website_news:2023280404

ឯកអគ្គរាជទូតថៃ ស្នើអគ្គស្នងការនគរបាលជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងល្បែងអនឡាញខុសច្បាប់

https://cen.com.kh/archives/652302.html Posted ByPen Srey NeatApril 27, 2023

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលស្វាគមន៍ ឯកឧត្តម ឈើតគៀត អាត់ថាក័រ (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញចូលជួបសម្តែងការគួរសម និងស្នើសុំបន្ថែមកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅជុំវិញស្ថានទូតថៃ និងស្ថានកុងស៊ុលនៅខេត្តសៀមរាប ខណៈពេលដែលប្រទេសថៃនឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ក្នុងជំនួបនេះ ឯកឧត្តម ឈើតគៀត អាត់ថាក័រ (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានស្នើសុំកិច្ចសហប្រតិបត្តការ និងការជួយជ្រោមជ្រែងពីអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ក្នុងអំឡុងពេលដែល ប្រទេសថៃរៀបចំព្រឹត្តិការណ៍បោះឆ្នោតថ្នាក់ជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

ដើម្បីឲ្យដំណើរការបោះឆ្នោតក្រៅប្រទេស ប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព ឯកឧត្តមឯកអគ្គរាជទូតថៃ បានស្នើសុំឲ្យជួយគាំទ្រការពារទាំងផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់នៅបរិវេណ និងទីតាំងដែលមានរៀបចំការបោះឆ្នោតនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ក្នុងជំនួបនេះ ភាគីថៃបានចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធកិច្ចការពារព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលថៃធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកន្លងមក។ ក្រៅពីនោះ ឯកឧត្តម ឈើត គៀត អាត់ថាក័រ (Cherdkiat ATTHAKOR) ក៏បានលើកឡើងពីកិច្ចការនគរបាល និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលកំពុងមាននិន្នាការកើនឡើងជាសកលគឺល្បែងអនឡាញខុសច្បាប់ជាដើម។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងទទួលយកនូវរាល់បទពិសោធន៍ និងការប្រឹក្សាយោបល់ពាក់ព័ន្ធដំណើរការនៃកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅក្នុងអំឡុងពេលនៃការប្រកួតកីឡាស៊ីហ្គេម រីឯពាក់ព័ន្ធនិងការស្នើសុំកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងអំឡុងពេលបោះឆ្នោតថ្នាក់ជាតិរបស់ប្រទេសថៃ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានសម្តែងការស្វាគមន៍ និងបានរៀបចំចាត់ចែងកម្លាំងនាយកដ្ឋានជំនាញសហការជាមួយនិងកម្លាំងនគរបាលមូលដ្ឋាន ដើម្បីផ្តល់ជូននៅកិច្ចការពារតាមការស្នើសុំឲ្យបានល្អប្រសើរ។

ពាក់ព័ន្ធនិងការប្រយុទ្ធប្រឆាំងល្បែងហ្គេមអនឡាញ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ដោយអនុវត្តតាមយុទ្ធនាការរបស់រាជរដ្ឋាភិបាលនៅប្រទេសកម្ពុជា បានធ្វើការបង្ក្រាបបានស្ទើរតែទាំងស្រុងនៅទីតាំងហ្គេមអនឡាញធំៗគ្រប់ប្រភេទ លើកលែងតែមានករណីមួយចំនួនតូចដែលបានលួចលាក់ជ្រកក្រោមអាជ្ញាប័ណ្ណកាស៊ីណូ ក៏ប៉ុន្តែកិច្ចការនេះនគរបាលជាតិកម្ពុជានៅតែបន្តបង្ក្រាបដូចភ្លៀងរលឹម។

ក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរាជទូតថៃ បានសម្តែងនូវមនោសញ្ចេតនា និងការដាក់ជំនឿចិត្តខ្ពស់ អរគុណចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានថ្លែងការកោតសរសើរ ចំពោះការដាក់ចេញនូវបទបញ្ជាបង្រ្កាបបទល្មើសឆ្លងដែន និងការចង្អុលដឹកនាំអនុវត្តកិច្ចប្រតិបត្តិការ ដោយផ្ទាល់ក្នុងការប្រយុទ្ធប្រឆាំងល្បែងអនឡាញខុសច្បាប់ ដែលទទួលបាលលទ្ធផលល្អ គួរឲ្យកត់សម្គាល់ ធ្វើឲ្យបទល្មើសគ្រប់ប្រភេទមានការថយចុះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

website_news/2023280404.txt · Last modified: 2023/04/28 10:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki