website_news:2023270105

ថៃរឹតបន្តឹងការធ្វើការខុសច្បាប់របស់ជនបរទេស

https://kbn.news/archives/286509 January 26, 2023

ប្រទេសថៃ ៖ ក្រសួងការងារថៃបានដាស់តឿនដល់និយោជកទាំងឡាយ ដែលជួលកម្មករបរទេសមកធ្វើការដោយគ្មានប័ណ្ណអនុញ្ញាត នឹងត្រូវពិន័យជាប្រាក់ចាប់ពី១ម៉ឺនបាត ដល់១០ម៉ឺនបាតសម្រាប់កម្មករបរទេសម្នាក់ ។ ក្នុងករណីធ្វើខុសម្តងទៀត នឹងជាប់គុកមិនលើសពី១ឆ្នាំ ហើយពិន័យចាប់ពី៥ម៉ឺនបាត ដល់២០ម៉ឺនបាត ឬទាំងជាប់គុក ទាំងពិន័យ ។ កម្មករបរទេសដែលលួចមកធ្វើការខុសច្បាប់នៅប្រទេសថៃ គឺត្រូវពិន័យចាប់ពី៥ពាន់បាត ដល់៥ម៉ឺនបាត និងត្រូវបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ ។

លោក សុឆាត ឈុំគ្លីន រដ្ឋមន្ត្រីក្រសួងការងារបង្ហាញថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានជំរុញឱ្យក្រសួងការងារគ្រប់គ្រងលើការងាររបស់កម្មករបរទេស ក្រោយពីការរាតត្បាតនៃជំងឺកូវីដ-១៩ បានធូរស្បើយ ។ កម្លាំងពលកម្មជាកត្តាមិនអាចខ្វះបានក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ច ហេតុនេះ ក្រសួងការងារបានកែតម្រូវច្បាប់ ដោយផ្តោតលើនិយោជក គ្រឹះស្ថាននានា និងកម្មករបរទេស ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី ដែលអនុញ្ញាតឱ្យកម្មករបរទេសស្នាក់នៅ និងធ្វើការជាបណ្តោះអាសន្ន ។

បច្ចុប្បន្ន គេប្រទះឃើញកម្មករបរទេសលួចចូលមកធ្វើការជាបន្តបន្ទាប់ ហេតុនេះ ក្រសួងការងារសហការជាមួយផ្នែកសន្តិសុខដូចជា ទាហាន និងប៉ូលិស បានរៀបចំក្រុមការងារពិសេសចុះត្រួតពិនិត្យ បង្ក្រាប និងចាប់ខ្លួនកម្មករបរទេស និយោជក និងអ្នកពាក់ព័ន្ធនឹងការនាំចូលកម្មករបរទេសខុសច្បាប់មកធ្វើការ ដើម្បីការពារមិនឱ្យធ្វើខុសទៀត និងដាក់ទោសឱ្យចងចាំ ។

លោក សុឆាត ឈុំគ្លីន និយាយថា ៖ «សូមដាស់តឿន និងសហការជាមួយនិយោជក ម្ចាស់គ្រឹះស្ថាន មិនត្រូវជួលកម្មករបរទេសខុសច្បាប់ទេ បើចង់ជួលពួកគេ គឺនិយោជកត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ។ បើនិយោជក និងកម្មករបរទេសបានអនុវត្តតាមលក្ខខណ្ឌ និងច្បាប់ត្រឹមត្រូវ ពួកគេនឹងទទួលបានអត្ថប្រយោជន៍ពីសន្តិសុខសង្គម និងទទួលបានការការពារសិទ្ធិតាមច្បាប់ការងារ មិនខុសគ្នាពីពលរដ្ឋថៃ ព្រោះយើងមើលថែកម្មករបរទេសនិងថៃ ស្មើភាពគ្នាតាមសិទ្ធិមនុស្ស» ។

ចំណែកលោក ផៃរ៉ូច ឈោតិសៈធៀន អគ្គនាយកដ្ឋានការងារ ថ្លែងថា បើអ្នកណាម្នាក់ប្រទះឃើញ ឬសង្ស័យថា មានជនបរទេសលួចចូលមកធ្វើការខុសច្បាប់ក្នុងប្រទេសថៃ គឺអាចផ្តល់ដំណឹងទៅកាន់ការិយាល័យការងារគ្រប់ខេត្ត ការិយាល័យការងារក្រុងបាងកក ឬរាយការណ៍ទៅក្រសួងការងារ ៕

website_news/2023270105.txt · Last modified: 2023/01/27 09:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki