website_news:2023270303

បិទវគ្គបណ្តុះបណ្តាល ស្តីពីការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សឆ្លងដែន ការកំណត់អត្តសញ្ញាណជនរងគ្រោះ ការស៊ើបអង្កេតប្រមូលភស្តុតាងនិងបង្ក្រាបករណីជួញដូរមនុស្ស

https://www.gdlf-kh.com/2023/03/23/ Noun Vanny បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ បន្ទាប់ពីបើកវគ្គសិក្សាអស់រយៈពេល០៣ថ្ងៃ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃពុធ ១ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ វគ្គបណ្តុះបណ្តាល ស្តីពីការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សឆ្លងដែន ការកំណត់អត្តសញ្ញាណជនរងគ្រោះ ការស៊ើបអង្កេតប្រមូលភស្តុតាងនិងបង្ក្រាបករណីជួញដូរមនុស្ស ត្រូវបានរៀបចំពិធីបិទក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងសិក្ខាកាមមកពីអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង០៩ វរសេនាតូចការពារព្រំដែនគោកទាំង០៤ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បញ្ជាការដ្ឋានសិករងខេត្តនិងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សរុបចំនួន៣៣រូប ។

ថ្លែងនៅក្នុងពិធីបិទវគ្គនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានថ្លែងនូវការកោតសរសើរដល់សិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំត្រង់ត្រាប់ស្តាប់រៀនសូត្រ លើការងារជំនាញ ច្បាប់ពាក់ព័ន្ធ នីតិវិធីស្រាវជ្រាវស៊ើបអង្កេត ការបង្ការទប់ស្កាត់សកម្មភាពជួញដូរមនុស្សឆ្លងដែន ការអន្តរាគមន៍ជួយជនរងគ្រោះ និងការស្រាវជ្រាវបង្ក្រាបករណីជួញដូរមនុស្ស។ ឯកឧត្តម អគ្គស្នងការរង បានបញ្ជាក់ថា ៖ ក្នុងរយៈពេល០៣ថ្ងៃនេះ យើងបានចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងទៅវិញទៅមកក្នុងគោលបំណងបង្កើនសមត្ថភាពយល់ដឹងដើម្បីយកទៅអនុវត្តច្បាប់នៅសហគមន៍ ចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសជួញដូរមនុស្សឆ្លងដែន ការរំលោភបំពានផ្លូវភេទកុមារដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ការធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ចពលកម្ម ពពោះជំនួសក្នុងគោលបំណងលក់ដូរទារក អាពាហ៌ពិពាហ៌ផ្ទុយពីឆន្ទះ ទម្រង់ផ្សេងទៀតនៃអំពើជួញដូរមនុស្ស និងបទល្មើសព្រហ្មទណ្ឌដ៏ទៃទៀត។

យើងទាំងអស់គ្នាត្រូវចូលរួមបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើស ដើម្បីការពារសន្តិភាព ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណ: នៅមូលដ្ឋានឲ្យបានល្អ។ ជាចុងក្រោយឯកឧត្តម ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយពីទទួលបានបទពិសោធន៍ និងចំណេះដឹងនេះ ពេលត្រឡប់ទៅអង្គភាពវិញ សូមយកចំណេះដឹងទាំងនេះ ទៅចែករំលែកដល់សហការីរួមការងារ ពិសេសគឺផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋកុំឲ្យចូលរួមប្រព្រឹត្តបទល្មើស និងត្រូវចូលរួមការពារកូនចៅ កុំឲ្យចាញ់បោកជនល្មើសដែលអាចធ្លាក់ខ្លួនទៅជាជនរងគ្រោះនៃបទល្មើសផ្សេងៗ៕

website_news/2023270303.txt · Last modified: 2023/03/27 09:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki