website_news:2023270605

អ្នកឃ្លាំមើលរិះគន់ថា កម្ពុជាកំពុងក្លាយជាកន្លែងឧក្រិដ្ឋជនប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត

https://www.rfa.org/khmer/news/social-economy/police-crack-down-chineses-networks-for-hacking-many-telegrams-to-defraud-06252023090112.html ដោយ សេក បណ្ឌិត2023.06.25

អ្នកវិភាគនយោបាយ និងអ្នកជំនាញផ្នែកសន្តិសុខឌីជីថល (Digital) ព្រួយបារម្ភចំពោះការកើនឡើងនៃក្រុមចោរព័ត៌មានវិទ្យា ឬហែកគ័រ (Hackers) លួចយកទិន្នន័យនៅតាមបណ្ដាញសង្គមនានារបស់ប្រជាពលរដ្ឋប្រព្រឹត្តទង្វើទុច្ចរិត និងឆបោកទឹកប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត(Internet)។ ក្ដីបារម្ភរបស់មន្ត្រីសង្គមស៊ីវិល និងអ្នកជំនាញបែបនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបានក្រុមចោរព័ត៌មានវិទ្យាចិន ៤នាក់ និងខ្មែរម្នាក់ដែលតែងតែលួចចូលគណនីតេឡេក្រាម (Telegram) ជនរងគ្រោះដើម្បីឆបោកប្រាក់។

អ្នកជំនាញសន្តិសុខផ្នែកឌីជីថល ព្រមានចំពោះអ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គម ជាពិសេសលើកម្មវិធីតេឡេក្រាម ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជនខិលខូច ដែលព្យាយាមលួចយកគណនីតេឡេក្រាម។ អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថល លោក ង៉ែត ម៉ូសេ លើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា អ្នកប្រើប្រាស់កម្មវិធីតេឡេក្រាមពុំគួររក្សាឯកសារ ឬទិន្នន័យសំខាន់ៗក្នុងកម្មវិធីមួយនេះឡើយ។ លោកបន្តថា អ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះគួរបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលមានការទាមទារលេខកូដសម្ងាត់ពីជនណាម្នាក់ដើម្បីចូលកម្មវិធីមួយនេះ។ លោក ង៉ែត ម៉ូសេ៖ «ដោយសារតែការលួចហ្នឹងគេត្រូវការលេខកូដទេ លេខកូដ ៤-៥ ខ្ទង់ហ្នឹង ដែលគេផ្ញើទៅតេឡេក្រាម។ អ៊ីចឹង ប្រសិនបើយើងអត់ឱ្យលេខកូដហ្នឹងទៅឱ្យគេទេ មានន័យថា យើងអាចរួចខ្លួន។ ខ្លះគេឱ្យទៅគេមាន (two Factor) បើកវាពិបាកយក។ អ៊ីចឹងបើទោះបីជាយើងដឹងថា វិធីសាស្ត្រគេលួចហ្នឹង យើងកុំឱ្យលេខតេឡេក្រាម ៥ខ្ទង់ផ្ញើមកហ្នឹង កុំថតអេក្រង់ (screenshot) ឬមានការខលមកយើង ដើម្បីឱ្យលេខកូដទៅមនុស្សមួយចំនួនបញ្ឆោត ដើម្បីឱ្យបានលេខកូដអីហ្នឹង ហើយយើងអត់ឱ្យលេខកូដទៅវិញហ្នឹង ទោះបីយើងអត់មាន (two Factor) ក្ដីក៏គេពិបាកនឹងយកដែរ។ [ជនឆបោក] ងាយស្រួល បើសិនជាគាត់ [ជនរងគ្រោះ] យល់ច្រឡំថា ជនឆបោកជាមិត្តភក្ដិមែនឱ្យលេខកូដ អាហ្នឹងគឺស្រួលយកបានហើយ។ អ៊ីចឹងអាស្រ័យលក្ខខណ្ឌខ្ញុំបាននិយាយមិញ»។

ចំណែក អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា មិនមែនតែសន្តិសុខផ្នែកឌីជីថលរបស់ប្រជាពលរដ្ឋកំពុងរងការវាយប្រហារពីក្រុមចោរព័ត៌មានវិទ្យាចិននោះតែ ប៉ុន្តែសន្តិសុខជាតិ ឬទិន្នន័យនានារបស់រដ្ឋាភិបាលឯកបក្សខ្លួនឯងក៏អាចនឹងត្រូវងាយប្រឈមក្រុមហ៊ុនចិនមួយចំនួនគ្រប់គ្រងដែរ ខណៈកន្លងទៅកម្ពុជាបានចុះកិច្ចពង្រឹងកិច្ចសហប្រតិបត្តិផ្នែកវិស័យឌីជីថលជាមួយក្រុមហ៊ុនចិនស្អិតល្មួត។ លោកថា ក្រុមអ្នកជំនាញសន្តិសុខផ្នែកឌីជីថលក្រោមការដឹកនាំដោយលោក ហ៊ុន សែន ពុំមានសមត្ថភាពដល់ក្រុមអ្នកជំនាញសន្តិសុខផ្នែកឌីជីថលចិនដែលមកពង្រីកវិសាលភាពនៅកម្ពុជាឡើយ។

លោក គឹម សុខ៖ «សន្តិសុខជាតិខ្មែរយើងស្ថិតក្នុងកណ្ដាប់ដៃក្រុមហ៊ុនចិន និងបណ្ដាញវៀតណាមតែម្ដង។ វៀតណាមគ្រប់គ្រងប្រព័ន្ធគមនាគមន៍ អាកាសចរណ៍ ក្រុមហ៊ុនទូរស័ព្ទ និងផ្នែកសំខាន់នៃក្រសួងការពារជាតិ ក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលកម្ពុជា ដែលវៀតណាមហ្នឹងគេបង្កប់មនុស្សរបស់គេតាំងពីឆ្នាំ១៩៧៩ មកចេះទាំងខ្មែរច្បាស់ទៀតផង។ ចិនវិញមែនទែនទៅស្ទើរតែមិនចាំបាច់ទៅហែកចូលប្រព័ន្ធទិន្នន័យរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ផង។ ប្រព័ន្ធទិន្នន័យរបស់រដ្ឋាភិបាលលោក ហ៊ុន សែន គ្រប់គ្រងដោយក្រុមហ៊ុនចិនតែម្ដង។ ហេតុដូច្នេះ ប្រព័ន្ធសន្តិសុខជាតិរបស់យើងស្ថិតក្នុងគ្រោះថ្នាក់ធំណាស់»។

ប្រតិកម្មរបស់អ្នកជំនាញ និងអ្នកវិភាគនេះធ្វើឡើងបន្ទាប់ពីកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែមិថុនា បង្ក្រាបបានជនសង្ស័យជនជាតិចិនចំនួន ៤នាក់ និងខ្មែរម្នាក់ពាក់ព័ន្ធសកម្មភាពលួចចូលទិន្នន័យបណ្ដាញសង្គម ឬហែកចូលកម្មវិធីតេឡេក្រាមមនុស្សជាច្រើន ដើម្បីប្រើប្រាស់បន្តឆបោកប្រាក់។

ទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីថា ជនសង្ស័យទាំង ៥នាក់អាវុធហត្ថរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ប៉ុន្តែលោកថា មិនទាន់ទទួលរបាយការណ៍នៃការសម្រេចរបស់អយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំងនោះបែបណានោះទេ។ លោក អេង ហ៊ី៖ «គាត់ [តំណាងអយ្យការ] ធ្វើក្នុងនីតិវិធីខ្ញុំទាន់ដឹងថា ដល់ណាៗទេ គ្រាន់ថា ឯកសារយើងធ្វើទៅតាមនីតិវិធីហើយបាទ រឿងការស៊ើបអង្កេតគេអត់មានរាយការណ៍មកទេ។ ពេលបង្ក្រាបហើយអ៊ីចឹងខាងកងកម្លាំងរាជអាវុធហត្ថអំពាវនាវឱ្យសាធារណជនអំពីការឆបោកអំពាវនាវឱ្យប្រជាជនយើងហ្នឹងប្រុងប្រយ័ត្ននៅពេលទទួលបានពីសារមួយទៅសារមួយសូមឱ្យប្រុងប្រយ័ត្នមែនទែន»។

ទំព័រហ្វេសប៊ុកកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជាក់ថា នារយៈពេលចុងក្រោយនេះ ករណីក្រុមចោរព័ត៌មានវិទ្យា ឬហែកគ័របានលួចចូលកម្មវិធីតេលេក្រាម ដែលធ្វើឱ្យជនរងគ្រោះជាច្រើននាក់ បានចាញ់បោកបញ្ឆោតក្រុមហែកគ័ររាប់ម៉ឺនដុល្លារ។ ប្រភពដដែលឱ្យដឹងថា ទម្រង់ឆបោកទឹកប្រាក់របស់ក្រុមចោរព័ត៌មានវិទ្យាទាំងនោះ គឺនៅពេលពួកគេបានលួចចូលកម្មវិធីតេឡេក្រាមជនរងគ្រោះណាម្នាក់គ្រប់គ្រងនៅក្នុងដៃ ពួកគេប្រើប្រាស់គណនីបណ្ដាញតេឡេក្រាមនោះ ដើម្បីបន្តឆាតសុំខ្ចីលុយមិត្តភក្ដិ សាច់ញាតិ និងបងប្អូនជនរងគ្រោះ។

អាវុធហត្ថរាជធានីភ្នំពេញអំពាវនាវ ដល់ប្រជាពលរដ្ឋមិនត្រូវចូលមើលតំណលីង (Link) ឬApp ណាមួយគ្មានច្បាស់លាស់ ដែលបានផ្ញើចូលតាមរយៈកម្មវិធី SMS WhatsApp Telegram LineឬMessenger ដើម្បីចៀសវាងអំពីការទាមទារឱ្យបង្ហាញទិន្នន័យបណ្ដាញសង្គមផ្ទាល់ខ្លួន ឬភ្ជាប់ទិន្នន័យធនាគារតាមរយៈតំណលីងគ្មានប្រភពច្បាស់លាស់នោះ ដែលអាចតម្រូវឱ្យមានការទូទាត់ប្រាក់ភ្លាមៗ។

អ្នកវិភាគនយោបាយលោក គឹម សុខ ពិនិត្យឃើញថា ការបង្ក្រាបបានក្រុមព័ត៌មានវិទ្យា ឬហែកគ័រទាំង ៥នាក់នោះ អាចជាក្រុមមនុស្សដែលមានទំនាក់ទំនងជាមួយមនុស្សដែលមានឥទ្ធិពលក្នុងជួរគណបក្សប្រជាជនកម្ពុជា ដើម្បីប្រើជំនាញបែបទំនើបកេងប្រវ័ញ្ចកម្លាំងញើសឈាមប្រជាពលរដ្ឋខ្មែរ។

ពាក់ព័ន្ធនឹងក្រុមចោរព័ត៌មានវិទ្យានេះដែរ កាលពីខែឧសភា ឆ្នាំ២០២០ ក្រសួងយុត្តិធម៌អាមេរិកបានរកឃើញចោរព័ត៌មានវិទ្យា ឬហេកគ័រ ជនជាតិចិន ៤នាក់ បានលួចយកទិន្នន័យពាក់ព័ន្ធនឹងយកទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេសកម្ពុជា នៅមុនកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង កាលពីដើមឆ្នាំ២០១៨។ ប៉ុន្តែ ស្ថានទូតចិនបដិសេធជុំវិញរឿងនេះ។ ក្រៅពីនេះ ការស៊ើបអង្កេតផ្ទៃក្នុងមួយរបស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) កាលពីខែមេសា ឆ្នាំ២០២១ រកឃើញថា ក្រុមចោរព័ត៌មានវិទ្យា ឬហេកគ័រដែលសង្ស័យជារួមថា ជាប់ពាក់ព័ន្ធជាមួយភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រដ្ឋចិនបានធ្វើការវាយប្រហារ «ជាប្រចាំ» និង «យូរអង្វែង» ទៅលើក្រុមមន្ត្រីនៃគណបក្សសង្គ្រោះជាតិ៕

website_news/2023270605.txt · Last modified: 2023/06/27 10:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki