website_news:2023270205

កម្ពុជា-ថៃ ផ្សព្វផ្សាយការបង្ក្រាបមជ្ឈមណ្ឌលឆបោក និងការបើកសម្ពោធស្ពានមិត្តភាព

https://www.khmertimeskh.com/501245333//?p=1245333 Khmer Times February 25, 2023

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ដន ប្រាមុតវិណៃ (Don Pramudwinai) ពីថ្ងៃទី២៣-២៤ ខែកុម្ភៈ។ ឧបនាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីថៃ និងចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នៅវិមានរដ្ឋាភិបាល។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ជំរុញការតភ្ជាប់កាន់តែធំ ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីរក្សាសន្តិភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនដែលរស់នៅតាមតំបន់ព្រំដែន។ ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបណ្តាញបោកប្រាស់ដែលហៅថា “មជ្ឈមណ្ឌលហៅទូរស័ព្ទ” ហើយសំខាន់បំផុតគឺលើកកម្ពស់មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមកនៅកម្រិតប្រជាជនទៅប្រជាជន។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានមិត្តភាពកម្ពុជា-ថៃ (បានណងអៀន-ស្ទឹងបត់) តភ្ជាប់ខេត្តស្រះកែវ និងខេត្តបន្ទាយមានជ័យ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅតំបន់ព្រំដែន។ ភាគីថៃស្នើឲ្យប្រទេសទាំងពីរបង្កើតគណៈកម្មាធិការមួយដើម្បីបង្រ្កាបការឆបោកមជ្ឈមណ្ឌលហៅទូរស័ព្ទ និងការជួញដូរមនុស្ស។

ប្រទេសទាំងពីរនឹងពន្លឿនការបោសសម្អាតមីនមនុស្សធម៌ នៅក្នុងតំបន់សាកល្បងចំនួនដប់នៅតាមព្រំដែនតាមការព្រមព្រៀងដោយមេដឹកនាំនៃប្រទេសទាំងពីរ។ ការសាងសង់ស្ពានប្រវែង៦២០ម៉ែត្រ ត្រូវបានបញ្ចប់ក្នុងឆ្នាំ២០១៩ ហើយគ្រឿងបរិក្ខារពាក់ព័ន្ធទាំងអស់នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៤។ ប្រហែល ៦០ ភាគរយនៃពាណិជ្ជកម្មថៃ-កម្ពុជា ពឹងផ្អែកលើច្រកព្រំដែនអចិន្ត្រៃយ៍បានក្លងលឹក-ប៉ោយប៉ែតតែមួយ។ ការបើកសម្ពោធស្ពានមិត្តភាពកម្ពុជា-ថៃ នឹងជំរុញឱកាសអាជីវកម្ម និងសេដ្ឋកិច្ចក្នុងតំបន់។ តម្លៃពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសថៃ និងកម្ពុជាមានកំណើនជិត ២៣ ភាគរយ។ ប្រទេសទាំងពីរកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៥។ TNA

website_news/2023270205.txt · Last modified: 2023/02/27 11:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki