website_news:2023280408

តៃវ៉ាន់ធ្វើវិសោធនកម្មច្បាប់ស្តីពីការជួញដូរមនុស្សបន្ទាប់ពីមានករណីបែបនេះនៅកម្ពុជា

https://www.khmertimeskh.com/501281119// Khmer Times April 28, 2023

គណៈកម្មាធិការនីតិប្បញ្ញត្តិរបស់កោះតៃវ៉ាន់ បានអនុម័តលើវិសោធនកម្មលើកទីមួយ ដែលនឹងបង្កើនការពិន័យចំពោះជនល្មើសដែលប៉ុនប៉ងជ្រើសរើសមនុស្សឱ្យប្រព្រឹត្តបទឧក្រិដ្ឋនៅបរទេស បន្ទាប់ពីមានការចុះផ្សាយព័ត៌មានជាច្រើនកាលពីឆ្នាំមុនពាក់ព័ន្ធនឹងបទល្មើសល្បួងអ្នកស្វែងរកការងារធ្វើមកប្រទេសកម្ពុជា។ សំណើរធ្វើវិសោធនកម្មច្បាប់ស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មដែលបានរៀបចំទុកជាមុនដែលព្រាងដោយនាយកប្រតិបត្តិ Yuan កំណត់ការផាកពិន័យរហូតដល់៦៥១,២៥៤ ដុល្លារ និងជាប់ពន្ធនាគាររហូតដល់ ៧ ឆ្នាំ ខណៈដែលនឹងដាក់ពិន័យកាន់តែខ្លាំងនៅពេលដែលជនរងគ្រោះមិនទាន់គ្រប់អាយុ។ វិសោធនកម្មនេះត្រូវបានព្រាងបន្ទាប់ពីអ្នកស៊ើបអង្កេតបានរកឃើញថា ក្រុមជួញដូរបានល្បួងជនជាតិតៃវ៉ាន់មកកម្ពុជាដោយសន្យាថាពួកគេទទួលបានការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែជាក់ស្តែងបានបង្ខំពួកគេឱ្យធ្វើការងារបោកប្រាស់ និងទទួលរងការកេងប្រវ័ញ្ចផ្លូវភេទ។ ករណីនៃការជួញដូរសរីរាង្គក៏ត្រូវបានរាយការណ៍ផងដែរ។

សមាជិកក្រុម Four Seas Gang និងក្រុម Bamboo Union Gang ដែលគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្សមកកម្ពុជា ត្រូវបានមន្ត្រីការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមចាប់ខ្លួនកាលពីថ្ងៃទី៣ ខែ មីនា។ វិសោធនកម្មនេះក៏នឹងហាមឃាត់អ្នកដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋកម្មដែលបានរៀបចំទុកជាមុនពីការឈរឈ្មោះធ្វើជាមន្រ្តីរាជការផងដែរ។

Ker Chien-ming មកពីគណបក្សប្រជាធិបតេយ្យបាននិយាយថា អ្នកដែលត្រូវបានជាប់ទោស ប៉ុន្តែមិនត្រូវបានគេដាក់ទោសទណ្ឌ ក៏នឹងត្រូវបានហាមឃាត់មិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតដែរ។ វិសោធនកម្មនេះចែងអំពីការដាក់ទោសទណ្ឌកម្រិតធ្ងន់សម្រាប់មន្ត្រីសាធារណៈ ដែលត្រូវបានរកឃើញថាមានពិរុទ្ធពីបទជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មដែលបានរៀបចំទុកជាមុនរួមទាំងការផ្តល់ហិរញ្ញប្បទាននិងការជ្រើសរើសមនុស្សសម្រាប់ក្រុមឧក្រិដ្ឋកម្ម។

នៅក្រោមវិសោធនកម្មនេះ មន្ត្រីសាធារណៈដែលរកឃើញថាមានពិរុទ្ធពាក់ព័ន្ធនឹងបទល្មើសបែបនេះ អាចនឹងត្រូវរឹបអូសយកទ្រព្យសម្បត្តិ និងប្រាក់ខុសច្បាប់។ វិសោធនកម្មច្បាប់ត្រួតពិនិត្យការលាងលុយក៏ត្រូវបានពិភាក្សាកាលពីម្សិលមិញដែរ ប៉ុន្តែខ្វះការគាំទ្រ។ ការពិភាក្សាលើសំណើនេះគឺនៅតែបន្តទៅមុខទៀត។

សំណើមួយបានកំណត់ពីការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំនិងពិន័យជាប្រាក់រហូតដល់៤ លានដុល្លារតៃវ៉ាន់ សម្រាប់មន្ត្រីរាជការសាធារណៈណាដែលប្រើប្រាស់ការិយាល័យរបស់ពួកគេប្រមូលព័ត៌មានអំពីគណនីរបស់មនុស្សជាមួយនឹងស្ថាប័នហិរញ្ញវត្ថុ រូបិយប័ណ្ណគ្រីបតូ ឬវេទិកាទូទាត់ភាគីទី៣។ សមាជិកសភាគណបក្សជាតិនិយមចិន លោក William Tseng បានជំទាស់នឹងសំណើនេះ ដោយនិយាយថា ការផាកពិន័យគួរតែមានរហូតដល់១០០ លានដុល្លារតៃវ៉ាន់។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Tsai Ching-hsiang បានស្នើឱ្យបង្កើនការផាកពិន័យជាអតិបរមាដល់ ៥០ លានដុល្លារតៃវ៉ាន់ ប៉ុន្តែដកឃ្លាដែលចែងពីការផាកពិន័យដាច់ដោយឡែកពីគ្នា “ប្រសិនបើមនុស្ស៣ នាក់ ឬច្រើនជាងនេះ បានប្រព្រឹត្តបទឧក្រិដ្ឋរួមគ្នា”៕

website_news/2023280408.txt · Last modified: 2023/04/28 10:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki