website_news:2023261202

ស្ថានទូតខ្មែរក្នុងប្រទេសថៃ អន្តរាគមករណីពលករខ្មែររងការជះទឹកក្ដៅពីជនជាតិភូមា

https://www.rfi.fr/km//20231224-?utm_medium=social&utm_campaign=telegram&utm_source=shorty ចុះផ្សាយនៅថ្ងៃ៖ 24/12/2023 - 09:49

នារីជនជាតិខ្មែរ ដែលធ្វើការក្នុងប្រទេសថៃ បានស្វែងរកកិច្ចអន្តរាគមន៍ពីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ក្រោយអះអាងថា ត្រូវបានអ្នកធ្វើការជាមួយគ្នាជាជនជាតិភូមាប៉ុនប៉ងសម្លាប់ ដោយបានជះទឹកក្ដៅលើផ្ទៃមុខ។ យ៉ាងណា ក្រោយការដាក់ពាក្យបណ្ដឹងរបស់នារីរងគ្រោះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថា ជនបង្កក៏បានមកទទួលកំហុស ខណៈបច្ចុប្បន្នជនរងគ្រោះកំពុងស្នាក់នៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ ដោយប្រើប័ណ្ណធានារ៉ាប់រងសង្គម។

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអាទិត្យទី២៤ធ្នូនេះ លោកអាន សុខឃឿន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ករណីពលករខ្មែររងការជះទឹកក្ដៅពីអ្នករួមការងារនេះ ត្រូវបានស្ថានទូតខ្មែរប្រចាំប្រទេសថៃអន្តរាគមរួចរាល់ហើយ។ ទន្ទឹមនឹងនេះ ជនបង្កក៏យល់ព្រមផ្ដល់ប្រាក់សំណងមួយចំនួនទៅជនរងគ្រោះផងដែរ ក្រោយបានមកទទួលស្គាល់កំហុសនៅចំពោះមុខកម្លាំងសមត្ថកិច្ចថៃ។ ក្រៅពីនេះ អំឡុងពេលដែលនារីរងគ្រោះកំពុងសម្រាកព្យាបាលផ្ទៃមុខនៅឯមន្ទីរពេទ្យថៃនេះ ស្ថានទូតខ្មែរប្រចាំប្រទេសថៃ ក៏បានសម្របសម្រួលឲ្យថៅកែនៅតែផ្ដល់ប្រាក់ខែជាធម្មតាទៅឲ្យជនរងគ្រោះរូបនេះ។

គួរជម្រាបថា បើតាមការរៀបរាប់របស់នារីរងគ្រោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៤ខែធ្នូ នារីរងគ្រោះរូបនេះ បានបម្រើការជាអ្នកធ្វើការងារផ្ទះជាមួយជនបង្កដែលជាជនជាតិភូមានិងជនជាតិថៃផ្សេងទៀត។ តាមការអះអាងនារីរងគ្រោះដដែល ដោយខ្លួនទទួលបានក្ដីស្រលាញ់ច្រើនពីថៅកែ ជនបង្កក៏មានចិត្តច្រណែនចង់ឲ្យជនរងគ្រោះខូចសម្រស់ ទើបជះទឹកក្ដៅមកលើខ្លួនយ៉ាងដូច្នេះ៕

website_news/2023261202.txt · Last modified: 2023/12/26 09:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki