website_news:2023280203

បញ្ជូនខ្លួនស្ត្រីម្នាក់ទៅកាន់តុលាការ ពាក់ព័ន្ធការបង្រ្កាបទីតាំងម៉ាស្សាកោសជប់ បង្កប់សេវាផ្លូវភេទ

http://nokorwatnews.com/archives/970706 27/02/2023

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ បាន បញ្ជូនខ្លួនស្ត្រីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ដើម្បីចាត់ការតាមនីតិវិធី។ សមត្ថកិច្ចមិនទាន់បញ្ជាក់ ពីអត្តសញ្ញាណ ជនសង្ស័យដែលជាស្ត្រីភេទ ដែលបញ្ជូនទៅកាន់សាលាដំបូងនៅឡើយនោះទេ។ សូមបញ្ជាក់ថា ទីតាំងម៉ាស្សា និងកោសជប់មួយកន្លែងយីហោ456 ដែលលួចបើកបម្រើសេវាកម្មផ្លូវភេទ ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិធ្វើការឆ្មក់បង្រ្កាបដោយនៅក្នុងនោះឃាត់មនុស្សបាន៥នាក់ដកហូតវត្ថតាងពាក់ព័ន្ធមួយចំនួន ។

ក្នុងប្រតិបត្តិការបង្រ្កាបខាងលេីនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្បែរស្តុបក្បាលថ្នល់ស្ថិតនៅ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចជំនាញដែលចុះឆ្មក់បង្ក្រាបទីតាំងម៉ាស្សា កោសជប់ យីហោ456 ខាងលើនេះបានឱ្យដឹងថា ទីតាំងនេះត្រូវបានកម្លាំងនគរបាលជំនាញបើកការស្រាវជ្រាវជាច្រើនថ្ងៃមកហើយដែលនៅក្នុងនោះមានលួចទទួលបំរើសេវាកម្មផ្លូវភេទ បន្ទាប់មកក៏រាយការណ៍ទៅថ្នាក់លើសុំគោលការណ៍ដាក់កម្លាំង ដើម្បីចុះបង្ក្រាបតែម្ដង ដោយនៅក្នុងនោះឃាត់មនុស្សស្រីបានចំនួន០៥នាក់ និងមានមេការម្នាក់ ហើយដកហូតវត្ថុតាងដែលពាក់ព័ន្ធបានមួយចំនួនផងដែរ ។

ក្រោយពីបញ្ចប់ប្រតិបត្តិការបង្រ្កាបទីតាំងខាងលើនេះរួចត្រូវបានបិទហាងជាបណ្ដោះអាសន្ន។ រីឯមនុស្សស្រីចំនួន០៥នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញបញ្ចូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ ដើម្បីរង់ចាំអនុវត្តបន្តតាមនីតិវិធី ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបើកបញ្ជូនស្ត្រីម្នាក់ទៅកាន់សាលាដំបូងរាជធានាភ្នំពេញ ហើយពេលនេះកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

website_news/2023280203.txt · Last modified: 2023/02/28 09:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki