website_news:2023261203

ប្រធាន IOM សរសើរក្រសួងការងារលើយន្តការការពារសិទ្ធិពលករ នៅក្រៅប្រទេស

https://kohsantepheapdaily.com.kh/article/1854901.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ភ្នំពេញ២៥ ខែ ធ្នូ ឆ្នាំ ២០២៣ ម៉ោង ១៣:៥១

រាជធានីភ្នំពេញ ៖ លោកស្រី Kristin Parco ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា បានកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចការគាំពារ និងលើកកម្ពស់សិទ្ធិពលករទសន្តប្រវេសន៍ ដោយអះអាងក្រសួងមានគំនិតផ្តួចផ្តើម និងយន្តការការពារជាច្រើនទាំងក្នុងប្រទេស កម្រិតតំបន់ និងអន្តរជាតិ ។

ថ្លែងក្នុងទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ ២០២៣ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ នាទីស្តីការក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ លោកស្រីថា ក្រោមការដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើវិស័យការងារ និងពលករទេសន្តប្រវេសន៍ ដែលបានធ្វើឱ្យវិស័យនេះក្លាយជាយន្តការគន្លឹះជាអាទិភាពមួយក្នុងការលើកកម្ពស់ និងការពារសិទិ្ធពលករចំណាកស្រុក ។ តាមរយៈយន្តការនេះ កម្ពុជា បានលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនៅជីវភាពរបស់ពលករតាមរយៈគំនិតផ្តួចផ្តើមជាច្រើន និងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ។

លោកស្រីបានបន្តគូសបញ្ជាក់ថា ពលករចំណាកស្រុកកម្ពុជាគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេចដ្ឋកិច្ចជាតិតាមរយៈចំណូលប្រមាណ ២.២ ពាន់លាន់ដុល្លារក្នុងរយៈពេល ១ ឆ្នាំៗខណៈដែលកម្ពុជាមានពលរដ្ឋចំណាកស្រុកប្រមាណ ១.៣ លាននាក់ដែលកំពុងបម្រើការងារនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សឹង្ហបូរី កោះហុងកុង និងរាជាណាចក្រអារ៉ាប៊ីសាវអូឌីត ។

សម្រាប់លោកស្រី បើទោះបីជាបញ្ហាពលករចំណាកស្រុកជាបញ្ហាអន្តរជាតិនិងមានភាពស្មុគស្មាញ ប៉ុន្តែក្នុងនាម IOM និងអង្គការអន្តរជាតិខាងការងារ (ILO) បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងការធ្វើចំណាកស្រុកដោយស្របច្បាប់ ៕ អត្ថបទសហការ

website_news/2023261203.txt · Last modified: 2023/12/26 09:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki