website_news:2023261003

អង្គភាពជំនាញកម្ពុជា-វៀតណាម ឯកភាពបន្តកិច្ចសហការរួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន

https://www.kampucheathmey.com/local-news/600944 ថ្ងៃអង្គារ ២៤ តុលា ២០២៣ដោយ Thoeun Vansong

ក្នុងនាមជាប្រទេសជាប់ព្រំដែនជាមួយគ្នា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងនាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែនវៀតណាម បានឯកភាពបន្តកិច្ចសហការរួមគ្នាលើការទប់ស្ដាត់ឧក្រិដ្ឋកម្មឆ្លងដែនតាមគ្រប់រូបភាពរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ការឯកភាពរវាងភាគីទាំងពីរនេះ បានលើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាប្រចាំឆ្នាំ រវាងអគ្គនាយកអន្តោប្រវេសន៍កម្ពុជា និងនាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែនវៀតណាម កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នាទីក្រុងហាណូយ។ នៅក្នុងកិច្ចពិភាក្សានេះ ភាគីកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងភាគីវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ត្រី ផាម ដាំង ខ្វា ប្រធាននាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែន។

កិច្ចប្រជុំនេះ ភាគីទាំងពីរ បានពិភាក្សា ផ្លាស់ប្ដូរបទពិសោធរវាងអគ្គនាយកដ្ឋានអន្តោប្រ វេសន៍ ក្រសួងមហាផ្ទៃនៃកម្ពុជា និងនាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែន នៃក្រសួងនគរបាលវៀតណាម ជុំវិញស្ថានភាពប្រជាជននៃប្រទេសទាំងពីរចេញ-ចូលឆ្លងដែន និងស្នាក់នៅប្រទេសទាំងពីរ ក៏ដូចជាបន្តសម្របសម្រួលជូនប្រជាពលរដ្ឋទាំងសងខាង ក្នុងនាមជាអ្នកជិតខាងល្អ។ ក្នុងនោះ ភាគីទាំងពីរ បានលើកឡើងការបន្តសហការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធលើការទប់ស្កាត់ បទឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព និងបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបន្តធានាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនរវាងកម្ពុជា-វៀតណាម។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា ក៏បានថ្លែងអំណរគុណដល់នាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែនវៀតណាម ដែលបានផ្តល់នូវវគ្គបណ្តុះបណ្តាលដល់មន្ត្រីរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន២០រូបលើវគ្គគ្រប់គ្រងការចេញ-ចូលឆ្លងដែន។ តាមរយៈកិច្ចសហប្រតិបត្តិការល្អនេះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានស្នើ សុំភាគីវៀតណាមបន្តផ្តល់ការបណ្តុះបណ្តាលដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្ថែមទៀត ដើម្បីបន្តពង្រីកសមត្ថភាពរបស់មន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា។

ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ ឧត្តមសេនីយ៍ឯក អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃកម្ពុជា និងឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែននៃប្រទេសវៀតណាម បានឯកភាពគ្នារឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ៕

website_news/2023261003.txt · Last modified: 2023/10/26 10:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki