website_news:2023270902

កម្ពុជាប្រកាសមិនផ្តល់ទិដ្ឋាការចាក់បញ្ចាំងរឿងចិន «No more bets» ជាភាពយន្តរុញទេសចរណ៍ខ្មែរក្នុងរណ្តៅភ្លើង

https://kohsantepheapdaily.com.kh/article/1809701.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ភ្នំពេញ២៦ ខែ កញ្ញា ឆ្នាំ ២០២៣ ម៉ោង ១៤:០៥

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់ឱ្យដឹងថា ដោយពិនិត្យឃើញថា ភាពយន្តចិន ដែលមានចំណងជើងថា «No more bets» បាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមប្រទេសកម្ពុជាធ្ងន់ធ្ងរនោះ កម្ពុជាបានសម្រេចចាត់វិធានការណ៍ជាបន្ទាន់មួយ ដោយបានដាក់លិខិតទៅប្រទេសចិន តាមរយៈស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ស្នើសុំឱ្យផ្អាកការចាក់បញ្ចាំងភាពយន្តចិនមួយនេះ។ ឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នកនាំពាក្យ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាព នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះថា «ភ្លាមៗ ក្រោយពីក្រសួងបានឃើញតាមបណ្តាញសង្គមនៅ Trailer ពាណិជ្ជកម្មរបស់កុនមួយនេះ កម្ពុជាបានចាត់វិធានការភ្លាមៗតែម្តង»។ ឯកឧត្តមបានថ្លែងថា «ជំហររបស់យើង គឺមិនឯកភាពទេ (ចំពោះភាពយន្តនេះ)»។ អ្នកនាំពាក្យក្រសួងវប្បធម៌ មានប្រសាសន៍ថា «អ្វីដែលជាការលើកឡើងរបស់មតិសាធារណៈ ដែលបានបង្ហាញកង្វល់ថា ភាពយន្តចិននេះ ធ្វើឱ្យវិស័យទេសចរណ៍កម្ពុជារងផលប៉ះពាល់ធ្ងន់ធ្ងរ គឺជារឿងត្រឹមត្រូវ។ «ព្រោះចេញភាពយន្តរបៀបអ៊ីចឹង វាប៉ះពាល់ដល់ប្រទេសមួយដែលមានអធិបតេយ្យភាពពេញលេញ»។

នេះជាការថ្លែងរបស់ឯកឧត្តម ស៊ុំ ម៉ាប់ ដោយឯកឧត្តមមានប្រសាសន៍បញ្ជាក់បន្ថែមថា «ខ្ញុំសូមជម្រាបថា ទី១ ជាប្រភេទខ្សែភាពយន្តដែលគេផលិតនៅប្រទេសគេ ដែលវាផុតអំពីការដឹងរបស់យើង។ ពេល (ភាពយន្ត) ចេញហើយ បានយើងដឹង។ អ៊ីចឹងឱ្យមានវិធានការណ៍ណាទប់ស្កាត់ជាមុន ក៏យើងអត់មានដែរ ព្រោះនៅប្រទេសគេ។ យើងបញ្ជាក់ឱ្យច្បាស់»។ ឯកឧត្តម ស៊ុំ ម៉ាប់ បានថ្លែងបន្តថា «ទី២ ភ្លាមៗ នៅពេលយើងបានឃើញឃ្លីបនៅលើយូធូប មុននឹងមានប្រតិកម្មតាមបណ្តាញសង្គមទៅទៀត យើងបានទំនាក់ទំនងធ្វើការជាមួយក្រសួងការបរទេស ហើយបានចេញលិខិតមួយទៅតាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា ឱ្យទប់ស្កាត់រឿងហ្នឹង។ រឿងនេះ យើងបានធ្វើរួចហើយ ទៅដល់ស្ថានទូតចិនរួចហើយ»។ ដោយឡែកវិធានការរបស់រដ្ឋាភិបាលគេយ៉ាងម៉េច យើងក៏អត់ទាន់ដឹងដែរ ព្រោះនេះគឺជាសេចក្តីសម្រេចរបស់រដ្ឋាភិបាលរបស់គេ»។

ឯកឧត្តម ស៊ុំ ម៉ាប់ មានប្រសាសន៍បញ្ជាក់បន្ថែមថា ភ្លាមៗ ក្រោយពីបានឃើញ Trailer ភាពយន្តចិនមួយនេះ ខាងភាគីកម្ពុជា ក៏បានស្នើសុំភាពយន្តពេញយកមកពិនិត្យផងដែរ។ «យើងបានស្នើសុំខាងភាគីចិន ដើម្បីបញ្ជូនវីដេអូពេញ ហើយយើងក៏បានអង្គុយមើលដែរ អ្នកជំនាញយើងពិនិត្យឃើញថា តាមកម្មវត្ថុនៃការផលិតរបស់ចិននេះ គឺដើម្បីអប់រំចិនគ្នាគាត់នៅក្នុងស្រុក។ ប៉ុន្តែបំណងរបស់គាត់ដែលអប់រំហ្នឹង វាមានផលប៉ះពាល់ដល់ប្រទេសមួយចំនួន។ អ៊ីចឹង នៅពេលយើងមើលរូបភាពពេញទៅ យើងឃើញថា មិនមែនតែកម្ពុជាមួយទេ បណ្តាប្រទេសសមាជិកប្រទសអាស៊ានត្រូវ (ប៉ះពាល់) ទាំងអស់ ប៉ះទាំងអស់ ប៉ះភាគច្រើនតែម្តង។ រឿងនេះ បើតាមអ្នកជំនាញគាត់មើល គឺបន្ទាប់ពីកើតមានរឿងនៅសាំងហ្គាពួរ បានមានផលិតកម្មនេះចេញមក ដើម្បីអប់រំគ្នាគាត់»។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុំ ម៉ាប់។

រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តថា «ទិសដៅអប់រំគ្នាគាត់ មកប៉ះប្រទេសដទៃ ក្នុងនោះយើងឃើញមានទាំងប្រទេសមីយ៉ាន់ម៉ា ទាំងថៃ មិនមែនតែកម្ពុជាមួយទេ តាមពិតទៅ។ ហើយប្រទេសផ្សេង ក៏គេប្រតិកម្មដូចគ្នា ដូចដែលប្រជាជនកម្ពុជាយើងប្រតិកម្មអ៊ីចឹង គឺដូចគ្នា»។ «អ៊ីចឹង វិធានការណ៍របស់យើងដូចខ្ញុំបានជម្រាប ទី១- យើងគាំទ្រ ដូចស្មារតីក្រសួងមហាផ្ទៃបានលើកឡើង ទឹកដីប្រទេសកម្ពុជា មិនមែនទឹកដី មិនមែនរឿងអាក្រក់ៗបែបហ្នឹងទេ។ ហើយកាលដែលគាត់ផលិតហ្នឹង គឺជាផ្ទៃក្នុងរបស់គាត់ ហួសពីការដឹងរបស់យើង»។ «អ៊ីចឹងវិធានការបន្ទាប់មកទៀត គឺយើងមិនអនុញ្ញាតដាច់ខាតឱ្យខ្សែភាពយន្តហ្នឹងចរាចរណ៍នៅក្នុងប្រទេសយើងទេ យើងមិនឱ្យអាជ្ញាបណ្ណចាក់ផ្សាយទេ។ ហើយក្នុងករណីដែលមានការបង្ហោះទៅលើបណ្តាញសង្គម ឬក៏ប្រព័ន្ធផ្សព្វផ្សាយណាមួយនោះ យើងនឹងស្នើសុំទៅក្រសួងប្រៃសណីយ៍ ដើម្បីទប់ស្កាត់មិនឱ្យមានការផ្សាយ នេះគឺអ្វីដែលយើងអាចធ្វើបាន។ «អ៊ីចឹង ខ្ញុំសង្ខេបឡើងវិញ យើងមិនអនុញ្ញាតឱ្យចរាចរណ៍នៅក្នុងស្រុក យើងនឹងស្នើសុំអន្តរាគមន៍ផ្សេងៗ ដើម្បីទប់ស្កាត់ការផ្សាយតាមបណ្តាញសង្គម»។

នៅពេលសាកសួរថា ចំពោះតួអង្គក្នុងសាច់រឿង ដែលពាក់អាវយឺតមានអក្សរខ្មែរ តើកម្ពុជាយល់យ៉ាងណា ឬមានវិធានការស្នើសុំលុប ឬយ៉ាងណានោះ?

ឯកឧត្តម ស៊ុំ ម៉ាប់ ថ្លែងបញ្ជាក់ថា «បាទប្អូន ត្រង់នេះ វាប៉ះពាល់ណាស់ វាមិនត្រឹមតែអត្ថាធិប្បាយពាក់ព័ន្ធប្រទេស ក៏ប៉ុន្តែសម្ផារៈប្រើប្រាស់ (ក្នុងភាពយន្តចិន) ក៏ប៉ះពាល់ដែរអាហ្នឹង។ ប៉ុន្តែត្រង់នេះ ដូចខ្ញុំបានជម្រាបជូន គេផលិតលើទឹកដីគេ បានន័យថា បាយហ្នឹងដាំឆ្អិនហើយ បានយើងដឹងណាប្អូន ព្រោះនៅលើទឹកដីគេ យើងអត់មានសមត្ថភាពទៅគ្រប់គ្រងគេមុនទេ។ ហើយក្នុងការស្នើសុំទៅទូតចិន គឺយើងស្នើសុំជារួមឱ្យផ្អាកការផ្សព្វផ្សាយវីដេអូនេះតែម្តង ប្អូន គឺជារួមតែម្តង។ ស្នើសុំជារួម វាល្អជាងស្នើសុំរបៀបលម្អិត វាពិបាកណាស់ ព្រោះវាមិនត្រឹមតែអាវ តែគឺវា Content អត្ថន័យនៃភាពយន្តទៀត។ អ៊ីចឹង យើងស្នើសុំជារួមឱ្យទប់ស្កាត់ការផ្សព្វផ្សាយ»។

នៅពេលសាកសួរថា មកដល់ពេលនេះ តើកម្ពុជាមានទទួលបានការឆ្លើយតប ឬការបញ្ជាក់បន្ថែមពីស្ថានទូតចិន ប្រចាំប្រទសកម្ពុជាយ៉ាងណាដែរ ចំពោះការស្នើសុំរបស់កម្ពុជានោះ?

ឯកឧត្តម ស៊ុំ ម៉ាប់ បានបង្ហាញសុទិដ្ឋិនិយមថា «យើងមានជំនឿថា ស្ថានទូតចិនកំពុងធ្វើការលើរឿងហ្នឹង។ ហើយយើងបន្តធ្វើការជិតស្និទ្ធជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជាទៀត»។

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ផ្ទុះប្រតិកម្មពីប្រជាពលរដ្ឋខ្មែរយ៉ាងខ្លាំងក្លា ជុំវិញភាពយន្តចិនមួយ ដែលមានចំណងជើងថា «No more bets» ហើយភាពយន្តនេះបាននិងកំពុងធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាដាំក្បាលចុះមួយទំហឹង ដោយសារតែអ្នកទេសចរចិន និងបរទេស ដែលបានទស្សនារឿងនេះ មានការភ័យខ្លាចក្នុងការមកកម្សាន្តនៅកម្ពុជា។ ជាងនេះទៅទៀត ភាពយន្តចិនមួយនេះ ក៏កំពុងធ្វើឱ្យប៉ះពាល់ទឹកចិត្តមហាជនខ្មែរ ព្រោះតែភាពយន្តចិនមួយនេះ អ្នកនិពន្ធបានអះអាងថា ផលិតឡើងមកផ្អែកទៅលើការពិត ដែលបានធ្វើការស្រាវជ្រាវ និងលើកឡើងថា មានបទឧក្រិដ្ឋជាច្រើនកើតមាននៅប្រទេសអាស៊ីអាគ្នេយ៍ មានទាំង កម្ពុជា ថៃ និងប្រទេសមីយ៉ាន់ម៉ា ជាដើម។

រឿង «No More bets» របស់ចិន ដែលរកចំណូលបានខ្ទង់ពានលានដុល្លាអាមេរិក ដោយមានអ្នកទស្សនារាប់រយលានអ្នកជុំវិញពិភពលោក កំពុងធ្វើឲ្យកិត្តិនាមប្រទេសកម្ពុជាធ្លាក់ចុះយ៉ាងគំហុក ដោយសាររឿងនេះ បាននិយាយថា ប្រទេសនៅអាស៊ីអាគ្នេយ៍ មានកម្ពុជា និងមីយ៉ាន់ម៉ា ជាដើម គឺជាប្រភពនៃល្បែ.ងស៊ីសងតាមប្រព័ន្ធអនឡាញ, ការចាប់ជម្រិ.ត, ការជួយដូរមនុស្សតាមអនឡាញ, ការធ្វើទារុ.ណក.ម្មយ៉ាងឃោ.រឃៅ និងការបង្ខាំ.ងមនុស្សបង្ខំឲ្យធ្វើការដោយខុសច្បាប់ផងដែរ ។

ហើយរឿងរ៉ាវខាងលើនេះ ធ្វើឱ្យមហាជនកម្ពុជា បានបញ្ចេញកំហឹងយ៉ាងខ្លាំងក្លា ជុំវិញភាពយន្តមួយនេះ និងបានស្នើសុំក្រសួងពាក់ព័ន្ធអន្តរាគមន៍ចំពោះអ្វីដែលមហាមិត្តចិន បានធ្វើឱ្យមានការយល់ច្រឡំ នាំឱ្យប៉ះពាល់ដល់កិតិ្តនាមរបស់ប្រទេសកម្ពុជា។

website_news/2023270902.txt · Last modified: 2023/09/27 11:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki