website_news:2023270604

ថៃយល់ព្រមបន្តសុពលភាពលិខិតអនុញ្ញាតការងារសម្រាប់ពលករកម្ពុជាជិត ៤ ០០០០នាក់

https://www.khmertimeskh.com/501314795/ Manoj Mathew / Khmer Times June 27, 2023

ប្រទេសថៃ បានយល់ព្រមបន្តសុពលភាពលើលិខិតអនុញ្ញាតការងារ ដល់ពលករចំណាកស្រុកខ្មែរជិត៤ម៉ឺននាក់ ដោយនាំឲ្យមានក្តីសង្ឃឹមដល់គ្រួសាររបស់ពួកគេ។

យោងតាមសារព័ត៌មានថៃ មន្រ្តីនាយកដ្ឋានការងារ នៃប្រទេសទាំងពីរបានព្រមព្រៀងដើម្បីជួយសម្រួលបន្តប័ណ្ណការងាររបស់ពលករចំណាកស្រុក។ ពលករនឹងទទួលបានការអនុញ្ញាតឱ្យដាក់ពាក្យសុំបន្តតាមអុីនធឺណិត ដើម្បីធ្វើឱ្យដំណើរការកាន់តែលឿន និងមិនមានការរំខាន។ ដកស្រង់សម្តីលោក Pairoj Chotikasathien អគ្គនាយកនៃនាយកដ្ឋានការងារថៃ ពីកាសែតបាងកកប៉ុស្តិ៍ មានប្រសាសន៍ថា ពលករនឹងត្រូវបានលើកលែងពីតម្រូវការធម្មតានៃការរង់ចាំយ៉ាងតិច ៣0 ថ្ងៃ បន្ទាប់ពីការផុតកំណត់នៃការអនុញ្ញាតការងារសម្រាប់ការដាក់ពាក្យសុំបន្ត។

យោងតាមរបាយការណ៍ ប័ណ្ណការងារទាំងនេះតាម កិច្ចព្រមព្រៀង MoU បច្ចុប្បន្នសម្រាប់ រយៈពេល ៤ឆ្នាំនឹងផុតកំណត់នៅចន្លោះខែមករាឆ្នាំមុនដល់ថ្ងៃទី ៣១ ខែកក្កដា។ កិច្ចព្រមព្រៀងថ្មីរវាងប្រទេសទាំងពីរនឹងជួយដល់ពលករដែលនៅបន្តការងារនៅក្នុងប្រទេសថៃ ដើម្បីបន្តនៅក្នុងប្រទេស ហើយអ្នកដែលត្រឡប់មកកម្ពុជាវិញឥឡូវអាចត្រឡប់ទៅវិញបាន។ យោងតាមរបាយការណ៍ក្រសួងការងារបានឲ្យដឹងថា មានពលករសរុបចំនួន ១,៣ លាននាក់ចាកចេញពីកម្ពុជាទៅធ្វើការនៅក្រៅប្រទេស ក្នុងនោះ ១,២ លាននាក់ ធ្វើការនៅប្រទេសថៃ អាចរកប្រាក់ចំណូលជាមធ្យម ៤០០ដុល្លារក្នុងមួយខែ។ ក្នុងនោះផងដែរ មានពលករកម្ពុជាចំនួន៤៩,០០០នាក់ធ្វើការនៅកូរ៉េខាងត្បូង ២២,០០០នាក់នៅម៉ាឡេស៊ី និង ១៩,០០០ នាក់នៅជប៉ុន។ ពលករទាំងនោះអាចរកប្រាក់ចំណូលជាមធ្យម ១,៥០០ ដុល្លារនៅកូរ៉េ ប្រហែល ១,៤០០ដុល្លារនៅជប៉ុន និង ប្រហែល ៣០០ដុល្លារនៅប្រទេសម៉េឡេស៊ីផងដែរ។

រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ពលករកម្ពុជាផ្ញើប្រាក់មកស្រុកកំណើតជិត ២,៧ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលជាសញ្ញាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕ ប្រែសម្រួលដោយ៖ សុ ជាតា

website_news/2023270604.txt · Last modified: 2023/06/27 10:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki