website_news:2023270403

ពលករខ្មែរ១២៣នាក់ ដោយមានទាហានថៃ២នាក់នាំផ្លូវ លួចឆ្លងដែនទៅប្រទេសថៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

https://freshnewsasia.com/index.php/en/localnews/288444-2023-04-26-05-25-30.html 2023-04-26 12:25pm

(បន្ទាយមានជ័យ)៖ ពលករខ្មែរ១២៣នាក់ (មានប្រុស ស្រី ក្មេងចាស់) ដោយមានទាហានថៃ២នាក់ជាមេខ្យល់ បានលួចឆ្លងដែនទៅប្រទេសថៃ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនបាននៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រភូមិទី៨ ឃុំមឿងផៃ ស្រុកអារញ្ញរេត ខេត្តស្រះកែវ។

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ក្រោយពីឃាត់ពលករទាំង១២៣នាក់ហើយ សមត្ថកិច្ចបានបញ្ជូនពលពលករទាំងអស់ទៅស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់ការបន្តតាមនិតិវិធីផ្លូវច្បាប់។

តាមការសាកសួរបស់សមត្ថកិច្ចថៃ, ទើបដឹងថា ពលករខ្មែរទាំងនោះ បានព្យាយាមចូលទៅប្រទេសថៃ ដោយឲ្យមេខ្យល់ថៃនាំពួកខ្លួនចូលទៅបាងកកទាំងប្រថុយប្រថាន តាមច្រករបៀងដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ ប៉ុន្តែក៏ត្រូវបានទាហានថៃចាប់ឃាត់ខ្លួនតែម្តង។

ពលករខ្មែរទាំងខាងលើបានឲ្យដឹងថា ពេលចូលឆ្នាំហើយពួកខ្លួនទាំងអស់គ្មានការងារធ្វើ ហើយក្នុងគ្រួសារជួបប្រទះការខ្វះខាត ទើបបបួលគ្នាបង្ខំចិត្តលួចឆ្លងដែនខុសច្បាប់ ប្រុងទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់ថៃឆ្លងដែនខុសច្បាប់៕

website_news/2023270403.txt · Last modified: 2023/04/27 10:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki