website_news:2023280703

ក្មេងស្រីចិនម្នាក់ សិក្សានៅជប៉ុន ចាញ់បោកក្រុមឧក្រិដ្ឋជន ឲ្យមកកម្ពុជា បង្គាប់ធ្វើដូចគេចាប់ជំរិត ហើយទារប្រាក់ពីគ្រួសារ ១,៤លានដុល្លារអាមេរិក

https://kohsantepheapdaily.com.kh/article/1776808.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ២៦ ខែ កក្កដា ឆ្នាំ ២០២៣ ម៉ោង ២០:៤៨

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចកម្ពុជា បានជួយសង្គ្រោះក្មេងស្រីជនជាតិចិនម្នាក់ រស់នៅប្រទេសជប៉ុន ដែលបានចាញ់បោកក្រុមឧក្រិដ្ឋជនក្លែងបន្លំជានគរបាលនៃប្រទេសចិន ហើយបានណែនាំក្មេងស្រីរងគ្រោះឲ្យមកប្រទេសកម្ពុជា ដើម្បីថតរូប និងធ្វើវីដេអូសម្ដែងថា រងគ្រោះដោយអំពើបង្ខាំង និងចាប់ជំរិតនៅកម្ពុជា ដោយក្រុមឧក្រិដ្ឋជនបានជម្រិតទារប្រាក់ពីក្រុមគ្រួសារក្មេងស្រីរងគ្រោះចំនួន២០០លានយ៉េន ប្រមាណ ១,៤លានដុល្លារអាមេរិក ។

លោកឧត្តមសេនីយ៍ត្រី គី វណ្ណារ៉ា សមាជិកក្រុមការងារឆ្លើយតបរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី២៦ ខែកក្កដានេះថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នគរបាលជាតិកម្ពុជា បានទទួលព័ត៌មានតាមរយៈគេហទំព័រហ្វេសប៊ុករបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានស្ត្រីម្នាក់ឈ្មោះ YI ជាជនជាតិចិន រស់នៅប្រទេសជប៉ុន បានស្នើសុំសមត្ថកិច្ចកម្ពុជា ឲ្យជួយអន្តរាគមន៍ស្វែងរក និងសង្គ្រោះកូនស្រីរបស់គាត់ឈ្មោះ LAN អាយុ១៩ឆ្នាំ ជានិស្សិត នៃសាកលវិទ្យាល័យក្នុងប្រទេសជប៉ុន ថា កំពុងត្រូវបានរងការចាប់ជំរិតនៅកម្ពុជា ។

ការប្ដឹងស្នើសុំកិច្ចអន្តរាគមន៍ស្វែងរក និងសង្គ្រោះនេះ គឺធ្វើឡើងបន្ទាប់ពីស្ត្រីជាម្ដាយបានបាត់ទំនាក់ទំនងជាមួយកូនស្រីរបស់គាត់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ហើយបន្ទាប់មកនៅថ្ងៃទី១៧ ខែឆ្នាំដដែល មានជនមិនស្គាល់អត្តសញ្ញាណ បានទូរសព្ទប្រាប់ថា កូនស្រីគាត់កំពុងស្ថិត ក្នុងដៃរបស់ពួកគេនៅប្រទេសកម្ពុជា អមជាមួយរូបថត និងវីដេអូ ហើយបានជំរិតទារប្រាក់២០០លានយ៉េន បន្ទាប់មកមានការចរចាតម្លៃត្រឹម៣០លានយ៉េន (ប្រមាណ ២១ម៉ឺនដុល្លារ) ។

ក្រោយទទួលបានប្ដឹងរបស់ស្ត្រីខាងលើ កម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការគ្នាស្រាវជ្រាវ ហើយជាលទ្ធផល ក្នុងថ្ងៃទី១៩ ខែឆ្នាំដដែល យើងបានស្វែងរកឃើញក្មេងស្រី នៅទីតាំងសណ្ឋាគារមួយកន្លែង ដោយស្នាក់នៅម្នាក់ឯង និងពុំមានស្ថានភាពរងគ្រោះ នៃអំពីចាប់ជំរិតអ្វីឡើយ ។ លោកឧត្តមសេនីយ៍ត្រី គី វណ្ណារ៉ា បន្តថា តាមការសាកសួរដោយសមត្ថកិច្ច ក្មេងស្រីនេះបានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ មានជនមិនស្គាល់អត្តសញ្ញាណ បានចូលប្រាប់ថា គេជាសមត្ថកិច្ចនគរបាល នៃប្រទេសចិន កំពុងស៊ើបអង្កេតបទល្មើសលើនាង ព្រោះសមត្ថកិច្ចចាប់បានជនល្មើសម្នាក់ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ ហើយប្រាក់ដែលឆបោកនោះ ត្រូវបានដាក់នៅក្នុងគណនីរបស់ក្មេងស្រីរូបនេះ។ នាងត្រូវបានគេគំរាមឲ្យរក្សាការសម្ងាត់ ដោយមិនត្រូវប្រាប់នរណាម្នាក់ឡើយ និងត្រូវសហការធ្វើតាមការណែនាំនានា បើពុំនោះទេ នឹងត្រូវចាប់ខ្លួន ហើយមានបញ្ហាដល់គ្រួសារទាំងមូលតែម្ដង ។

ក្មេងស្រីនេះត្រូវបានជនល្មើស ណែនាំឲ្យធ្វើតាមមួយចំនួនរួមមាន ផ្ដល់គណនីបណ្ដាញទំនាក់ទំនង LINE ដែលប្រើក្នុងការទំនាក់ទំនងជាមួយម្ដាយឲ្យទៅពួកគេ ហើយគណនីនេះក្រោយមកត្រូវបានជនល្មើសប្រើបញ្ជូនរូបថត វីដេអូ និងជំរិតទារប្រាក់ពីស្ត្រីជាម្ដាយ។ រាល់ទំនាក់ទំនងជាមួយពួកគេ ត្រូវធ្វើតាមប្រព័ន្ធ YiChat (បណ្ដាញទំនាក់ទំនងគ្មានការគ្រប់គ្រងច្បាស់លាស់) ហើយត្រូវលុបសារទាក់ទងចោលរៀងរាល់ថ្ងៃ។ ឲ្យធ្វើការវេរប្រាក់ទាំងអស់ ក្នុងគណនីចេញទៅឲ្យពួកគេ ដោយអះអាងថា ដើម្បីពិនិត្យភាពត្រឹមត្រូវ ហើយក្មេងស្រីរូបនេះបានវេរប្រាក់អស់ចំនួន ៧៥ម៉ឹនយ៉េន ប្រមាណជា ៥ពាន់ដុល្លារ ។ តម្រូវឲ្យនាងរកលុយបន្ថែម ៥លានយ៉េន ប្រមាណ ៣ម៉ឺន ៥ពាន់ដុល្លារ ដើម្បីដាក់ក្នុងគណនីហើយផ្ទេរទៅឲ្យពួកគេ ដើម្បីផ្ទៀងផ្ទាល់ភាពស្អាតស្អំ និងបញ្ចប់បញ្ហា។ ដោយសារមិនអាចរកប្រាក់តាមកំណត់បាន ជនល្មើសបានណែនាំឲ្យនាងធ្វើដំណើរមកកម្ពុជា ដោយរកកន្លែងស្នាក់នៅ ទិញថ្នាំលាបក្រចក ពណ៌ក្រហម កន្ត្រៃ ស្គុតរុំ រួចគូសធ្វើស្លាកស្នាមរងរបួស បន្ទាប់មករៀបចំថតវីដេអូ ដោយខ្លួនឯង សម្ដែងជាសកម្មភាពរងការបង្ខាំងចាប់ជំរិត ហើយបញ្ជូនវីដេអូទាំងនោះ ឲ្យទៅពួកគេ ដែលជាជនល្មើស។

តាមរយៈលទ្ធផលស្រាវជ្រាវ និងស្វែងរកក្មេងស្រីក្នុងករណីនេះ សមត្ថកិច្ចកម្ពុជាសម្រេចបានដោយជោគជ័យ និងបានប្រគល់ក្មេងស្រីរងគ្រោះជូនឲ្យទៅម្ដាយ និងក្រុមគ្រួសារវិញដោយសុវត្ថិភាព។ លោកឧត្តមសេនីយ៍ត្រី គី វណ្ណារ៉ា បានបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើស ដោយមិនបណ្ដែតបណ្ដោយឲ្យមានការធ្វើសកម្មភាពតាមតែអំពើចិត្តក្នុងប្រទេសកម្ពុជានោះឡើយ ហើយសុំឲ្យបញ្ឈប់ និងលះបង់គំនិត ក្នុងការប្រើប្រាស់ប្រទេសកម្ពុជា ពាក់ព័ន្ធនឹងបទល្មើសរបស់ពួកអ្នក។ ទន្ទឹមនេះ សមត្ថកិច្ចកម្ពុជា ក៏កំពុងសហការជាមួយភាគីបរទេស ដើម្បីស៊ើបអង្កេតបន្តរកជនល្មើស ដែលនៅពីក្រោយករណីនេះផងដែរ ។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់នាងទៅគ្រួសារវិញ ហើយក៏បានចាកចេញពីប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ ៕

website_news/2023280703.txt · Last modified: 2023/07/28 10:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki