website_news:2023280603

ថៃព្រមសម្រួលលក្ខខណ្ឌបន្តសុពលភាពលិខិតអនុញ្ញាតធ្វើការរបស់ពលករចំណាកស្រុកខ្មែរជិត៤ម៉ឺននាក់

https://www.rfi.fr/km/B?ref=tgi ចុះផ្សាយនៅថ្ងៃ៖ 27/06/2023 - 08:00

កម្ពុជានិងថៃ បានសម្រេចកិច្ចព្រមព្រៀងមួយ ដើម្បីសម្រួលលក្ខខណ្ឌស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាតឱ្យធ្វើការដល់ពលករចំណាកស្រុកខ្មែរនៅប្រទេសថៃប្រមាណជាង៤ម៉ឺននាក់ ដែលនឹងផុតសុពលភាពកំណត់ នៅថ្ងៃទី៣១ខែកក្កដាខាងមុខនេះ។ តាមការបញ្ជាក់ពីអាជ្ញាធរថៃ កិច្ចព្រមព្រៀងនេះធ្វើឡើងដោយសារតែបច្ចុប្បន្ននេះ ថៃកំពុងខ្វះពលករបម្រើការងារយ៉ាងខ្លាំង។ អង្គការសង់ត្រាល់ យល់ថា កិច្ចព្រមព្រៀងថ្មីនេះ នឹងកាន់តែមានប្រសិទ្ធភាពបម្រើប្រយោជន៍ពលករខ្មែរ ប្រសិនបើស្ថានទូតខ្មែរនៅថៃបង្កើនការជួយសម្រួលឯកសារការងារមួយចំនួនឱ្យលឿនជាងពេលបច្ចុប្បន្ន។

តបតាមការស្នើពីកម្ពុជា រដ្ឋាភិបាលថៃបានយល់ព្រមសម្រួលលក្ខខណ្ឌ ស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាតធ្វើការដល់ពលករចំណាកស្រុកខ្មែរ ជាង៤ម៉ឺននាក់ដែលកំពុងអស់សុពលភាពនៅចុងខែកក្កដាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាំងកកប៉ុស្តិ៍របស់ថៃកាលពីថ្ងៃទី២៥មិថុនាកន្លងទៅ។

តាមការចុះផ្សាយរបស់បាំងកកប៉ុស្តិ៍ អគ្គនាយកនៃអគ្គនាយកដ្ឋានការងាររបស់ប្រទេសថៃ លោក ផៃរ៉ច្ឆ ចុទីកាសាធៀន (Pairoj Chotikasathien) លើកឡើងថា ការព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរវាងអាជ្ញាធរផ្នែកការងាររបស់ថៃ និងកម្ពុជា ដើម្បីជួយសម្រួលដល់បញ្ហាខ្វះខាតពលករបរទេសនៅក្នុងប្រទេសថៃនៅពេលនេះ។ តាមរយៈកិច្ចព្រមព្រៀងនេះ ពលករចំណាកស្រុកខ្មែរក្នុងប្រទេសថៃ នឹងមិនចាំបាច់រង់ចាំដល់ទៅ៣០ថ្ងៃ គិតចាប់ពីថ្ងៃផុតកំណត់សុពលភាពនៃលិខិតអនុញ្ញាតឱ្យធ្វើការ ទើបអាចដាក់ពាក្យស្នើសុំឡើងវិញ ឬបន្តសុពលភាពដូចតាមលក្ខខណ្ឌទូទៅនោះទេ។ ហើយដំណើរការទាំងមូលនៃការដាក់ពាក្យស្នើសុំបន្តសុពលភាពនៃលិខិតអនុញ្ញាតឱ្យធ្វើការនេះ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលករចំណាកស្រុកខ្មែរ។

គួរដឹងថា ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MOU) បច្ចុប្បន្នរវាងកម្ពុជា និងថៃ អនុញ្ញាតឱ្យពលករចំណាកស្រុកខ្មែរធ្វើការដោយស្របច្បាប់ក្នុងប្រទេសថៃរយៈពេល ៤ឆ្នាំ ដែលលិខិតអនុញ្ញាតឱ្យធ្វើការរបស់ពលករចំណាកស្រុកខ្មែរទាំងជាង៤ម៉ឺននាក់ខាងលើ នឹងត្រូវផុតកំណត់ក្នុងចន្លោះចាប់ពីខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ខាងមុខនេះ។

តាមរយៈវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) យល់ថា ជារឿងល្អដែលថៃយល់ព្រមសម្រួលលក្ខខណ្ឌសុពលភាពលិខិតអនុញ្ញាតធ្វើការរបស់ពលករខ្មែរ ប៉ុន្តែលោកនៅមានក្តីបារម្ភជុំវិញសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាអនឡាញរបស់ពួកគេ។ សម្រាប់លោក មឿន តុលា កិច្ចព្រមព្រៀងថ្មីនេះ អាចកាន់តែមានប្រសិទ្ធភាពបម្រើប្រយោជន៍ពលករខ្មែរ ប្រសិនបើស្ថានទូតខ្មែរនៅថៃ បង្កើនការគាំពារពលករខ្មែរ តាមរយៈការពន្លឿនដំណើរការធ្វើឯកសារការងារ ខណៈជារឿយៗ ពលករខ្មែរតែងត្អូញត្អែរពីភាពយឺតយ៉ាវ ក្នុងការរត់ឯកសារនៅស្ថានទូត ក៏ដូចជាការត្អូញត្អែរពីការចំណាយច្រើននៅពេលបន្តសុពលភាពការងាររបស់ពួកគេជាដើម។ គួរជម្រាបថា ក្នុងចំណោមពលករខ្មែរនៅក្រៅប្រទេសសរុប ១.៣លាននាក់បច្ចុប្បន្ននេះ គឺមាន១.២លាននាក់ កំពុងបម្រើការងារនៅប្រទេសថៃ៕

website_news/2023280603.txt · Last modified: 2023/06/28 09:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki