website_news:2023280704

តំណាងអយ្យការបើកការស៊ើបសួរអ្នកដឹកនាំ និងថតរឿងមិនសមរម្យ ក្រោយនារី៤នាក់ប្តឹង

https://kohsantepheapdaily.com.kh/article/1777242.html? utm_source=telegram&utm_medium=click&utm_campaign=channeltelgram ភ្នំពេញ២៧ ខែ កក្កដា ឆ្នាំ ២០២៣ ម៉ោង ១៧:១០

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ក្នុងនោះម្នាក់ជាអ្នកដឹកនាំ និងថតរឿងអប់រំបែបសិ.ចស៊ីអា.សអាភា.ស បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាការប្រគល់ជូនទៅស្ថាប័នអយ្យការ ដើម្បីធ្វើការសាកសួរជុំវិញការថត និងឡាយ ព្រមទាំងផលិតវីដេអូរឿងអប់រំបែបរោ.លរា.ល ហើយចែកចាយផ្សព្វផ្សាយតាមបណ្តាញសង្គម។

ជនសង្ស័យទាំង២នាក់ខាងលើនេះ ម្នាក់មានឈ្មោះ សេក ដារ័ត ហៅ ខេនឌី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅបុរីឡាយគង់ ផ្ទះលេខ០៣៥បេ ផ្លូវលេខ០៣ ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ឈួន សុខលីម ហៅ សុខ លីមរក្សា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅជាមួយគ្នា។ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ឲ្យជនសង្ស័យទាំង២នាក់ចូលបង្ហាញខ្លួននៅការិយាល័យប្រឆាំងអំពើហិ.ង្សាក្នុងគ្រួសារ និងរំលោ.ភផ្លូវភេ.ទនៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ នៅរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ «បំពារបំពានផ្លូវភេ.ទ ផលិត និងចែកចាយរូបភាពអា.សអាភា.ស» តាមពាក្យបណ្តឹងរបស់នារីៗចំនួន៤នាក់ ។

សូមជម្រាបផងដែរថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ម្ចាស់ហ្វេសប៊ុកផេក «ឡាយ ហ្វាម (Life Film)» លោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿង អប់រំបែបរោលរាល អាសអាភាស រួមទាំងលោក សេក ដារ័ត្ន (ហៅ) ខេនឌី បានចូលទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ តាមដីការបញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ ហើយម្ចាស់ហ្វេសប៊ុកផេក «ឡាយហ្វាម (Life Film)» លោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿង រួមទាំងលោក សេក ដារ័ត្ន (ហៅ) ខេនឌី និងបក្សពួកបានថតឡាយ និងផលិតវីដេអូរឿងអប់រំបែបរោលរាលចែកចាយតាមបណ្តាញសង្គម ដើម្បីយកភាពល្បីល្បាញ និងរកប្រាក់ចំណូលពីបណ្តាញសង្គម។ ចំណែកនារីៗជាតួសម្តែងមិនបានពេញចិត្តទៅនឹងការផលិតវីដេអូនេះ ទើបស្នើសុំឱ្យលោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿង និងជាម្ចាស់ផេក «ឡាយ្វ ហ្វាម Life Film» សុំមិនឱ្យចេញឈុតឆាករឿងរោ.លរា.លបែបនេះនៅលើបណ្តាញសង្គម ព្រោះប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងក្រុមគ្រួសារ និងសង្គមជាតិផងដែរ។

ផ្ទុយទៅវិញ អ្នកដឹកនាំថតរឿង លោក ឈួន សុខលីម មិនព្រមតាមការស្នើសុំរបស់នារីជាតួសម្តែងនោះឡើយ គឺកាន់តែបង្ហោះចែកចាយ និងផ្សព្វផ្សាយនៅលើបណ្តាយសង្គមថែមទៀតផង រហូតឈានទៅដល់ការប្តឹងផ្តល់ពីសំណាក់នារីៗជាតួសម្តែងទាំង៤នាក់នោះ។ អង្គហេតុដូចបានរៀបរាប់ខាងលើ ទើបតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនទៅសាកសួរ ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការ៕

website_news/2023280704.txt · Last modified: 2023/07/28 10:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki