website_news:2023261005

លោក ទូច សុខៈ៖ ការបង្ក្រាបករណីសង្ស័យផលិតរឿងអាសអាភាសនៅខណ្ឌបឹងកេងកង ជាការអនុវត្តទិសដៅ២ចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ

https://www.kampucheathmey.com/security/601518 ថ្ងៃពុធ ២៥ តុលា ២០២៣ ដោយ Sokhom Khon

ការចុះបង្ក្រាបទីតាំងខុនដូ ដែលសង្ស័យផលិតរឿងអាសអាភាស កាលពីយប់ថ្ងៃទី២៤ ខែតុលា នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង គឺជាការអនុវត្តទិសដៅ២រួមគ្នា ក្នុងចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះជាការបញ្ជាក់របស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែតុលា បន្ទាប់ពីកម្លាំងចម្រុះរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សជាង៥០នាក់។

លោក ទូច សុខៈ បញ្ជាក់ថា ទិសដៅទាំងពីរដែលប្រតិបត្តិការជាមួយគ្នាកាលពីយប់ថ្ងៃទី២៤តុលានេះរួមមាន ជាការបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅផង និងបទល្មើសក្នុងរង្វង់អំពើជួញដូរមនុស្សផង។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ថែមថា ឯទិសដៅទាំង៦ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងអាណត្តិទី៧នេះ រួមមាន «១-បញ្ហាគ្រឿងញៀន។ ២-បញ្ហាចរាចរណ៍។ ៣-ករណីចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ។ ៤-ការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ប្រភេទ។ ៥-ការគ្រប់គ្រងក្រុមក្មេងទំនើង និង៦-បញ្ហាតាមព្រំដែនទាំងគោកនិងទឹកជាប់ជាមួយប្រទេសជិតខាង។

គួររំលឹកថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះឡោមព័ទ្ធខុនដូមួយកន្លែងពាក់ព័ន្ធករណីថតរឿង និងចែកចាយវីដេអូអាសអាភាស ដោយឃាត់ខ្លួនជនបរទេស និងនារីជាជនជាតិខ្មែរបានសរុបជាង៥០នាក់។ ប្រតិប្តត្តិការនេះបានធ្វើឡើងនៅចំណុចខុនដូ(វ៉ាវ ណាវ)(WOW NOW) ជាន់ទី៩ តាមបណ្ដោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្នុងប្រតិប្តតិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សប្រុសស្រីជាជនជាតិបទេស និងនារីជនជាតិខ្មែរសរុបជាង៥០នាក់យកទៅសួរនាំនៅក្រសួងមហាផ្ទៃ។

បើតាមមន្ត្រីជំនាញ មុនឈានដល់ការបង្ក្រាបនេះ គឺបន្ទាប់ពីបែកធ្លាយខ្សែភាពយន្តខ្លីបែបក្ដៅសាច់រវាងនារីខ្មែរ និងជនបរទេសនៅលើបណ្ដាញសង្គម៕

website_news/2023261005.txt · Last modified: 2023/10/26 10:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki