website_news:2023261006

រាជរដ្ឋាភិបាលថៃ នឹងបញ្ចុះតម្លៃការធ្វើទិដ្ឋាការការងារដល់កម្មករខ្មែរពី១៩០០បាត មកត្រឹម ៥០០បាត

https://www.btv.com.kh/article/33219 2023/10/25 02:39:19 pm

កំពង់ចាម៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រាជរដ្ឋាភិបាលនៃប្រទេសថៃ បានសម្រេចបញ្ចុះតម្លៃ នៃការធ្វើទិដ្ឋាការ (VISA) ការងារ ដល់កម្មករ និយោជិតខ្មែរ ដែលទៅធ្វើការនៅប្រទេសថៃ ពីតម្លៃ១៩០០ (ប្រមាណ៥០ដុល្លា) មកត្រឹម ៥០០បាត (ជិត១៥ដុល្លារ) ។

ក្នុងពិធីសំណេះសំណាលកម្មករនិយោជិតជាង ១ម៉ឺន ២ពាន់នាក់ នៅខេត្តកំពង់ចាម ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា កាលពីជំនួបទ្វេភាគីរបស់សម្ដេចធិបតី បានស្នើទៅកាន់នាយករដ្ឋមន្ត្រីថៃ ជួយកាត់បន្ថយនូវបន្ទុកចំណាយផ្សេងៗ របស់ពលករខ្មែរ ដែលទៅធ្វើការងារនៅប្រទេសថៃ ជាការឆ្លើយតប ទើបរាជរដ្ឋាភិបាលថៃ បានសម្រេចបញ្ចុះនូវតម្លៃធ្វើទិដ្ឋាការ ដែលត្រូវអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០២៣តទៅ ។

គួរបញ្ជាក់ថា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃប្រទេសថៃ បានធ្វើដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូង ក្នុងតំណែងជានាយករដ្ឋមន្ត្រី មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ មានជំនួបទ្វេភាគី និងពិភាក្សាការងារជាមួយសម្ដេចធិបតី លើការងារមួយចំនួន ។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានសន្យាបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជា ការផ្សារភ្ជាប់វិស័យសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង វិស័យទេសចរណ៍ វិស័យអប់រំ វិស័យការងារ វិស័យការពារជាតិ រួមទាំងវិស័យសំខាន់ៗមួយចំនួនទៀត ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជន នៃប្រទេសទាំងពីរ ដែលជាប់ព្រំដែននឹងគ្នា ។

ជាមួយគ្នានោះ តបតាមសំណើរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីថៃ នឹងពិចារណាដោយយកចិត្តទុកដាក់បំផុត ចំពោះសំណើរឲ្យមាននីតិវិធីអន្តោប្រវេសន៍ និងការសម្រួលនៅតាមព្រំដែនប្រសើរជាងមុន ព្រមទាំងពន្លឿននីតិវិធីបង្កើតអគ្គកុងស៊ុលកម្ពុជា នៅក្នុងខេត្តសុងក្លា ដើម្បីពង្រីកសេវាកុងស៊ុលជួយប្រជាពលរដ្ឋកម្ពុជា ដែលធ្វើការ និងស្នាក់នៅក្នុងភាគខាងត្បូង នៃប្រទេសថៃផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

website_news/2023261006.txt · Last modified: 2023/10/26 10:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki