website_news:2023280602

កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆមាសទី១ ឆ្នាំ២០២៣ របស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស !

https://www.information.gov.kh/articles/108066 ចេញផ្សាយ ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៣

សៀមរាប៖ គ ខ ប ជ ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ គណ: កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប គ ខ ប ជ បានរៀបចំកិច្ចជុំប្រចាំឆមាសទី១ ក្រោមអធិបតីភាព លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន គ ខ ប ជ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការ គ ខ ប ជ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូជាតិ អន្តរជាតិ សរុប ៥៩នាក់ បានអញ្ជើញចូលរួម។

លោកស្រី យូ សូភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន គ ខ ប ជ មានប្រសាសន៍ ក្នុងកិច្ចប្រជុំបានពិនិត្យនិងពិភាក្សាតាមរបៀបវរ:រួមមាន៖

១. ពិនិត្យលើសេចក្តីរបាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆមាសទី១ ឆ្នាំ២០២៣។

២. ពិនិត្យនិងពិភាក្សាលើបញ្ហាប្រឈម ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយបានផ្តោតសំខាន់នៅក្នុងកិច្ចប្រជុំកាលពីខែឧសភា ដោយស្ថាប័នពាក់ព័ន្ធធ្វើបច្ចុប្បន្នភាពដូចជា ករណីជនជាតិចិន ស្នើសុំរៀបអាពាពិពាហ៍ ជាមួយស្រ្តីខ្មែរ (នៅឃុំខ្នងភ្នំ ស្រុកស្វាយលើ) ដោយករណីនេះ ជនជាតិចិនបានស្នើសុំបែបបទពីស្ថានទូតរួចហើយ និងបាននឹងកំពុងរៀបចំឯកសារ ដើម្បីស្នើសុំទៅក្រសួងមហាផ្ទៃបន្ត។ ការតាមដានត្រួតពិនិត្យលើស្រ្តីរងគ្រោះដោយករណីរៀបការផ្ទុយពីឆន្ទ: ដែលបានធ្វើសមាហរណកម្មត្រឡប់ទៅមូលដ្ឋានវិញ ចំនួន ០២នាក់ នៅស្រុកវ៉ារិន ដោយទទួលបានការគាំទ្រទៅលើរៀនជំនាញវិជ្ជាជីវ: (ផ្នែកសាឡន) មានការគាំទ្រដោយអង្គការមូលនិធិអេ២១។

លោកស្រី បានបន្តទៀតថា កន្លងមកខាងមន្ទីរកិច្ចការនារីខេត្ត ស្នងការនគរបាលខេត្ត និងអង្គការ APLE បានធ្វើបច្ចុប្បន្នភាពអំពីករណីដែលសង្ស័យទទួលរងការរំលោភបំពានតាមប្រព័ន្ធអនឡាញ បានធ្វើការចុះប្រឹក្សាយោបល់ផ្នែកផ្លូវចិត្ត និងផ្នែកច្បាប់ជូនកុមារីជាអនីតិជន ដែលមានទំនាក់ទំនងជាមួយជនបរទេស ហើយមានការរំលោភបំពានតាមអនឡាញ។ ចំពោះលេខាធិការដ្ឋាន គ.ខ.ប.ជ រដ្ឋបាលស្រុកពួក ស្នងការនគរបាលខេត្ត និងអង្គការ A21 យើងបានធ្វើបច្ចុប្បន្នភាព លើករណីអតីតពលករនៅភូមិព្រៃជ្រូក ឃុំកែវពណ៌ ស្រុកពួក ដោយបានធ្វើការចុះប្រឹក្សាយោបល់ និងធ្វើសម្ភាសន៍ ដើម្បីកំណត់អត្តសញ្ញាណ ព្រមទាំងបាននាំយកថវិកា និងសម្ភារ:ប្រើប្រាស់ គ្រឿងឧបភោគបរិភោគមួយចំនួន របស់លេខាធិការដ្ឋាន គ.ខ.ប.ជ រដ្ឋបាលស្រុកពួក និងអង្គការមូលនិធិអេ២១ ជូនពួកគាត់ផងដែរ។

បន្ថែមពីនោះ អង្គប្រជុំក៏បានលើកឡើងអំពីបញ្ហាប្រឈមថ្មីមួយចំនួន យកមកពិភាក្សារួមមាន៖ ករណីក្រុមហ៊ុនឯកជនមួយបានស្នើឱ្យអាជ្ញាធរឃុំ ធ្វើការបញ្ជាក់លម្អិតអំពីទំនាក់ទំនងរវាងប្រជាពលរដ្ឋចំនួន ០៣នាក់ និងអ្នកដែលបានយកទៅចិញ្ចឹម (ថាជាមេគ្រួសាររបស់ពលរដ្ឋទាំង ០៣នាក់ខាងលើ) ដើម្បីនាំយកចេញទៅធ្វើការនៅប្រទេសជប៉ុន។ ករណីខាងលើនេះជំនាញសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្ត ព្រោះវាអាចជាករណីពាក់ព័ន្ធនឹងការជួញដូរកម្លាំងពលកម្ម។

ការជំរុញ និងពង្រឹងទៅលើការចុះអធិការកិច្ច នៅតាមមណ្ឌលថែទាំជំនួស នៅក្នុងខេត្តសៀមរាប និងបានពិភាក្សាទៅលើករណីកុមារអាយុ ២ខែកន្លះ ពុំមានទឹកដោះគោប៉ៅ ដោយសារក្រោយពីសម្រាលរួចម្តាយបានទុកចោលនៅជាមួយឪពុកក្រីក្រ (ឪពុកពុំមានលទ្ធភាពទិញទឹកដោះគោ) ករណីអាជ្ញាធរបានដោះស្រាយជូនមួយចំនួនដែរ ប៉ុន្តែមិនគ្រប់គ្រាន់ ទើបស្នើឱ្យមានការជួយគាំទ្របន្ថែមពីដៃគូ (ករណីនេះ មានការសន្យាជួយគាំទ្របានមួយចំនួន ពីអង្គការមេត្រីអន្តរជាតិ)។

នៅក្នុងកិច្ចប្រជុំនេះផងដែរ ក៏មានការផ្សព្វផ្សាយជូនអំពីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: ដោយឥតគិតថ្លៃជូនដល់ពលករ ដែលបានវិលត្រឡប់មកពីធ្វើការនៅក្រៅប្រទេសវិញ ដែលគាំទ្រដោយអង្កការ IOM នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរខេត្តសៀមរាបជាដើម៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2023280602.txt · Last modified: 2023/06/28 09:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki