website_news:2023271004

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ស្នើអភិបាលខេត្តជាប់ព្រំដែនពង្រឹងកិច្ចសហការដោះស្រាយបញ្ហាពលករ

https://www.kampucheathmey.com/local-news/602000 ថ្ងៃព្រហស្បតិ៍ ២៦ តុលា ២០២៣ដោយThoeun Vansong

លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានទទូចឱ្យអភិបាលខេត្តជាប់ព្រំដែនទាំងអស់ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយភាគីប្រទេសដែលជាប់ព្រំដែនជាមួយកម្ពុជាឱ្យបានល្អ ដើម្បីដោះស្រាយបញ្ហាឆ្លងដែនរបស់ពលករខ្មែរ។

នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មាការចំពោះកិច្ច សំដៅពង្រឹងវិធានការរបស់រាជរដ្ឋាភិបាលទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ នាថ្ងៃទី២៥ ខែតុលា លោក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន បានថ្លែងឱ្យដឹងថា កិច្ចប្រជុំនេះ បានពិភាក្សាគ្នាលើការស្វែងរកដំណោះស្រាយជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលករ ដោយធានាយ៉ាងណា ឱ្យបាននូវភាពស្របច្បាប់ប្រកបដោយសុវត្ថិភាព។

បើតាមលោក សៀក សុជាតិ កិច្ចប្រជុំនេះ ក៏នឹងកំណត់ការដាក់ទិសដៅបន្តចុះត្រួតពិនិត្យតាមបណ្តាច្រកទ្វារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយអនុវត្តតាមការណែនាំរបស់លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច ក៏ដូចជាលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ បានបញ្ជាក់ថា ជាទិសដៅបន្ត គឺការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីជួយសម្របសម្រួលដល់ពលករក្នុងការធ្វើដំណើរឆ្លងដែនប្រកបដោយសុវត្ថិភាព ក៏ដូចជាចូលរួមធានាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរនៅតាមច្រកទ្វារព្រំដែន។ លោក បន្ថែមថា កម្ពុជា នឹងបន្តពិភាក្សាជាមួយភាគីថៃបន្តទៀត ដើម្បីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសរវាងខេត្ត និងខេត្តដែលនៅជាប់ព្រំដែន។

ក្នុងនាមជាអនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែន លោក សៀក សុជាតិ បានស្នើសុំដល់អភិបាលខេត្តជាប់ព្រំដែនទាំងអស់ ត្រូវពង្រឹងយន្តការសហការជាមួយភាគីប្រទេសជិតខាងឱ្យបានល្អ ជៀសវាងកុំអោយមានបញ្ហា ឬហានិភ័យដល់ពលករកម្ពុជា។ ក្នុងនោះ អាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធតាមព្រំដែន ក៏ដូចជាស្ថាប័នឈរជើងតាមបណ្តាច្រកទ្វារអន្តរជាតិ ក៏ត្រូវចូលរួមឱ្យបានសកម្មថែមទៀត ដើម្បីជួយសម្របសម្រួលការងារនេះកុំឱ្យកកស្ទះ សំដៅធ្វើយ៉ាណាបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕

website_news/2023271004.txt · Last modified: 2023/10/27 10:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki