website_news:2023280304

ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃការជួញដូរមនុស្ស នឹងត្រូវរដ្ឋបាលខេត្តព្រះសីហនុ ពិភាក្សាក្នុងសន្និបាតប្រចាំឆ្នាំ

https://www.postkhmer.com/national/2023-03-25-1007-248389.html ភ្នំពេញ ប៉ុស្តិ៍ | Publication date 25 March 2023 | 10:07 ICT

ព្រះសីហនុៈ ការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃការជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងការធ្វើអធិការកិច្ចហត្ថពលករបរទេស នឹងត្រូវរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការពិនិត្យ និងពិភាក្សាគ្នា ដើម្បីដាក់ឱ្យបន្តអនុវត្តនៅក្នុងឆ្នាំ ២០២៣ នេះជាបន្តទៀត។ បន្ថែមពីនេះ ការផ្តល់សេវារដ្ឋបាល ការដោះស្រាយសំណើ សំណូមពររបស់ប្រជាពលរដ្ឋ នៅអង្គភាពច្រកចេញចូលតែ ១ខេត្ត ក្រុង ស្រុក និងយន្តការច្រកចេញចូលតែ ១ឃុំ សង្កាត់ យន្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ យន្តការគាំទ្ររដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ការគ្រប់គ្រងកាកសំណល់រឹង រាវ និងអនាម័យបរិស្ថាន និងការងារទេសចរណ៍ ក៏នឹងត្រូវធ្វើការពិភាក្សាតាមក្រុមនីមួយៗ ក្នុងការប្រមូលធាតុចូលយកមកអនុវត្តនៅឆ្នាំបន្តផងដែរ។ ទាំងនេះគឺជាការលើកឡើងរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២៤ មីនា ក្នុងពេលដែលលោកដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ សម្រាប់ការត្រៀមរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ៣០-៣១ ខែមីនា ឆ្នាំ ២០២៣។ នេះបើយោងតាមផេកហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ។

លោក គួច ចំរើន ថ្លែងទៀតថា ដោយឡែកនៅឆ្នាំក្រោយ រដ្ឋបាលខេត្ត នឹងជ្រើសរើសយកប្រធានបទចំនួន ៤ មានដូចជា ១ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ២ ការអភិវឌ្ឍមូលដ្ឋាន ៣ ការបម្រើសេវាសាធារណៈ និង៤ ការងារសង្គម ហើយចំណុចទាំង ៤នេះ ជាការទាក់ទងទៅនឹងប្រធានបទដែលរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់អនុវត្តការងារ នៅឆ្នាំ ២០២២៣ និងឆ្នាំ ២០២៤ ខាងមុខឱ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផលក្នុងការបម្រើការងារអភិវឌ្ឍនៅតាមមូលដ្ឋាន នៃខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត៕

website_news/2023280304.txt · Last modified: 2023/03/28 08:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki