website_news:2023270601

រាជរដ្ឋាភិបាលថៃ និងកម្ពុជា ព្រមព្រៀងគ្នាសម្រួលការបន្តបណ្ណការងារសម្រាប់ពលករចំណាកស្រុក

https://sbm.news/articles/6497b0098c9050bca6333d8f ដោយ Nary Vann ចុះផ្សាយថ្ងៃ 8/6/2023

ប្រទេសថៃ និងកម្ពុជា បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបង្កើនភាពងាយស្រួលសម្រាប់ពលករកម្ពុជាចំណាកស្រុកជាង៤ម៉ឺននាក់ ដែលស្នើសុំបន្តបណ្ណការងាររបស់ពួកគេ។

លោក ផៃរុច ឆុតធីកាសាធីន (Pairoj Chotikasathien) អគ្គនាយកនៃនាយកដ្ឋានការងារថៃបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំរវាងអាជ្ញាធរការងារថៃ និងសមភាគីកម្ពុជា ក្នុងក្ដីសង្ឃឹមថានឹងបន្ធូរបន្ថយកង្វះកម្លាំងពលកម្ម។ ពលករចំណាកស្រុកជាច្រើនបានត្រឡប់ទៅប្រទេសកំណើតវិញក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ខណៈដែលតម្រូវការសម្រាប់ពលករចំណាកស្រុកបានកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីជំងឺនេះបានធូរស្រាលវិញ។ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលបច្ចុប្បន្ន ដែលអនុញ្ញាតឱ្យពលករខ្មែរទៅធ្វើការដោយស្របច្បាប់ក្នុងប្រទេសថៃរយៈពេល៤ឆ្នាំ បណ្ណការងារដែលកាន់កាប់ដោយពលករទាំងនេះ បានចាប់ផ្តើមផុតកំណត់នៅចន្លោះខែមករាឆ្នាំមុន រហូតដល់ថ្ងៃទី៣១ ខែកក្កដាខាងមុខនេះ។ ដូច្នេះពួកគេត្រូវតែធ្វើបណ្ណការងារ និងឯកសារផ្សេងទៀតពាក់ព័ន្ធផ្សេងទៀតជាថ្មី ដើម្បីត្រឡប់ទៅធ្វើការនៅប្រទេសថៃ ឬបន្តរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ប្រសិនបើពួកគេនៅតែនៅក្នុងប្រទេសថៃនៅឡើយ។

លោក ផៃរុច បានថ្លែងយ៉ាងដូច្នេះថា៖ «កម្មករកម្ពុជាទាំងនេះនឹងរួចផុតពីលក្ខខណ្ឌទូទៅក្នុងការរង់ចាំរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃដែលបណ្ណការងាររបស់ពួកគេផុតកំណត់ រហូតដល់ពួកគេត្រូវបានអនុញ្ញាតឱ្យស្នើសុំបណ្ណការងារឡើងវិញ។ ដំណើរការទាំងមូលនៃការស្នើសុំនេះ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីបង្កើនភាពងាយស្រួលសម្រាប់កម្មករ»។ បន្ថែមលើនោះ ភាគីថៃស្នើឱ្យអាជ្ញាធរការងារកម្ពុជាពន្លឿនឯកសារបញ្ជាក់ព័ត៌មានផ្ទាល់ខ្លួនរបស់កម្មករ។ លោក ផៃរុច បានបន្តថា ករណីនេះទាក់ទងនឹងអ្នកដែលត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរហូតដល់ថ្ងៃទី ៣១ ខែកក្កដា តាមសេចក្ដីសម្រេចរបស់គណៈរដ្ឋមន្ត្រីដែលបានអនុម័តកាលពីថ្ងៃទី ៧ ខែកុម្ភៈ ដូច្នេះពួកគេនឹងមិនបាត់បង់ប្រាក់ប្រយោជន៍ជនអន្តោប្រវេសន៍ និងកម្មករ នៅពេលដែលសេចក្ដីសម្រេចនេះផុតកំណត់។ ដោយឡែក ភាគីកម្ពុជាបានស្នើសុំបញ្ចុះតម្លៃទិដ្ឋាការពី ២០០០បាត មកនៅត្រឹម ៥០០បាត ដែលនឹងត្រូវបញ្ជូនទៅកាន់គណៈរដ្ឋមន្ត្រីថ្មី។

កិច្ចព្រមព្រៀងស្រដៀងគ្នានេះក៏ត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំរវាងអាជ្ញាធរការងារថៃ និងសមភាគីមីយ៉ាន់ម៉ាផងដែរ។ ពលករចំណាកស្រុកមីយ៉ាន់ម៉ាក៏នឹងត្រូវបានលើកលែងពីច្បាប់រង់ចាំរយៈពេល៣០ថ្ងៃ ហើយនឹងអាចស្នើសុំឡើងវិញភ្លាមៗសម្រាប់បណ្ណការងារ នៅពេលដែលបណ្ណការងារបច្ចុប្បន្នរបស់ពួកគេជិតផុតកំណត់។ ភាគីមីយ៉ាន់ម៉ាក៏បានស្វែងរកការបញ្ចុះតម្លៃលើថ្លៃទិដ្ឋាការផងដែរ៕

website_news/2023270601.txt · Last modified: 2023/06/27 10:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki