website_news:2023280801

អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវបានបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស

https://www.postkhmer.com/national/2023-08-24-1839-253890.html ជា សុខនី | Publication date 24 August 2023 | 18:39 ICT

ភ្នំពេញៈ ក្រសួងមហាផ្ទៃ និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានសហការគ្នារៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ទៅដល់អាជ្ញាធរថ្នាក់ក្រោមជាតិក្នុងខេត្តព្រៃវែង និងកំពង់ធំ ដើម្បីឱ្យមន្ត្រីទាំងនោះផ្តល់សេវាគាំពារសមស្របបានទាន់ពេលវេលា។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែសីហា ក្រោមអធិបតីលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងលោកស្រី គ្រីស្ទីន ផាកូ ប្រធានបេសកកម្មអង្គការIOM ប្រចាំកម្ពុជា រួមជាមួយនិងមន្ត្រីក្រសួងសង្គមកិច្ចផងដែរ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោកស្រី ជូ ប៊ុនអេង។ ប្រភពដដែលបានឱ្យដឹងទៀតថា សិក្ខាកាមដែលអញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានលោក លោកស្រី ជាមន្រ្តីថ្នាក់ក្រោមជាតិអាជ្ញាធរដែនដី អភិបាល អភិបាលរងស្រុក ស្នងការរង អធិការ អធិការរង និងមន្រ្តីនគរបាលដែលអញ្ជើញមកពីខេត្តព្រៃវែង និងខេត្តកំពង់ធំ។

លោកស្រី ជូ ប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ការបើកវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្រ្តីអ្នកអនុវត្តន៍ការងារ ថ្នាក់ក្រោមជាតិ ឱ្យទទួលបានចំណេះដឹង ក្នុងការសង្កេត សាកសួរ ប្រមូលព័ត៌មាន ស្វែងរកភាពរងគ្រោះរបស់បុគ្គល ដែលសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្ស ឱ្យអាចសន្និដ្ឋានឈានទៅធ្វើការសន្មតជាបណ្តោះអាសន្នថា «ជាជនរងគ្រោះ» ដើម្បីផ្តល់កិច្ចការពារ ការគាំពារ និងផ្តល់សេវាសមស្របជួយជនរងគ្រោះឱ្យបានទាន់ពេលវេលា ប្រកបដោយមនុស្សធម៌ មិនរើសអើង ដោយមិនទាន់គិតអំពីការសង្កេត ស្រាវជ្រាវផ្សេងទៀតតាមនីតិវិធីតុលាការដែលចាំបាច់។

លោកស្រីបញ្ជាក់ថា៖ «មន្ត្រីថ្នាក់មូលដ្ឋាន ដែលស្ថិតក្រោមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានរចនាសម្ព័ន្ធច្បាស់លាស់ណាស់ ប៉ុន្តែបែរជាបណ្តែតបណ្តោយឱ្យមានឧក្រិដ្ឋជន ធ្វើសកម្មភាពបានទៅវិញ។ ប្រការនេះហើយ ដែលយើងមិនចង់ឃើញឈ្មោះមន្ត្រី មានតែនៅក្នុងរចនាសម្ព័ន្ធលើក្រដាស ហើយគ្មានសកម្មភាពជាក់ស្តែង»។

ជុំវិញរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងថា ការរៀបចំរបស់ក្រសួងក្នុងការពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងទៅដល់អាជ្ញាធរថ្នាក់ក្រោមជាតិទាក់ទងនឹងការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សគឺជារឿងចាំបាច់។ លោកថា៖« ពីព្រោះមិនថានៅកម្ពុជា ឬបណ្ដាប្រទេសផ្សេងនោះទេ អំពើជួញដូរមនុស្សនៅតែជាក្ដីបារម្ភ ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅតែដាក់ចំណាត់ថ្នាក់កម្ពុជាចូលទៅក្នុងបញ្ជីខ្មៅនៃអំពើជួញដូរមនុស្ស»។ លោកបន្តថា ដូច្នេះហើយកម្ពុជា ត្រូវតែមានយន្តការ និងការរៀបចំឱ្យបានត្រឹមត្រូវនៅក្នុងការជួយលើកកម្ពស់ទៅលើជនរងគ្រោះដោយអំពើជួញដូរមនុស្ស ជាពិសេសគឺការស្ដារនីតិសម្បទាជនរងគ្រោះទាំងនោះឡើងវិញ។

លោក អំ សំអាត លើកឡើងថា៖ «ស្ថានភាពបច្ចុប្បន្ននេះ ខ្ញុំយល់ថាការផ្ដល់សេវាគាំពារពីអាជ្ញាធរមូលដ្ឋានដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស គឺវានៅមិនទាន់គ្រប់គ្រាន់នោះទេ និងមិនទាន់មានការឆ្លើយតបទាន់ពេលវេលាសម្រាប់គាត់ ពីព្រោះបញ្ហានៃការគាំពារទៅលើជនរងគ្រោះនៅមានការរើសអើង និងមិនសមស្របតាមស្ថានភាពសង្គម។ជាពិសេសគឺមិនសូវមានមណ្ឌល ឬក៏កន្លែងសុវត្ថិភាពសម្រាប់ពួកគាត់ស្នាក់នៅបណ្ដោះអាសន្ននៅក្នុងដំណើររឿងក្ដី ពីព្រោះបញ្ហាខ្លះទាក់ទងនឹងសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួនរបស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមគ្រួសារ វាក៏ជារឿងសំខាន់ដែរ»។

ពាក់ព័ន្ធបញ្ហានៃការជួញដូរមនុស្សនេះ ក្រៅពីការផ្ដល់វគ្គបណ្ដុះបណ្ដាលទៅដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ឱ្យមានចំណេះដឹង និងសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណនៃជនរងគ្រោះដោយអំពើជួញដូរមនុស្សហើយ លោកអំ សំអាត សង្ឃឹមថា អាជ្ញាធរថ្នាក់ក្រោមជាតិ នឹងផ្ដល់កិច្ចគាំពារឱ្យល្អប្រសើរ និងពេញលេញសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្សផងដែរ៕

website_news/2023280801.txt · Last modified: 2023/08/28 10:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki