website_news:2023280303

តុលាការវៀតណាមដាក់ពន្ធនាគារមនុស្ស៨នាក់ពីបទបញ្ជូនជនជាតិខ្លួន៣៧នាក់មកកម្ពុជាដើម្បីលក់ក្រលៀន

https://www.khmertimeskh.com/501262112// March 25, 2023

តុលាការនៅទីក្រុងហូជីមិញ បានកាត់ទោសដាក់ពន្ធនាគារដល់មនុស្ស ៨ នាក់ ដែលជាប់ពាក់ព័ន្ធក្នុងក្រុមជួញដូរក្រលៀន ដែលបានបញ្ជូនជនជាតិវៀតណាម ៣៧ នាក់មកកម្ពុជាក្នុងនាមជាអ្នកបរិច្ចាគសរីរាង្គ។ ជនជាប់ចោទទាំងប្រាំបីនាក់ម្នាក់ៗជាប់ពន្ធនាគារពី ១០ ទៅ ១៦ឆ្នាំ ក្រោមការចោទប្រកាន់ទោសពីបទ “ជួញដូរសរីរាង្គមនុស្ស” ។ ពួកគេទាំងអស់បានធ្វើការជាឈ្មួញកណ្តាលឱ្យក្រុមជួញដូរក្រលៀន ដែលជាចំនួនដ៏ធំបំផុតមិនធ្លាប់មានដែលនគរបាលវៀតណាមបានបង្ក្រាប។ មេក្លោង ឈ្មោះTon Nu ThiHuyenអាយុ ៤៦ឆ្នាំបានស្លាប់ដោយសារជំងឺខ្សោយតម្រងនោមអំឡុងពេលស៊ើបអង្កេត។

យោងតាមសាលក្រមក្នុងឆ្នាំ២០០៩ឈ្មោះ Huyen បានទៅប្រទេសចិន ដើម្បីធ្វើការប្តូរក្រលៀនដោយខុសច្បាប់ ហើយនាងបានជួបបុរសម្នាក់ឈ្មោះ Dao Thanh Nhan។ នៅឆ្នាំ ២០១៦ នាងបានមកប្រទេសកម្ពុជា ដើម្បីជួប ឈ្មោះ Nhan ហើយគាត់បានណែនាំនាងឱ្យស្គាល់វេជ្ជបណ្ឌិតជនជាតិសិង្ហបុរីដែលកំពុងធ្វើការនៅមន្ទីរពេទ្យមួយក្នុងទីក្រុងភ្នំពេញ។ គ្រូពេទ្យនោះបានប្រាប់ Huyenឱ្យស្វែងរកមនុស្សដែលចង់លក់ក្រលៀនរបស់ពួកគេ ហើយនាំពួកគេមកប្រទេសកម្ពុជាដើម្បីធ្វើការវះកាត់។ បន្ទាប់មក Huyen បានត្រឡប់ទៅប្រទេសវៀតណាមវិញ ហើយបានភ្ជាប់ទំនាក់ទំនងជាមួយ Viet ដែលនាងបានសុំឱ្យស្វែងរកអ្នកដែលបាននិយាយក្នុងបណ្តាញសង្គមថាពួកគេចង់លក់ក្រលៀន។ សម្រាប់រាល់ការប្តូរក្រលៀន Huyenទទួលបាន ៧០លានដុង (២,៩៧៣ដុល្លារ) ដែលក្នុងនោះនាងបានចែករំលែក ពី១៥ទៅ២៥លានដុងជាមួយឈ្មោះViet។ អ្នកដែលមកកម្ពុជាដើម្បីលក់ក្រលៀនរបស់ពួកគេដោយជោគជ័យបានត្រឡប់ទៅប្រទេសវៀតណាមវិញហើយបានណែនាំមនុស្សបន្ថែមទៀតដល់ឈ្មោះHuyenនិង Viet ។

ដោយទាញយកប្រយោជន៍ពីក្រុម Facebook ដែលមានឈ្មោះថា Hoi hien than (ក្រុមបរិច្ចាគក្រលៀន) Huyenនិង Viet បានដាក់ឈ្មោះមនុស្សរបស់ពួកគេទៅក្នុងបញ្ជីអ្នកបរិច្ចាគ ដូច្នេះពួកគេនឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យធំៗក្នុងទីក្រុងហូជីមិញ ដើម្បីធ្វើតេស្តជាច្រើនតាមតម្រូវការសម្រាប់ ការប្តូរក្រលៀន។ បន្ទាប់មក Huyenបានបញ្ជូនលទ្ធផលតេស្តទាំងអស់ទៅកាន់វេជ្ជបណ្ឌិតសិង្ហបុរី។ ពេលគ្រូពេទ្យរកបានក្រលៀនដែលត្រូវហើយ Huyenបាននាំអ្នកលក់ក្រលៀនមកកម្ពុជាដើម្បីវះកាត់។ បន្ទាប់ពីលក់ក្រលៀនរួច “អ្នកបរិច្ចាគ” ម្នាក់ៗបានស្នាក់នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញរយៈពេល១២ថ្ងៃ ហើយបានទទួលប្រាក់ពី ២០០ទៅ២១០ លានដុង។ ចន្លោះខែមេសា ឆ្នាំ ២០១៧ ដល់ខែមករា ឆ្នាំ ២០១៩ ក្រុមរបស់ Huyenបានទាក់ទាញអ្នកលក់ក្រលៀនចំនួន ១០០ នាក់ ហើយបានបញ្ជូនពួកគេចំនួន ៣៧ នាក់មកប្រទេសកម្ពុជា ដើម្បីវះកាត់ប្តូរក្រលៀន។

ក្នុងចំណោមអ្នកដែលត្រូវបានបញ្ជូនមកប្រទេសកម្ពុជា មាន ២០ នាក់បានលក់ក្រលៀនរបស់ពួកគេដោយជោគជ័យ ធ្វើឱ្យHuyenរកចំណូលបាន ១,៤ ពាន់លានដុង។ Vietរកចំណូលបាន១៥០លានដុងបន្ទាប់ពីរកបានអ្នកលក់ក្រលៀនចំនួន៤០នាក់ដែល៨នាក់ក្នុងចំណោមនោះ លក់ក្រលៀនដោយជោគជ័យ។ ជនជាប់ចោទទាំងប្រាំពីរនាក់ផ្សេងទៀត រកចំណូលបានពី ៤០ ទៅ ១២០លានដុង ដោយធ្វើជាឈ្មួញកណ្តាល។ អាជ្ញាធរវៀតណាមបានស្នើឲ្យសមភាគីរបស់ខ្លួននៅកម្ពុជាជួយតាមដានវេជ្ជបណ្ឌិតសិង្ហបុរី និងលោក Dao Thanh Nhan។ ជនជាប់ចោទទាំងប្រាំបីនាក់ បានប្រាប់គណៈវិនិច្ឆ័យថាពួកគេដឹងពីបទល្មើសដែលពួកគេបានប្រព្រឹត្ត ប៉ុន្តែពួកគេបានបញ្ជាក់ពីអ្វីដែលពួកគេបានធ្វើដោយហេតុផលថា ពួកគេទាំងអស់សុទ្ធតែស្ថិតក្នុងស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុ ហើយត្រូវលក់ក្រលៀនរបស់ពួកគេដើម្បីរកប្រាក់។ ពួកគេបាននិយាយថា លុះក្រោយមកទើបគេណែនាំអ្នកដទៃឲ្យស្គាល់ក្រុមនោះ។ VNExpress

website_news/2023280303.txt · Last modified: 2023/03/28 08:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki