website_news:2023280804

កិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៣ របស់លេខាធិការដ្ឋាន នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

https://www.information.gov.kh/articles/111774 ចេញផ្សាយ ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៣

នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ លេខាធិការដ្ឋាននៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (ហៅកាត់ថា គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៣ ដឹកនាំកិច្ចប្រជុំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត និងមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ព័ន្ឋ រដ្ឋបាលក្រុង ស្រុក មន្ត្រីនគរបាលយុត្តិធម៌ តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ឋ សរុប ៦២នាក់ ស្រី៣៥នាក់។

កិច្ចប្រជុំបាន ពិនិត្យទៅលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៣ ពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារបានអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមគ្រប់រូបភាព ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅតាមមូលដ្ឋានភូមិ ឃុំ ដូចជា ធ្វើការផ្សព្វផ្សាយច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ការជួញដូរមនុស្សឆ្លងដែន កិច្ចការពារជនរងគ្រោះជាពិសេសកុមារ និងការជួញដូរមនុស្សឆ្លងដែន ខុសច្បាប់ជាដើម។ល។

កិច្ចប្រជុំក៏បានលើកយកបញ្ហាមួយចំនួនទៀត យកមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើ រំលោភបំពានផ្សេងៗ និងបញ្ហាខ្លះៗពាក់ព័ន្ធទៅនឹងការចំណាកស្រុក ការស្មុំកូន ករណីរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ អំពើសញ្ចារកម្ម ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ទំនាក់ទំនងរវាងទេសន្តប្រវេសន៍ និងអំពើជួញដូរមនុស្ស ព្រមទាំងបទល្មើសពាក់ព័ន្ធដទៃទៀតជាដើម។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះដែរ លោកស្រី យូ សុភា បានចាត់ទុក អំពើជួញដូរមនុស្ស គឺជាវិបត្តិសកលមួយដែល បណ្តាប្រទេសជាច្រើនបានជួបប្រទះ ដោយក្នុងនោះដែរប្រទេសកម្ពុជា ក៏បានទទួលរងនូវវិបត្តិនេះ ដែលធ្វើឲ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មានការព្រួយបារម្ភជាខ្លាំង ។លោកស្រី យូ សុភា ក៏បានមានប្រសាសន៍ជម្រុញឲ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការគ្នាឲ្យកាន់ស្អិតរមួតលើការអនុវត្តនីតិវិធីនានា ការបង្ក្រាបបទល្មើស ការជួយសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា ពងឹ្រងសមត្ថភាព និងពង្រីកការផ្សព្វផ្សាយដល់សិស្សានុសិស្ស នៅតាមគ្រិះស្ថានសិក្សារបស់រដ្ឋ ឲ្យបានទូលំទូលាយ ដើម្បីបង្រ្កាប និងផ្តន្ទាទោសដល់ជនល្មើសឲ្យខាងតែបាន ជាពិសេសសហការពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីការឆបោក ការបៀតបៀន និងការរំលោភបំពានគ្រប់រូបភាពតាមប្រព័ន្ឋអនឡាញ និងធ្វើការបណ្តុះបណ្តាលទៅដល់លោកគ្រូ អ្នកគ្រូក្រុមប្រឹក្សាកុមារ ឱ្យក្លាយជាជនបង្គោល ដើម្បីធ្វើការផ្សព្វផ្សាយបន្តទៅដល់សិក្សានុសិស្សឱ្យបានទូលំទូលាយ៕ អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន

website_news/2023280804.txt · Last modified: 2023/08/28 10:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki