website_news:2023271005

ពលរដ្ឋឃុំសាគ្រាមខេត្តកំពង់ធំប្រមាណ៧០ភាគរយធ្វើចំណាកស្រុកដើម្បីរកប្រាក់ដោះបំណុល

https://www.rfa.org/khmer/news/economy/about-70-percentage-of-people-in-a-commune-in-kampong-thom-province-migrate-to-find-job-to-pay-off-debts-10262023100316.html ដោយ ឡេង ម៉ាលី2023.10.26

ក្រោយចប់រដូវបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋរស់នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ប្រមាណជាង ៧០ភាគរយនៅក្នុងឃុំ បាននាំគ្នាចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ ដោយសារពួកគេមិនអាចរកការងារធ្វើនៅក្នុងស្រុក និងគ្មានប្រាក់សងបំណុលធនាគារ។ មន្ត្រីសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋានបារម្ភខ្លាចពលរដ្ឋទាំងនោះទៅធ្វើការងារឆ្លងដែន ចាញ់បោកមេខ្យល់ ដោយសារពលរដ្ឋមួយចំនួនមិនមានឯកសារត្រឹមត្រូវ។

ប្រជាពលរដ្ឋនៅក្នុងឃុំសាគ្រាមអះអាងថា ពលរដ្ឋនៅក្នុងឃុំប្រមាណជាង៧០ភាគរយ បាននាំគ្នាទៅធ្វើការនៅប្រទេសថៃ ដោយសារពួកគេគិតថា នៅទីនោះស្រួលរកលុយចិញ្ចឹមគ្រួសារជាងនៅកម្ពុជា។ ក្រៅពីនោះពួកគេថា ការងារនៅក្នុងស្រុក មិនអាចរកប្រាក់ដោះបំណុលបាននោះទេ ។ អ្នកភូមិបន្ថែមថា អ្នកទាំងនោះភាគច្រើននាំគ្នាទៅស៊ីឈ្នួល ធ្វើការងារសំណង់ ដោយបានប្រាក់ឈ្នួលក្នុងមួយថ្ងៃ ចន្លោះពី១០ដុល្លារ ទៅ១៥ដុល្លារ ច្រើនជាងក្នុងស្រុកដែលពួកគេរកបានតែ៣ម៉ឺនរៀល ទៅ៥ម៉ឺនរៀល។

ប្រជាពលរដ្ឋរស់នៅឃុំសាគ្រាម លោក ង៉ោ បូរ៉ា បានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ ខែតុលាថា ក្រោយចប់បុណ្យភ្ជុំបិណ្ឌភ្លាម ពលរដ្ឋនៅក្នុងឃុំ នាំគ្នាសម្រុកទៅធ្វើការងារនៅប្រទេសថៃច្រើនជាងសព្វមួយដង ដោយសារពួកគេធ្វើការងារនៅក្នុងស្រុកមិនអាចរកប្រាក់បានដោះបំណុលធនាគារ។ លោកបន្ថែមថា នៅក្នុងភូមិមានភាពស្ងប់ស្ងាត់ និងមានតែមនុស្សចាស់ជរានៅមើលថែចៅតែប៉ុណ្ណោះ រីឯគ្រួសារខ្លះទៀត បានបង្ខំឲ្យកូនឈប់រៀនទៅធ្វើការងារដែរ។ លោក ង៉ោ បូរ៉ា៖ «គាត់ចំណាកទីមួយគាត់ទៅថៃ ទៅថៃច្រើន គាត់ទៅភ្នំពេញ ភាគច្រើនគឺទៅថៃ ពលរដ្ឋពេញកម្លាំង៧០ភាគរយ ៨០ភាគរយ គាត់ចំណាកស្រុក គាត់មិនសូវនៅធ្វើស្រែធ្វើចម្ការទេ»។

ពលរដ្ឋម្នាក់ទៀតនៅឃុំសាគ្រាម គឺ កញ្ញា លី រ៉ាក់សា កត់សម្គាល់ថា ពលរដ្ឋនៅក្នុងឃុំរបស់កញ្ញា ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដែលមានការកើនឡើង ក្នុងអំឡុងពេល២ឆ្នាំចុងក្រោយនេះ ។ កញ្ញាបន្ថែមថា ពលរដ្ឋទាំងអស់នោះភាគច្រើននាំគ្នាទៅធ្វើការជាកម្មករសំណង់ រីឯអ្នកខ្លះទៀតបង្ខំចិត្តទៅធ្វើការនៅទីនោះ ដោយសារតែមុខរបរកសិកម្ម របស់ពួកគេ ដូចជា ដំឡូង ស្វាយចន្ទី និងស្វាយ មានការខាតបង់និងមិនអាចរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារបាន។ កញ្ញា លី រ៉ាក់សា៖ «គាត់ធ្វើស្រែចម្ការមិនសូវបានផល ដូចជាធ្វើដំឡូងជូនកាលទឹកលិចអ៊ីចឹងគាត់ខាត ធ្វើដំឡូងដោយសារគាត់យកលុយធនាគារធ្វើ ដល់ពេលដំឡូងខូចក៏គាត់កប់លុយអ៊ីចឹងឯងគាត់អត់មានអ្វីបង់ ជូនកាលក៏គាត់រត់ទៅប្រទេសថៃ ធ្លាប់សួរគាត់អ៊ីចឹង គាត់នៅយកចៅ[មើល]កូនគាត់ធ្វើការចំណាកស្រុក ដើម្បីយកលុយមកបង់ធនាគារ»។

ជុំវិញរឿងនេះ មេឃុំសាគ្រាម លោក ចាន់ សុផល ទទួលស្គាល់ថា មានប្រជាពលរដ្ឋក្នុងឃុំធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃពិតមែន ប៉ុន្តែលោកថា មានប្រមាណតែ៣០ភាគរយ ទៅ៤០ភាគរយប៉ុណ្ណោះ ដែលបាននាំគ្នាធ្វើការចំណាកស្រុក ទៅរកការងារធ្វើនៅប្រទេសថៃ និងមួយចំនួនទៀត ទៅធ្វើការនៅទីក្រុងភ្នំពេញ ដោយសារពលរដ្ឋទាំងអស់នោះភាគច្រើន ជំពាក់បំណុលធនាគារ។ លោកមានការព្រួយបារម្ភចំពោះពលរដ្ឋ ដែលបានទៅធ្វើការឆ្លងដែននៅប្រទេសថៃ មិនមានឯកសារត្រឹមត្រូវ ប៉ុន្តែលោកថា កន្លងទៅអាជ្ញាធរឃុំ និងអង្គការសង់ត្រាល់ (CENTRAL) បានផ្សព្វផ្សាយអប់រំអំពីផ្លូវច្បាប់ និងការធ្វើចំណាកស្រុក ដោយស្របច្បាប់និងឲ្យបានត្រឹមត្រូវជាបន្តបន្ទាប់មកហើយដែរ។

លោក ចាន់ សុផល៖ «និយាយរួមទៅតំបន់ខ្ញុំនេះច្រើនតែយកលុយធនាគារ គាត់យកលុយពីធនាគារទៅដល់គាត់ដោះការប្រាក់មិនទាន់ទៅគាត់ត្រូវការធ្វើចំណាកស្រុក។ ជីវភាពនៅតំបន់របស់ខ្ញុំរបរកសិកម្មវាអស់ហើយ ស្រែ ចម្ការ ស្វាយចន្ទី ប៉ុណ្ណោះឯងទេ ដល់ផុតដំណាំសម្រាប់ជីវភាពរបស់គាត់ទាន់ចិត្តគាត់ត្រូវធ្វើការចំណាកស្រុក។ និយាយរួមទៅជំពាក់ធនាគារច្រើន»។

របាយការណ៍របស់សាលាឃុំសាគ្រាម បង្ហាញថា ឃុំនេះមានពលរដ្ឋជាង២ពាន់គ្រួសារ(២១៤៣គ្រួសារ) ស្មើនឹង ជាង១ម៉ឺន នាក់(១០១២៨នាក់) ដែលជាអ្នករស់នៅពឹងផ្អែកទៅលើមុខរបរកសិកម្ម។ អាជ្ញាធរឃុំក៏ បានកំណត់ ភូមិចំនួន៣ ដែលជាភូមិមានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ និងលំបាកខ្លាំងក្នុងការពិបាករកប្រាក់សងទៅម្ចាស់បំណុល មានដូចជា ភូមិព្រិច ភូមិស្រែវាល និងភូមិគន្ទាក។

ទាក់ទិននឹបញ្ហានេះ មន្ត្រីជាន់ខ្ពស់ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (ហៅកាត់សង់ត្រាល់) លោក ឌី ថេហូយ៉ា យល់ឃើញថា ពលករចំណាកស្រុក ទទួលបានផលប្រយោជន៍តិចតួច គឺអាចរកប្រាក់បានចិញ្ចឹមជីវិតនិងអាចសងបំណុលគេបាន ប៉ុន្តែក៏មានផលប៉ះពាល់ច្រើនផងដែរ ជាពិសេសពលរដ្ឋធ្វើចំណាកស្រុកដោយខុសច្បាប់។ លោកថា ការធ្វើការចំណាកស្រុកដោយខុសច្បាប់ប្រឈមនឹងការជួញដូរ និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ព្រមទាំងសមត្ថកិច្ចថៃចាប់ខ្លួនថែមទៀតផង។ លោក ឌី ថេហូយ៉ា៖ «កាលណាទៅមិនស្របច្បាប់ បញ្ហាប្រឈមរបស់គាត់គឺប្រឈមពីការជួញដូរមនុស្ស ការជួញដូរកម្លាំងពលកម្ម ការរងគ្រោះថ្នាក់ផ្សេងៗជាដើម ដោយមិនមានការការពារសិទ្ធិរបស់ពួកគាត់ នៅពេលអត់មានការការពារទាំងអស់ហ្នឹងអត់មានបានការគោរពសិទ្ធិគឺគាត់ទៅធ្វើការងារមួយ ដែលគេហៅថាទេសភាពនាសម័យទំនើប (Modern slavery) មានន័យថាធ្វើការដោយបង្ខំ ធ្វើការដោយគ្មានសេរីភាព ដោយសារតែគាត់ជាប់ដោយបំណុលជាដើមហ្នឹង»។

បើទោះបីយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិទី៧នេះ បានកំណត់យកការពង្រឹងសេដ្ឋកិច្ច និងបង្កើតការងារឱ្យពលរដ្ឋរកប្រាក់ចំណូលជារឿងសំខាន់ក៏ដោយ នៅរយៈពេលជាង២ខែបន្ទាប់ពីបង្កើតបានរដ្ឋាភិបាលថ្មីមក ពលរដ្ឋនៅគ្រប់កន្លែងតែងតែលើកឡើងអំពីបញ្ហាលំបាក បាត់បង់ការងារធ្វើ បាត់បង់ប្រាក់ចំណូល ព្រមទាំងរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ប្រជាពលរដ្ឋនៅក្នុងឃុំសាគ្រាម បានត្អូញត្អែរថា ពួកគេមានបញ្ហាខ្វះថវិកាទិញម្ហូបអាហារ ទិញថ្នាំព្យាបាលជំងឺ ជាពិសេសខ្វះលុយបង់ធនាគារ និងភ័យខ្លាចមានការរឹបអូសទ្រព្យសម្បត្តិ ដោយសារគ្មានលទ្ធភាពសងបំណុល៕

website_news/2023271005.txt · Last modified: 2023/10/27 10:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki