website_news:2023270304

កម្ពុជា និងវៀតណាម ឯកភាពពន្លឿនការងារប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ និងជួញដូរមនុស្សឆ្លងដែន

https://www.khmertimeskh.com/501261663/ ហង្ស ពណ្ណរាយ / Khmer Times March 24, 2023

ភាគីកម្ពុជា និងវៀតណាម បានឯកភាពគ្នាពន្លឿនការងារប្រយុទ្ធប្រឆាំងពាក់ព័ន្ធនឹងការលាងលុយកខ្វក់ ការជួញដូរមនុស្ស និងអំពើឧក្រិដ្ឋកម្មឆ្លងដែននានា ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឧក្រិដ្ឋកម្មនាំចូល និងនាំចេញនៅតាមព្រំដែនប្រទេសទាំងពីរ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅប្រទេសវៀតណាម រយៈពេល៣ថ្ងៃ ភាគីទាំងពីរបានឯកភាពសហប្រតិបត្តិការការងារសំខាន់ៗជាច្រើន ដើម្បីលើកកម្ពស់វិស័យវប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើន និងជឿនលឿន។

ក្រសួងបញ្ជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ប្រទេសទាំងពីរបានឯកភាពពន្លឿនការសម្រប សម្រួល ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសឧក្រិដ្ឋកម្មគ្រឿងញៀន ការឆបោក ពាណិជ្ជកម្ម ការលាងលុយកខ្វក់ ការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ ឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការកាប់ព្រៃឈើ និងដឹកជញ្ជូនឈើខុសច្បាប់។

ក្រសួងបន្ថែមថា ភាគីទាំងពីរក៏ធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មធនធានធម្មជាតិ ការនេសាទខុសច្បាប់ ការធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ ការជួញដូរគ្រឿងញៀន និងសារធាតុគីមី ជាពិសេស ការជួញដូរ និងការរត់ពន្ធអាវុធ គ្រឿងផ្ទុះ និងឧក្រិដ្ឋកម្មឆ្លងដែននានា។ ក្រសួងបន្តថា ក្នុងជំនួបរវាងភាគីកម្ពុជា និងវៀតណាម រយៈពេល៣ថ្ងៃ ប្រទេសទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យបរិស្ថាន ធនធានទឹក និងធារាសាស្ត្រ រៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ ពន្ធគយ ឧស្សាហកម្ម និងសហគ្រាសធនតូចនិងមធ្យម ការបោះពុម្ភផ្សាយ សារព័ត៌មាន និងការផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ ដើម្បីបង្កើនប្រសិទ្ធភាពការងារផងដែរ។ សួងថា ក្នុងកិច្ចសហប្រតិបត្តិការនេះ ក៏បានលើកឡើងអំពីវប្បធម៌ និងកីឡា ការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ សង្គមកិច្ច និងការអភិវឌ្ឍ បញ្ហាព្រំដែន កំណត់ត្រា និងបណ្ណាសារ កិច្ចការជនជាតិ និងសាសនា ការពារជាតិ កិច្ចការច្បាប់ និងយុត្តិធម៌ អធិការកិច្ច កិច្ចការកុងស៊ុល និងប្រជាជននៅក្រៅប្រទេស ជាពិសេស កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមូលដ្ឋាន និងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម។

ក្នុងសេចក្ដីប្រកាសព័ត៌មានបន្ថែមថា ភាគីទាំងពីរបានជំរុញការងារអភិបាលកិច្ចតាមប្រព័ន្ធអ៊ីនធឺណែត សន្តិសុខព័ត៌មាន ហេដ្ឋារចនាសម្ពន្ធឌីជីថល បដិវត្តកម្មឌីជីថល ដើម្បីឆ្ពោះទៅរដ្ឋាភិបាលឌីដីថល និងសេដ្ឋកិច្ចឌីជីថលសម្រាប់ថ្ងៃអនាគត់ ជាពិសេស ឯកភាពពង្រឹងទេសចរណ៍រួមដោយអនុញ្ញាតឱ្យបើកបរដោយខ្លួនឯង ជាមួយនឹងនីតិវិធីឆ្លងដែនមានភាពងាយស្រួល។ពក្នុងនោះ ប្រទេសទាំងពីរ បានឯកភាពពង្រឹងទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងវៀតណាម តាមរយៈការអនុវត្តពិធីសារស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ដើម្បីផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងអាហារូបករណ៍ប្រចាំឆ្នាំ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ និងពិភពលោក។ ក្នុងជំនួបរវាងភាគីកម្ពុជា និងវៀតណាម ប្រទេសវៀតណាម បានសម្រេចបន្តផ្តល់អាហារូបករណ៍បន្ថែមដល់និស្សិតកម្ពុជាលើជំនាញវិស្វកម្មឧស្សាហកម្ម ព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍ និងមេកាត្រូនិច ការអភិវឌ្ឍកម្មវិធី វិស្វកម្ម អេឡិចត្រូនិច រូបវិទ្យា វិទ្យាសាស្ត្រទិន្នន័យ គណិតវិទ្យា និងការអប់រំ STEM។

ភាគីទាំងពីរបានរួមគ្នាពង្រឹងអនាម័យ ដើម្បីការពារការរីករាលដាលឆ្លងដែននៃសត្វល្អិត និងជំងឺឆ្លងផ្សេងៗជាដើម ជាពិសេស បានឯកភាពអនុវត្តឱ្យមានប្រសិទ្ធភាពនូវការងារកសិកម្មរវាងប្រទេសទាំងពីរៀងដែរ។ ដំណើរទស្សនកិច្ចផ្លូវការនេះ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានឱ្យដឹងថា កម្ពុជា និងវៀតណាម បានបញ្ជាក់ពីគោលបំណងសិក្សាគម្រោងបង្កើតខ្សែរថភ្លើងពីភ្នំពេញ បាវិត-ម៉ុកបាយ-ហូជីមិញ ជាពិសេស កំណត់នូវចំណុចតភ្ជាប់នៃផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ម៉ុកបាយ-ហូជីមិញ ផងដែរ។

លោក ប្រាក់ សុខុន បានបញ្ជាក់ថា៖ «ការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ការជឿជាក់ទៅវិញទៅមក កិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងស្ថិរភាពយូរអង្វែង»។ លោកបន្ថែមថា ក្រៅពីសមិទ្ធផលខាងលើ ភាគីទាំងពីរបានឯកភាពជំរុញឱ្យមានដំណើរទស្សនកិច្ច និងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

កាលពីឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៅទូទាំងប្រទេស ជាពិសេស អាជ្ញាធរនៅតាមព្រំដែន ត្រូវបង្កើនការត្រួតពិនិត្យ និងចុះបង្ក្រាបរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន។លោកបញ្ជាក់ថា ចំពោះបទល្មើសពាក់ព័ន្ធនឹងជួញដូរមនុស្ស និងលាងលុយកង្វក់ គឺជាអំពើមួយដែលមិនគួរកើតមាននៅលើទឹកដីកម្ពុជា ដូច្នេះ អាជ្ញាធរត្រូវបង្កើនទប់ស្កាត់ និងបង្ក្រាបដោយមិនអាចលើកលែងបានឡើយ៕

website_news/2023270304.txt · Last modified: 2023/03/27 09:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki