website_news:2023280802

កម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ជាមួយដៃគូសន្ទនាបូក ៣ ស្តីពីសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

https://www.postkhmer.com/national/2023-08-24-1734-253881.html សំបាន ច័ន្ទដារ៉ា | Publication date 24 August 2023 | 17:34 ICT

ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក សុខ ផល និងគណៈប្រតិភូកម្ពុជា បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអាស៊ាន ជាមួយដៃគូសន្ទនាបូក ៣ នៅឥណ្ឌូនេស៊ី ស្តីអំពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សំដៅពង្រឹងការរៀបចំ និងចាត់ចែងអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពក្នុងរង្វង់ប្រទេសជាដៃគូ។ ជំនួបប្រជុំពិគ្រោះថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៧ នេះ ធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ ឥណ្ឌូនេស៊ី ដែលមានការចួលរួមពីតំណាងប្រទេសជាសមាជិកអាស៊ាននានា និងប្រទេសដៃគូសន្ទនារួមមាន ចិន កូរ៉េខាងត្បូង និងជប៉ុន។ នេះបើយោងតាមការប្រកាសពីក្រសួងមហាផ្ទៃ។

នៅក្នុងអង្គប្រជុំ អាស៊ាននិងដៃគូ បានផ្លាស់ប្តូរទស្សនៈយោបល់គ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការរួមគ្នាប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្តល់យោបល់បន្តពង្រឹងសហប្រតិបត្តិការបន្ថែមរវាងអាស៊ាននិងប្រទេសជាដៃគូសំដៅ រៀបចំ ចាត់ចែងឱ្យមានប្រសិទ្ធភាពនូវផែនការដែលខ្លួនដាក់ចេញនិងឯកភាពកន្លងមក។ បន្ទាប់ពីនេះ លោក សុខ ផល ក៏បានចូលរួមក្នុងពិធីផ្ទេរតំណែងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៨ (18th AMMTC) ដែលនឹងត្រូវប្តូរវេនពីឥណ្ឌូនេស៊ីទៅកាន់ឡាវ ផងដែរ ខណៈឡាវនឹងធ្វើជាម្ចាស់ផ្ទះនៅខែសីហា ឆ្នាំ២០២៤។

ក្រៅពីនោះ លោក សុខ ផល បានជួបពិភាក្សាកាងារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិនលោក ស៊ី ថាថុង ផង ដោយភាគីទាំង២ កោតសរសើរនិងវាយតម្លៃខ្ពស់ទំនាក់ទំនងនិងកិច្ចសហការល្អរវាងគ្នានិងគ្នាកន្លងទៅប៉ុន្មានឆ្នាំមកនេះ។ ភាគីទាំង២ ក៏បានពិភាក្សានិងប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសឆ្លងដែន តាមរយៈយន្តការតំបន់ និងក្របខ័ណ្ឌមេគង្គ-ឡានឆាង ផងដែរ។

លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ពិតជាមានសារៈសំខាន់ណាស់ដែលជាយន្តការពហុភាគីដើម្បីទប់ស្កាត់បញ្ហាសន្តិសុខជាប្រពៃណីលើបទល្មើសឆ្លងដែនខណៈប្រទេសដៃគូសន្ទនាតួយ៉ាង ចិន កូរ៉េខាងត្បូង ជប៉ុន ជាដើមសុទ្ធសឹងតែជាប្រទេសដែលមានសក្តានុពលសម្រាប់ការគាំទ្រក្នុងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន។

លោក គិន ភា ថ្លែងថា៖«កន្លងមកកិច្ចសហការក្នុងក្របខ័ណ្ឌអាស៊ានលើការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននេះមានលក្ខណៈល្អ ព្រោះជាបញ្ហារួមដែលត្រូវដោះស្រាយ ព្រោះបទល្មើសនេះ ត្រូវការយន្តការពហុភាគី»។ លោក ថ្លែងថា ក្នុងបញ្ហាសន្តិសុខតំបន់នេះ ឧក្រិដ្ឋកម្មឆ្លងដែនជាបទល្មើសធំដែលទាមទារបណ្តាប្រទេសនានារួមគ្នាដោះស្រាយ ដែលគ្មានប្រទេសណាមួយជាឯកតោភាគីអាចសម្រេចបានដោយជោគជ័យឡើយ ពោលគឺពហុភាគីនិយមដែលជាយន្តការគន្លឹះ៕

website_news/2023280802.txt · Last modified: 2023/08/28 10:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki