលើតម្លៃធ្វើលិខិតឆ្លងដែន និងការធ្វើប័ណ្ណការងារនានា។ ដោយឡែក ប្រសិនបើរដ្ឋាភិបាលនៅតែមិនដោះស្រាយបញ្ហានេះទេនោះប្រជាពលរដ្ឋនឹងនៅតែធ្វើចំណាកស្រុកខុសច្បាប់និងរងគ្រោះកាន់តែច្រើន៕

website_news/2023261001.txt · Last modified: 2023/10/26 09:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki