website_news:2023271003

កម្ពុជា និងថៃ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ជាពិសេសនីតិវិធីអន្តោប្រវេសន៍ដើម្បីសម្រួលដល់ពលករខ្មែរទៅធ្វើការនៅប្រទេសថៃ

https://www.information.gov.kh/articles/116597 AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣

នៅក្នុងជំនួបពិភាក្សារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តថៃ បានផ្តោតសំខាន់ទៅលើការពង្រឹងទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើវិស័យគន្លឹះ ដោយរាប់ចាប់ពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ កិច្ចការទូត ទំនាក់ទំនងធុរកិច្ច ទំនាក់ទំនងប្រជាជន និងប្រជាជន ការតភ្ជាប់រវាងប្រទេសទាំងពីរតាមផ្លូវអាកាស ផ្លូវរថភ្លើង និងផ្លូវថ្នល់ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង កិច្ចការពាក់ព័ន្ធនឹងអន្តោប្រវេសន៍ រហូតដល់វិស័យសន្តិសុខឆ្លងដែន និងសន្តិសុខអនឡាញ ជាពិសេសនីតិវិធីអន្តោប្រវេសន៍ និងការសម្រួលនៅតាមព្រំដែនសម្រាប់ពលករកម្ពុជាដែលទៅធ្វើការងារនៅក្នុងប្រទេសថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម សេដ្ឋា ថាវីស៊ីន បានមានប្រសាសន៍ថា «ពលករកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ។ ដូច្នេះ រាជរដ្ឋាភិបាលថៃនឹងយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ពួកគាត់»។ សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា «តបតាមសំណើរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រីថៃនឹងពិចារណាដោយយកចិត្តទុកបំផុត ចំពោះសំណើឱ្យមាននីតិវិធីអន្តោប្រវេសន៍ និងការសម្រួលនៅតាមព្រំដែនប្រសើរឱ្យមានភាពប្រសើរជាងមុន ព្រមទាំងពន្លឿននីតិវិធីបង្កើតអគ្គកុងស៊ុលកម្ពុជានៅក្នុងខេត្តសុងក្លា ដើម្បីពង្រីកសេវាកុងស៊ុលជូនប្រជាពលរដ្ឋកម្ពុជា ដែលធ្វើការងារ និងស្នាក់នៅក្នុងភាគខាងត្បូងនៃប្រទេសថៃ»។

មួយវិញទៀត ដោយយោងតាមរបាយកាណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា បច្ចុប្បន្ននេះ មានពលករកម្ពុជាចំនួន ១,២លាននាក់ កំពុងស្នាក់នៅ និងធ្វើការងារនៅក្នុងប្រទេសថៃ។ នៅក្នុងបណ្តាញតេឡេក្រាម (Telegram) សម្តេចធិបតី បានបញ្ជាក់ថា នៅក្នុងជំនួបទ្វេភាគីនោះ ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានពិភាក្សាគ្នាដោយយកចិត្តទុកដាក់ និងដោយភាពស្និទ្ធស្នាល អំពីវិស័យនៃកិច្ចសហការទ្វេភាគីកម្ពុជា-ថៃ ដែលមានភាពសម្បូរបែប និងទូលំទូលាយ។

ថ្នាក់ដឹកនាំទាំងពីរក៏បានណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ឱ្យបន្តពិភាក្សា និង សហការគ្នាដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កាសម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង។ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ទៅវិញទៅមក និងមានជំនឿដ៏មុតមាំថា កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ នឹងកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។

ដោយឡែក ទាក់ទងទៅនឹងកិច្ចការងារតាមព្រំដែននោះ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែននៃប្រទេសកម្ពុជា បានបើកកិច្ចប្រជុំមួយនៅទីស្តីការក្រសួងការពារជាតិ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ ដើម្បីពង្រឹងវិធានការរបស់រាជរដ្ឋាភិបាលទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងបន្តចុះត្រួតពិនិត្យការអនុវត្តការងាររបស់សមត្ថកិច្ចពាក់ព័ន្ធតាមច្រកទ្វារព្រំដែននៃខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

កិច្ចប្រជុំនោះមានគោលបំណងពិភាក្សាស្វែងរកដំណោះស្រាយជួយសម្រួលដល់ការឆ្លងកាត់ព្រំដែនរបស់ប្រជាពលករកម្ពុជា ធានាឱ្យបាននូវភាពស្របច្បាប់ប្រកបដោយសុវត្ថិភាព និងដាក់ទិសដៅបន្តចុះត្រួតពិនិត្យតាមបណ្តាច្រកទ្វារព្រំដែនស្ថិតក្នុងខេត្តទាំង ២នេះ៕ ដោយ៖ ខន្តី, ផ្សាយដោយ៖ កន ចំណាន

website_news/2023271003.txt · Last modified: 2023/10/27 10:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki