website_news:2023261201

លោក ហេង សួរ ៖ ការធ្វើទេសន្តរប្រវេសន៍ ជោគជ័យត្រូវការភាគី៥ សប្បាយចិត្ត

https://dap-news.com/national/2023/12/23/381457/ ByPH104Posted on December 23, 2023 10:09 am

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ កាលពីថ្ងៃទី២២ ខែធ្នូម្សិលមិញ បានលើកឡើងថា ការធ្វើទេសន្តរប្រវេសន៍ជោគជ័យ ត្រូវការភាគីចំនួន៥សប្បាយចិត្ត។

ចំណុចទាំង៥ នោះរួមមាន ទី១ ពលករខ្មែរដែលចង់ធ្វើការ នៅបរទេសប្បាយចិត្ត ព្រោះមានការងារ ដែលមានលក្ខខណ្ឌសមរម្យ និងមានការ យកចិត្តទុកដាក់ និងទទួលបានព័ត៌មាន គ្រប់ជ្រុងជ្រោយ ទី២ និយោជក នៃប្រទេសទទួលពលករ ដែលត្រូវតែសប្បាយចិត្ត ព្រោះមានកម្លាំងពលកម្ម សម្រាប់សង្វាក់ផលិតកម្ម របស់ខ្លួន ។

ដោយឡែក ទី៣គឺ ក្រុមគ្រួសាររបស់ពលករទាំងអស់ សប្បាយចិត្តនិងអបអរសាទរ ព្រោះកូនចៅរបស់ខ្លួន មានការងារធ្វើដោយសុវត្ថិភាព និងមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ហើយ ទី៤ អ្នកសម្របសម្រួល ឬភ្នាក់ងារជ្រើសរើសឯកជន ពីប្រទេសបញ្ជូន និងដៃគូរទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា នៅប្រទេសគោលដៅ ដែលគេចផុតពីបណ្តឹងរបស់ពលករ និងទទួលបានប្រាក់ចំណេញ សមរម្យដោយមិនហួសហេតុ ដែលគ្រប់ភាគីទទួលលយកបាន ។

និងទី៥ចុងក្រោយ រដ្ឋាភិបាលប្រទេសបញ្ជូន និងប្រទេសទទួលដែលត្រូវសប្បាយចិត្ត។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាដែលជាប្រទេសបញ្ជូន សប្បាយចិត្តដោយពលរដ្ឋរបស់ខ្លួនទទួលបានការគាំពារ និងកិច្ចអន្តរាគមន៍ពីប្រទេសទទួល ហើយប្រទេសទទួលក៏សប្បាយរីករាយ ដោយសារមានកម្លាំងពលកម្ម ដែលបំពេញកង្វះខាតដើម្បីធានានិរន្តរភាព សេដ្ឋកិច្ចនៃប្រទេសជាតិរបស់ខ្លួន។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ “ប្រសិនបើភាគីទាំង៥នេះ មិនសប្បាយចិត្តនោះទេ គឺការធ្វើទេសន្តរប្រវេសន៍មិនជោគជ័យ នោះទេព្រោះភាគីទាំង៥នេះ ត្រូវតែសប្បាយចិត្តដូចៗ គ្នាដោយគ្មានភាគីណាមួយសប្បាយចិត្ត ហើយភាគីមួយទៀតមិនសប្បាយចិត្តនោះទេ”។ សម្រាប់លោករដ្ឋ មន្ត្រី ចំណុចទាំងនេះ គឺជាកិច្ចការអាទិភាព របស់ក្រសួង ដែលនឹងត្រូវធ្វើនៅអាណត្តិទី៧នេះ ដើម្បីធានាថាភាគីទាំងអស់ សប្បាយចិត្តក្នុងគោលបំណង ធ្វើឱ្យការធ្វើទេសន្តរប្រវេសន៍ ពីកម្ពុជាជោគជ័យ ៕

website_news/2023261201.txt · Last modified: 2023/12/26 09:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki