website_news:2023261007

ក្រសួងកិច្ចការនារីរៀបចំវគ្គបណ្ដុះ បណ្ដាលគ្រូបង្គោលថ្នាក់តំបន់ស្ដីពី ការទប់ស្កាត់ការរំលោភបំពានផ្លូវ ភេទលើស្ដ្រី និងក្មេងស្រី

https://www.information.gov.kh/articles/116545 ចេញផ្សាយ ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣ ក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី ”ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ដ្រី និងក្មេងស្រី” ជូនដល់សិក្ខាកាម ដែលជាគ្រូបង្គោលមកពីរាជធានី ខេត្តចំនួន៩ គឺ ខេត្តកំពង់ចាម ព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ បាត់ដំបង មណ្ឌលគីរី ស្វាយរៀង និងខេត្តកែប ដែលមានសិក្ខាកាមចូលរួម ៤២នាក់។ វគ្គបណ្ដុះបណ្ដាលនេះ បានប្រារព្វឡើងក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួង កិច្ចការនារី លោកស្រី គឹម ចន្នី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត។

លោកស្រី គឹម ចន្នី អភិបាលរង ខេត្តកែប បានបញ្ជាក់ថា៖ ខេត្តកែប មានបទល្មើសព្រហ្មទណ្ឌ ៧ករណី បទឧក្រិដ្ឋ ៥ករណី ចំពោះបទ ល្មើសការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ពុំមានឡើយ។ កន្លងមកមន្ទីរកិច្ចការនារីខេត្ត បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការទប់ស្កាត់ការរំលោភបំពានផ្លូវភេទស្ដ្រី និងក្មេងស្រី ទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ទប់ស្កាត់ការជួញ ដូរមនុស្ស អាជីវកម្មផ្លូវភេទ ទប់ ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន ៣លើក ជូនដល់មន្ត្រីបង្គោលយេនឌ័រតាមមន្ទីរវិស័យ ក្រុង ស្រុក គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ សង្កាត់, បានបញ្ជ្រាបការយល់ដឹងអំពីការទប់ស្កាត់អំពើរំលោភបំពានផ្លូវភេទលើស្រ្ដី និងកុមារ ក្នុងកិច្ច ប្រជុំ សិក្ខាសាលា ទិវានារីអន្ដរជាតិ ៨មីនា។ លោកស្រីបានបន្ដថា ឆ្នាំ២០២២ កន្លងទៅ ខេត្តកែបបានកាត់បន្ថយអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកែប ពី១៦,៤៩% នៅឆ្នាំ២០២១ មកត្រឹម២,៦១% នៅឆ្នាំ២០២៣នេះ។

មានប្រសាសន៍ បើកវគ្គបណ្ដុះ បណ្ដាលក្នុងឱកាសនោះ លោក ជំទាវ ហ៊ូ សាមិត្ត បញ្ជាក់ថា៖ អំពើរំលោភបំពានផ្លូវភេទ រួមមាន ការ រំលោភសេពសន្ថវៈ អំពើប្រទូស្តកេរខ្មាស់ អំពើបង្ហាញកេរភេទ អំពើរុកកួនខាងផ្លូវភេទ អំពើអាសអាភាសប្រឆាំនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ រូបភាព និង សម្ភារៈអាសអាភាសផ្សេងៗ គឺជាអំពើខុសច្បាប់ ហើយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជនរងគ្រោះ និងការអភិវឌ្ឍធនធានមនុស្ស។ លោកជំទាវបញ្ជាក់ថា យោងតាមទិន្នន័យដែលទទួលបាន នៅក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៣ មន្ទីរកិច្ចការនារីរាជធានី ខេត្ត ទាំង២៥ បានផ្ដល់សេវាជូនជនរងគ្រោះចំនួន ២៧៤ករណី និងមានករណីរំលោភ ២៥៩ករណី ក្នុងនោះជនល្មើសជាប់ពន្ធនាគារចំនួន ២២៩នាក់ រត់គេចខ្លួន ៦៤នាក់ និងបញ្ជូនទៅតុលាការចំនួន ២២៩ ករណី ។ ចំពោះករណីរំលោភបំពានស្ដ្រី និងកុមារ ក្នុងឆ្នាំ២០២២ មានចំនួន ៣០៧ករណី ក្នុងនោះមានរំលោភ២៨២ករណី ស្លាប់៣ករណី ជនល្មើសជាប់ពន្ធនាគារ ២៥៨នាក់ រត់គេចខ្លួន ៥១នាក់ និងបញ្ជូនទៅតុលាការ២៥៨ករណី។

ក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃនេះ លោជំទាវក្រើនរំលឹក គ្រូបង្គោលមកពីខេត្តទាំង៩ ឲ្យយកចិត្តទុកដាក់ តាមដានរាល់បទបង្ហាញរបស់គ្រូឧទ្ទេស ដើម្បីយកចំណេះដឹងទៅបន្ដអនុវត្តការងារ និងជួយដល់ជនរងគ្រោះ ឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃនេះ បានលើកឡើងនូវប្រធានបទរួមមាន ការយល់ដឹងអំពីការរំលោភបំពានផ្លូវភេទ, ដំណោះស្រាយនានាពាក់ព័ន្ធ នឹងអំពើរំលោភបំពានផ្លូវភេទ, ចំណុចសំខាន់ៗមួយចំនួនដែលត្រូវអនុវត្ត ដើម្បីឈានទៅរកដំណោះស្រាយផ្លូវច្បាប់, សុខភាពផ្លូវចិត្ដ និងបញ្ហាចិត្តសង្គម, ការលើកកម្ពស់សីលធម៌សង្គម, ការការពារខ្លួន និងស្វែងរកជំនួយ, កិច្ចប្រជុំពិភាក្សាផ្សព្វផ្សាយនៅសហគមន៍៕

website_news/2023261007.txt · Last modified: 2023/10/26 10:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki