website_news:2023270202

ក្នុងមួយឆ្នាំៗពលករកម្ពុជានៅក្រៅប្រទេសបានផ្ញើប្រាក់មកផ្ទះ ចំនួន ២,៧ប៊ីលានដុល្លារ

https://btv.com.kh/article/20538 2023/02/24 01:19:04 pm

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ន បានផ្តល់ឱកាសការងារជូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសសរុប មានចំនួន ១,៣លាននាក់ ហើយជាមធ្យម ពលករទាំងនោះបានបញ្ជូនប្រាក់បញ្ញើមកក្នុងប្រទេសវិញក្នុងមួយឆ្នាំៗសរុបប្រមាណ ២,៧ប៊ីលានដុល្លារអាម៉េរិក។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានរៀបរាប់ថា ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសប្រមាណ ១ ,៣លាននាក់នេះ ក្នុងនោះ ប្រទេសថៃ មានចំនួន ១,២លាននាក់, កូរ៉េ ជិត ៥ម៉ឺន, ជប៉ុន ជាង ១ម៉ឺន ៦ពាន់នាក់, ម៉ាឡេស៊ី ជាង ២ម៉ឺន ២ពាន់នាក់, សិង្ហបុរី ៨៥១នាក់, តំបន់រដ្ឋបាលពិសេសហុងកុង ២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីត ១១នាក់។ ឯកឧត្តមរដ្ឋមន្រ្តី ចាត់ទុកថា នេះជាការរួមចំណែកមួយរបស់បងប្អូនពលករនៅប្រទេស ពិតមែនតែពួកគាត់ទៅធ្វើការដើម្បីរកប្រាក់ចំណូលផ្ទាល់ខ្លួន ហើយផ្គត់ផ្គង់ក្នុងគ្រួសារ ប៉ុន្តែបានរួមចំណែកនៅក្នុងការបន្ថែមធនធានមកឲ្យប្រទេស តាមរយៈការផ្ញើរមកឲ្យគ្រួសារ។ ឯកឧត្តម បន្ថែមថា ក្រសួងបានបន្តជំរុញការអនុវត្តគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារ សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងការការពារ និងការលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍បងប្អូនពលករទាំងការទទួលបានកិច្ចគាំពារសង្គមក្នុងពេលបម្រើការងារ និងពេលត្រឡប់មកស្រុកកំណើតវិញ។

ពាក់ព័ន្ធការរស់នៅ និងបំពេញការងាររបស់ពលករកម្ពុជា នៅក្រៅប្រទេសនេះ រដ្ឋាភិបាលកម្ពុជា បានកំពុងបន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូ រួមមាន ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារជូនពលករ ក៏ដូចជាការការពារសិទ្ធិ និងផលប្រយោជន៍ពលករដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណៈសម្បត្តិឱ្យពលករ ឲ្យទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ។ បន្ថែមពីនេះទៀត រដ្ឋាភិបាលកម្ពុជា បាននឹងកំពុងសហការជាមួយបណ្តាប្រទេសអាស៊ានក្នុងការអនុវត្តរបបសោធន ដោយពលករអាចផ្ទេរសមាជិកភាព អតីតភាពការងារ និងការបង់ភាគទានបេឡាសន្តិសុខសង្គមពីប្រទេសមួយទៅប្រទេសមួយ បន្ទាប់ពីចប់កិច្ចសន្យាការងារដើម្បីធ្វើជាមូលដ្ឋានក្នុងការគិតប្រាក់សោធននិវត្តន៍ផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

website_news/2023270202.txt · Last modified: 2023/02/27 11:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki