website_news:2023270901

ចាំមើលថៅកែហាងកាហ្វេ២នាក់បង្កប់សេវាកម្មផ្លូវភេទតើអាចរួចខ្លួនទេ ខណៈដែលសមត្ថកិច្ចរៀបចំបញ្ជូនទៅតុលាការ មានអ្នករត់ការឆ្វេចឆ្វាច

http://nokorwatnews.com/archives/1047556?fbclid=IwAR1jGFG6tKlIJ-8MY2dyB3k0Ze3lZyp_z3hhagJik3XtNQ5OxoQ3jEKKr0w 26/09/2023

ភ្នំពេញ ៖ ចំពោះករណីគណៈកម្មការឯកភាពខណ្ឌដូនពេញ បានចុះបង្ក្រាបហាងលក់កាហ្វេលួចលាក់បង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនមនុស្សចំនួន១២នាក់ គិតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅសល់ជនសង្ស័យតែ២នាក់ប៉ុណ្ណោះ ដែលសមត្តកិច្ចបានរៀបចំបញ្ជូនទៅតុលាការ ខណៈដែលមានពាក្យលេចឮថា កំពុងមានអ្នករត់ការឆ្វេចឆ្វាច ដើម្បីសុំឱ្យដោះលែងម្ចាស់ទីតាំងបង្កប់បម្រើសេវាកម្មផ្លូវភេទនោះវិញ ដូច្នេះរង់ចាំអ៊ុតមើលបើដូចពាក្យគេនិយាយមែន ម្ចាស់ទីតាំងបើក”បន”នោះពិតជាខ្លាំងមែនហើយ។ ប៉ុន្តែទោះជាយ៉ាងណាក្តី លោក វរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានបញ្ជាក់ច្បាស់ថា ជនសង្ស័យពាក់ព័ន្ធបើកទីតាំងបង្កប់សេវាកម្មបម្រើផ្លូវភេទ សមត្ថកិច្ចនឹងចាត់ការទៅតាមផ្លូវច្បាប់។

ជនសង្ស័យទាំង២នាក់មានម្នាក់ឈ្មោះ កែវ ស្រីមុំ ហៅ កាព្រីង ភេទស្រី អាយុ៥៤ ឆ្នាំ មុខរបរម្ចាស់ទីតាំងហាងលក់កាហ្វេបង្កប់សេវាកម្មផ្លូវភេទ ស្នាក់នៅផ្ទះលេខ១ ផ្លូវលេខ៨២ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងម្នាក់ទៀតឈ្មោះ កង សារឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ អ្នកចាត់ចែងនៅហាងលក់កាហ្វេបង្កប់សេវាកម្មផ្លូវភេទ ផ្ទះលេខ ១៣E0 ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

សូមបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានចុះបង្រ្កាបហាងកាហ្វេបង្កប់សេវាកម្មបម្រើផ្លូវភេទចំនួន៣ទីតាំង ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ។ ប្រតិបត្តិការនោះដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងលោក ចាប ឌីណា អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ ដែលគណៈបញ្ជាការឯកភាពបានចុះទៅធ្វើរដ្ឋបាលពិនិត្យទីតាំងតាមហាងកាហ្វេបង្កប់សេវាកម្មផ្លូវភេទ នៅចំណុចម្តុំផែថ្ម ចំនួន៣ទីតាំង និងបានឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ។ ទីតាំងទាំង៣នោះមាន ៖

ទី១.ហាងលក់កាហ្វេ ផ្លូវ៨២ ផ្ទះលេខ១ ភូមិ១៤ ស្ថិតក្នុងសង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ (ស្រី៤) ក្នុងនោះ មានម្ចាស់ទីតាំងម្នាក់ នារីបម្រើការងារ៣នាក់ និងម្នាក់ជាអ្នកទទួលបម្រើសេវាកម្មផ្លូវភេទ ។

ទី២.ហាងលក់កាហ្វេផ្ទះលេខ២៣E០ ផ្លូវលេខ៨០ ភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ជាអ្នកបម្រើសេវាកម្មផ្លូវភេទ ។

ទី៣.ផ្ទះលេខ១៣E០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ (ស្រី៤) ក្នុងនោះមានអ្នកអនាម័យម្នាក់ អ្នកយាមម៉ូតូម្នាក់ និងនារីបម្រើការសេវាកម្មផ្លូវភេទចំនួន៣ នាក់ ។

វត្ថុតាងចាប់យករួមមាន៖សម្ភារមួយចំនួនពាក់ព័ន្ធបម្រើសេវាកម្មផ្លូវភេទ (ស្រោមអនាម័យ) ។

ជនសង្ស័យទាំង១២ នាក់ ត្រូវបានសមត្តកិច្ចនាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ ចំណែកនារីដែលជាប់ពាក់ព័ន្ធបម្រើសេវាកម្មផ្លូវភេទ៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដើម្បីធ្វើការអប់រំ ៕

website_news/2023270901.txt · Last modified: 2023/09/27 11:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki