website_news:2023280701

កម្លាំងឈរជើងកម្ពុជា បន្តចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ

https://www.postkhmer.com/national/2023-07-22-0850-252594.html សុខ រក្សា | Publication date 22 July 2023 | 15:50 ICT

ឧត្តរមានជ័យៈ កម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ បន្តចុះល្បាត និងត្រួតពិ និត្យបង្គោលព្រំដែននៅតាមគោលដៅ ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ឬបទល្មើសផ្សេងៗ។

កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងតាមរយៈតេឡេក្រាមថា នៅថ្ងៃទី ២២ ខែ កក្កដានេះ លោក ឃួន ភិរុណ មេបញ្ជាការកងការពារព្រំដែនគោកលេខ ៤០២ បានបន្តចាត់តាំងកម្លាំងគ្រប់កងល្បាត ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវគ្រប់ចំណុចគោលដៅដែលបានកំណត់ទុក។ ប្រភពដដែលបន្តថា៖«ការបន្តចុះល្បាតនេះ ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ស្ថិតក្នុងសង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ»។

ក្នុងនោះដែរលោក ឃួន ភិរុណ បានជំរុញតាមបណ្តាកងល្បាតទាំងអស់ត្រូវបង្កើនសកម្មភាពដើរល្បាតឱ្យបានជាប់ជាប្រចាំ និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ។

ដោយឡែកកាលពីថ្ងៃទី ថ្ងៃទី២១ ខែកក្កដា លោក តន់ ញាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅគ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ត្រូវបន្តចាត់តាំងកម្លាំងសហការជាមួយអង្គភាពជាមិត្ត ចេញយាម ល្បាតត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដានក្តាប់ឱ្យជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន ។ លោក តន់ ញាន មានប្រសាសន៍ថា៖«ការដឹកនាំកម្លាំង ចុះពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជារៀងរាល់ថ្ងៃ គឺដើម្បីអនុវត្តតាមផែនការបទបញ្ជារបស់ថ្នាក់លើ ដើម្បីពង្រឹងដល់កងកម្លាំងប្រចាំការ»។

ជាមួយគ្នានេះ លោកក៏បានដាស់តឿនដល់នាយពលទាហានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ អនុវត្តការងារតាមតួនាទីដែលថ្នាក់លើប្រគល់ជូនឱ្យទទួលបានជោគជ័យ និងសំណូមពរដល់កងកម្លាំងទាំងអស់ត្រូវចូលរួមសហការ សាមគ្គីគ្នាឱ្យបានល្អបន្ថែមទៀតជាមួយអង្គភាពមិត្ត ពិសេសត្រូវធានាបាននូវការរក្សាសុខសន្តិភាព ស្ថិរភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់រាល់សកម្មភាពបទល្មើសឆ្លងដែនខុសច្បាប់ផ្សេងៗដែលអាចកើតមានឱ្យបានទាន់ពេលវេលា៕

website_news/2023280701.txt · Last modified: 2023/07/28 10:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki