website_news:2023280803

អាជ្ញាធរថៃ នឹងដោះលែងពលរដ្ឋខ្មែរធ្វើការខុសច្បាប់ ចំនួន ៥ នាក់ នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ

https://www.kampucheathmey.com/local-news/565951 ថ្ងៃសុក្រ ២៥ សីហា ២០២៣ដោយ Inn Pisey

អាជ្ញាធរថៃ នឹងដោះលែងពលរដ្ឋខ្មែរចំនួន ៥ នាក់ ដែលធ្វើការខុសច្បាប់នៅប្រទេសថៃ ឲ្យវិលមកកម្ពុជាវិញ នាថ្ងៃអង្គារ សប្ដាហ៍ក្រោយ បន្ទាប់ពីមានការជួយសម្របសម្រួលពីអនុព័ន្ធការងារកម្ពុជា និងស្ថានទូតកម្ពុជា។

សូមបញ្ជាក់ថា អាជ្ញាធរថៃ កាលពីថ្ងៃទី ១៩ ខែសីហានេះ បានចាប់ខ្លួនពលរដ្ឋខ្មែរចំនួន ៥ នាក់ ដែលកំពុងប្រកបរបររកស៊ីខុសច្បាប់នៅប្រទេសថៃ។ ភ្លាមៗ ស្ថានទូតខ្មែរ ប្រចាំប្រទេសថៃ បានឲ្យអនុព័ន្ធការងារចេញទៅដោះស្រាយ និងសម្របសម្រួល និងស្វែងយល់ពីបញ្ហា ដើម្បីស្វែងរកការដោះស្រាយ។ អនុព័ន្ធការងារប្រចាំស្ថានទូត ប្រាប់អ្នកសារព័ត៌មានថា ក្រោមការសម្របសម្រួលដ៏ជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ អាជ្ញាធរថៃ បានអនុញ្ញាតឲ្យពលរដ្ឋខ្មែរទាំង ៥ រូប អាចវិលមកកាន់កម្ពុជា នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ សប្តាហ៍ក្រោយនេះ។

ទន្ទឹមនឹងនេះ លោកបានអំពាវនាវឲ្យពលរដ្ឋខ្មែរដែលចង់ធ្វើការនៅប្រទេសថៃ សូមធ្វើជាពលករស្របច្បាប់ទៅតាមទីភ្នាក់ងារក្រុមហ៊ុនឯកជនដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលស្គាល់ជាផ្លូវការ ព្រោះការធ្វើការដោយមិនស្របច្បាប់ មានភាពប្រថុយប្រថាន និងគ្រោះថ្នាក់ និងបាត់បង់អត្ថប្រយោជន៍ ប៉ុន្តែការបម្រើការងារស្របច្បាប់វិញ មិនធ្វើឲ្យពលរដ្ឋខ្មែរមានហានិភ័យការងារ និងទទួលបានអត្ថប្រយោជន៍របស់ប្រទេសជាដៃគូ។ លោកបន្តថា ស្ថានទូតខ្មែរ និងអនុព័ន្ធការងារកម្ពុជានៅប្រទេសថៃ មិនបានព្រងើយកន្តើយចំពោះសុខទុក្ខរបស់ពលរដ្ឋដែលប្រឈមនឹងបញ្ហាទាំងនេះឡើយ។

បន្ថែមពីនេះ អនុព័ន្ធការងារកម្ពុជាប្រចាំប្រទេសថៃ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងទៅធ្វើការនៅបរទេស សូមចេញទៅដោយស្របច្បាប់ និងសុវត្ថិភាព ព្រមទាំងទទួលអត្ថប្រយោជន៍ផ្សេងៗ ស្របទៅតាមច្បាប់នៅប្រទេសទទួល ដូចនេះពលរដ្ឋខ្មែរអាចចុះឈ្មោះទៅធ្វើការតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនទទួលការអនុញ្ញាតពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅបរទេស៕

website_news/2023280803.txt · Last modified: 2023/08/28 10:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki