website_news:2023270102

សមាជិកព្រឹទ្ធសភាហ្វីលីពីនមើលឃើញពីវិបត្តិដែលកំពុងកើតមាននៅក្នុងប្រតិបត្តិការបោកប្រាស់គ្រីបតូក្នុងប្រទេសកម្ពុជា

https://www.khmertimeskh.com/501226829/-2/ Khmer Times January 26, 2023

សមាជិកព្រឹទ្ធសភាហ្វីលីពីននៅថ្ងៃពុធទី២៥ ខែមករាបាននិយាយថាពួកគេមើលឃើញពីវិបត្តិប្រសិនបើនៅមានជនជាតិហ្វីលីពីនត្រូវបានបោកប្រាស់អោយធ្វើការខុសច្បាប់ក្នុងប្រតិបត្តិការបោកប្រាស់គ្រីបតូ។

សមាជិកព្រឹទ្ធសភា Risa Hontiveros ប្រធានគណៈកម្មាធិការព្រឹទ្ធសភាស្តីពីស្ត្រី កុមារ ទំនាក់ទំនងគ្រួសារ និងសមភាពយេនឌ័រ បានលើកឡើងពីបញ្ហានេះ ក្នុងអំឡុងពេលបន្តការស៊ើបអង្កេតរបស់ខ្លួនអំពីចំនួនប្រជាជនហ្វីលីពីនដែលត្រូវបានគេបោកប្រាស់ និងជួយសង្គ្រោះពីក្រុមជនពាលដែលកំពុងប្រើប្រាស់ពួកគេក្នុងប្រតិបត្តិការបោកប្រាស់នៅកម្ពុជា និងកន្លែងផ្សេងទៀត។ “នេះជាវិបត្តិមនុស្សធម៌ដែលកំពុងកើតឡើងបង្កដោយក្រុមឧក្រិដ្ឋជនទាំងនោះដែលប្រើហិង្សាចាប់ចង និងឆក់ដោយចរន្តអគ្គិសនី។ «យើងត្រូវបន្តប្រឹងប្រែងរហូតទាល់តែអ្នកដែលឃុបឃិតជាមួយក្រុមជនពាលទាំងនេះត្រូវបានចាប់ដាក់គុក។ ចំណាត់ការយឺតនឹងនាំឱ្យប្រជាជនហ្វីលីពីនច្រើនទៀតត្រូវបានធ្លាក់ចូលទៅក្នុងអន្ទាក់នៃក្រុមជនពាល»។ ក្នុងអំឡុងពេលសវនាការ សាក្សីម្នាក់បានបង្ហាញថា បុគ្គលិកនៃការិយាល័យអន្តោប្រវេសន៍ (BI) ដែលមានមូលដ្ឋាននៅទីក្រុង Clark, Pampanga បានសម្របសម្រួលការធ្វើដំណើររបស់ជនរងគ្រោះទៅក្រៅប្រទេស។

ព្រឹទ្ធសមាជិក Raffy Tulfo និង Hontiveros បានសាកសួរភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ រួមទាំងមន្ត្រីអាកាសយានដ្ឋាន ថាតើជនរងគ្រោះទាំងនេះអាចចេញពីប្រទេសដោយប្រើឯកសារក្លែងក្លាយយ៉ាងដូចម្តេច។ ក្នុងអំឡុងពេលសវនាការ ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដែលត្រូវបានជួញដូរមកកម្ពុជា ដែលត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរបានផ្តល់សក្ខីកម្មថា ថៅកែចិនរបស់គាត់បានបង្ខិតបង្ខំគាត់ឱ្យបោកប្រាស់ជនជាតិហ្វីលីពីនផ្សេងទៀតឱ្យធ្វើការក្នុងប្រតិបត្តិការគ្រីបតូខុសច្បាប់។

យោងតាម Ron ប្រធានផ្នែកជ្រើសរើសរបស់ពួកគេគឺ Rachel Almendra Luna មានទំនាក់ទំនងជាមួយមន្ត្រីការិយាល័យអន្តោប្រវេសន៍ (BI) នៅអាកាសយានដ្ឋានអន្តរជាតិ Clark ។ សាក្សីបាននិយាយនៅក្នុងសវនាការថា “Rachel បាននិយាយយ៉ាងច្បាស់ថាពួកគេកំពុងទាក់ទងទៅមន្រ្តីអន្តោប្រវេសន៍ដើម្បីឱ្យជនជាតិហ្វីលីពីនអាចចេញពីប្រទេសបាន ប៉ុន្តែនាងមិនបានប្រាប់ឈ្មោះនៃមន្រ្តីអន្តោប្រវេសន៍នោះទេ” ។ Ron ក៏បាននិយាយផងដែរថា ពួកគេធ្វើការជ្រើសរើសបុគ្គលិករបស់ពួកគេនៅលើFacebook ដោយការបង្ហោះការផ្សាយពាណិជ្ជកម្ម អោយប្រជាជនហ្វីលីពីនឱ្យដាក់ពាក្យសុំមុខតំណែងភ្នាក់ងារបម្រើអតិថិជននៅកម្ពុជា ជាមួយនឹងប្រាក់បៀវត្សរ៍យ៉ាងតិច ៦០០ ដុល្លារក្នុងមួយខែ។ ជាមួយនឹងព័ត៌មាននេះ Hontiveros បាននិយាយថា Facebook “ចាំបាច់ត្រូវដោះស្រាយចំពោះបញ្ហាជួញដូរទាំងនេះ ដែលប្រព្រឹត្តនៅលើបណ្តាញFacebookរបស់ពួកគេ”។ Hontiveros បានបន្តថា “ក្រុមហ៊ុនត្រូវតាមដាននូវរាល់ការបង្ហោះព័ត៌មានទាំងនេះ។ ពួកគេគួរតែលុប ឬបិទគណនីទាំងនេះ ដូច្នេះពួកគេមិនអាចបោកប្រាស់ជនជាតិហ្វីលីពីនបន្ថែមទៀតបានទេ “។

នៅក្នុងសវនាការផងដែរ Ron បានបង្ហើបថា ថៅកែរបស់គាត់បានឱ្យគាត់រៀបចំឯកសាររដ្ឋបាលការងារនៅក្រៅប្រទេសហ្វីលីពីន (POEA) ដោយប្រើឈ្មោះក្រុមហ៊ុនមួយផ្សេងទៀត លិខិតអញ្ជើញក្លែងក្លាយ និងឯកសារផ្សេងទៀត។ គាត់ត្រូវបានផ្តល់វិញ្ញាបនបត្រការងារនៅបរទេស ទោះបីជាគាត់បានដាក់ឯកសារក្លែងក្លាយក៏ដោយ។

Hontiveros បាននិយាយថា វាជារឿងចាំបាច់សម្រាប់អាជ្ញាធរហ្វីលីពីនធ្វើការយ៉ាងជិតស្និទ្ធជាមួយសមភាគីរបស់ពួកគេនៅក្នុងប្រទេសផ្សេងទៀត ដើម្បីលុបបំបាត់ការជួញដូរមនុស្ស។ “Facebook, Telegram, WhatsApp, Linked In, កម្មវិធីណាត់ជួប និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រផ្ញើសារក៏មានចំណែកពាក់ព័ន្ធនៅក្នុងបញ្ហានេះផងដែរ។ នេះគឺជាកន្លែងដែលការជ្រើសរើសបុគ្គលិកក្លែងក្លាយកើតឡើង ហើយការក្លែងបន្លំប្រឆាំងនឹងជនបរទេសក៏កើតឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ គេហទំព័រទាំងនេះបានបង្កអោយមានភាពងាយស្រួលសម្រាប់ក្រុមជួញដូរមនុស្សលោកស្រីបានចង្អុលបង្ហាញថា ដូច្នេះ នេះមិនមែនត្រឹមតែជាបញ្ហារបស់ហ្វីលីពីន ឬប្រទេសអាស៊ានជិតខាងរបស់យើងទេ។ ការជួញដូរមនុស្សគឺជាបញ្ហាអន្តរជាតិ។ វាដល់ពេលដែលយើងត្រូវដោះស្រាយវាអោយបានទូលំទូលាយ” ។

ចំណែក Tulfo បានអំពាវនាវឱ្យភ្នាក់ងារអនុវត្តច្បាប់កំណត់អត្តសញ្ញាណ និងចាប់ខ្លួនក្រុមជួញដូរមនុស្សឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយកត់សម្គាល់ពីរបៀបដែលក្រុមទាំងនេះកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ Tulfo បានសង្កត់ធ្ងន់ថា “ការជួញដូរមនុស្សរំលោភលើសិទ្ធិជាមូលដ្ឋានរបស់ជនរងគ្រោះ។ ដូច្នេះ វាគួរតែប្រៀបដូចទៅនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ។ Tulfo ក៏បានលើកទឹកចិត្តសមាជិកនៃក្រុមប្រឹក្សាអន្តរទីភ្នាក់ងារប្រឆាំងនឹងការជួញដូរ (IACAT) ឱ្យរួបរួមគ្នាប្រឆាំងនឹងការជួញដូរមនុស្ស និងធានាថាអ្នកជួញដូរមនុស្សត្រូវបានកាត់ទោស និងផ្តន្ទាទោស ដើម្បីបញ្ចប់ការជួញដូរមនុស្សគ្រប់ទម្រង់នៅក្នុងប្រទេស។ Manila Bulletin

website_news/2023270102.txt · Last modified: 2023/01/27 09:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki